គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូអែល 2:26-36 ព្រះគម្ពីរបរិសុទ្ធ (KHOV)

26. ឯ​សាំយូ‌អែល ជា​ក្មេង​នោះ​ក៏​ចេះ​តែ​មាន​វ័យ​ចំរើន​ធំ​ឡើង ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​គាប់​ចិត្ត​ដល់​មនុស្ស​លោក​កាន់​តែ​ច្រើន​ឡើង​ផង។

27. គ្រា​នោះ មាន​អ្នក​សំណប់​របស់​ព្រះ​មក​ឯ​អេលី​ពោល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​យ៉ាង​ដូច្នេះ តើ​អញ​មិន​បាន​លេច​មក ឲ្យ​ពួក​វង្ស​នៃ​អយ្យកោ​ឯង​ឃើញ ពី​កាល​ដែល​គេ​នៅ​ក្នុង​ដំណាក់​ផារ៉ោន នៅ​ស្រុក​អេស៊ីព្ទ​ទេ​ឬ​អី

28. តើ​អញ​មិន​បាន​រើស​យក​គេ ពី​ពូជ​អំបូរ​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន មក​ធ្វើ​ជា​សង្ឃ​ដល់​អញ ឲ្យ​បាន​ពាក់​អេផូឌ ឡើង​ទៅ​ឯ​អាសនា​អញ ដើម្បី​នឹង​ដុត​គ្រឿង​ក្រអូប​នៅ​មុខ​អញ ព្រម​ទាំង​ចែក​ដង្វាយ​ទាំង​ប៉ុន្មាន​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដុត​ថ្វាយ ឲ្យ​ដល់​ពួក​គ្រួ​អយ្យកោ​ឯង​ផង​ទេ​ឬ​អី

29. បើ​ដូច្នេះ ហេតុ​អ្វី​បាន​ជា​ឯង​រាល់​គ្នា​ជាន់​ឈ្លី​យញ្ញ‌បូជា និង​ដង្វាយ​របស់​អញ​ទាំង​ប៉ុន្មាន ដែល​អញ​បាន​បង្គាប់​ឲ្យ​ថ្វាយ​នៅ​ក្នុង​ដំណាក់​អញ ដោយ​រាប់​អាន​កូន​ឯង​ជា​ជាង​អញ​វិញ ដើម្បី​នឹង​ធ្វើ​ឲ្យ​ខ្លួន​ធាត់​ធំ ដោយ‌សារ​ចំណែក​វិសេស​ជាង​គេ​ក្នុង​អស់​ទាំង​ដង្វាយ​នៃ​សាសន៍​អ៊ីស្រា‌អែល ជា​រាស្ត្រ​របស់​អញ​ដូច្នេះ

30. ហេតុ​នោះ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​បាន​សន្យា​ឲ្យ​ពួក​គ្រួ​ឯង និង​វង្ស​ព្ធយុ‌កោ​ឯង បាន​ដើរ​នៅ​មុខ​អញ​ជា​ដរាប​ទៅ តែ​ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​យ៉ាង​នេះ​វិញ​ថា សូម​ឲ្យ​គំនិត​នោះ​បាន​ឆ្ងាយ​ចេញ​ពី​អញ​ទៅ ដ្បិត​អស់​អ្នក​ណា​ដែល​លើក​ដំកើង​អញ នោះ​អញ​នឹង​ដំកើង​អ្នក​នោះ​ឡើង​ដែរ ហើយ​អ្នក​ណា​ដែល​មើល‌ងាយ​ដល់​អញ នោះ​អញ​ក៏​មិន​រាប់​អាន​ដល់​គេ​ដែរ

31. មើល នឹង​មាន​គ្រា​មក​ដល់ នោះ​អញ​នឹង​កាត់​អំណាច​របស់​ឯង​ចេញ ព្រម​ទាំង​អំណាច​នៃ​ពួក​វង្ស​អយ្យកោ​ឯង​ដែរ រហូត​ដល់​គ្មាន​មនុស្ស​ចាស់​នៅ​ក្នុង​ជំនួរ‌វង្ស​ឯង​ឡើយ

32. នៅ​កណ្តាល​គ្រប់​ទាំង​ការ​ចំរើន ដែល​ព្រះ​ទ្រង់​នឹង​ប្រោស​ប្រទាន​ដល់​សាសន៍​អ៊ីស្រា‌អែល នោះ​ឯង​នឹង​ឃើញ​មាន​ទុក្ខ​វេទនា​កើត​ដល់​ពួក​គ្រួសារ​ឯង​វិញ ហើយ​នឹង​គ្មាន​មនុស្ស​ចាស់​នៅ​ក្នុង​ជំនួរ‌វង្ស​ឯង​ជា​ដរាប​ទៅ

33. អញ​មិន​កាត់​ពួក​ឯង​ទាំង​អស់​ចេញ​ពី​អាសនា​អញ​ទេ ចំណែក​អ្នក​ដែល​អញ​មិន​កាត់​ចេញ នោះ​នឹង​បាន​សំរាប់​នាំ​ឲ្យ​ស្រវាំង​ដល់​ភ្នែក​ឯង ហើយ​នឹង​បញ្ឈឺ​ចិត្ត​ឯង​វិញ ឯ​ពូជ​ដែល​ចំរើន​នៅ​ក្នុង​គ្រួ​ឯង គេ​នឹង​ស្លាប់​ទៅ ពី​កាល​កំពុង​នៅ​ពេញ​វ័យ

34. នេះ​ជា​ទី​សំគាល់​ដល់​ឯង ជា​ការ​ដែល​ត្រូវ​កើត​ដល់​ហុបនី និង​ភីនេ‌ហាស កូន​ឯង​ទាំង​២ គឺ​គេ​នឹង​ស្លាប់​ទៅ​ទាំង​២​នាក់​នៅ​ថ្ងៃ​តែ​១

35. រួច​អញ​នឹង​បង្កើត​ឲ្យ​មាន​សង្ឃ​១​ដែល​ស្មោះ‌ត្រង់​ដល់​អញ ជា​អ្នក​ដែល​នឹង​ធ្វើ​តាម​ចិត្ត​តាម​គំនិត​អញ​វិញ ហើយ​អញ​នឹង​បង្កើត​ឲ្យ​អ្នក​នោះ​មាន​គ្រួ​ដ៏​រឹង‌ប៉ឹង អ្នក​នោះ​នឹង​ដើរ​នៅ​ចំពោះ​អ្នក​ដែល​អញ​ចាក់​ប្រេង​តាំង​ឲ្យ ជា​រៀង​រាប​ដរាប​ទៅ

36. គ្រា​នោះ ពួក​អ្នក​ដែល​នៅ​សល់​ពី​ពួក​គ្រួ​ឯង គេ​នឹង​មក​លុត​ក្រាប​ចំពោះ​អ្នក​នោះ ដើម្បី​ឲ្យ​បាន​ប្រាក់ ហើយ​នឹង​នំបុ័ង ដោយ​ពាក្យ​ថា សូម​ឲ្យ​ខ្ញុំ​បាន​ធ្វើ​ការ‌ងារ​នៃ​ពួក​សង្ឃ​ណា​មួយ ដើម្បី​ឲ្យ​បាន​អាហារ​បរិភោគ​ផង។

សូមអានជំពូកពេញលេញ ១ សាំយូអែល 2