គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូអែល 18:20-29 ព្រះគម្ពីរបរិសុទ្ធ (KHOV)

20. ឯ​មីកាល ជា​បុត្រី​សូល នាង​ប្រតិ‌ព័ទ្ធ​ស្រឡាញ់​ដល់​ដាវីឌ​ណាស់ ហើយ​មាន​គេ​នាំ​ដំណឹង​ទៅ​ក្រាប​ទូល​ដល់​សូល ការ​នោះ​ក៏​គាប់​ព្រះ‌ទ័យ​ដល់​ទ្រង់

21. ដោយ​បំណង​ថា អញ​នឹង​ឲ្យ​នាង​ទៅ​វា​ចុះ ដើម្បី​ឲ្យ​បាន​ជា​អន្ទាក់​ដល់​វា ហើយ​ឲ្យ​ដៃ​នៃ​ពួក​ភីលីស្ទីន​បាន​ទាស់​នឹង​វា ដូច្នោះ​សូល​មាន​ព្រះ‌បន្ទូល​ទៅ​ដាវីឌ​ថា នៅ​ថ្ងៃ​នេះ ឯង​នឹង​ធ្វើ​ជា​កូន​ប្រសា​អញ ដោយ‌សារ​នាង​បន្ទាប់​នេះ​វិញ។

22. សូល​ទ្រង់​ក៏​បង្គាប់​ដល់​ពួក​មហា‌តលិក​ថា ចូរ​និយាយ​ប្រលោម​ដាវីឌ​ដោយ​សំងាត់​ថា មើល ស្តេច​ទ្រង់​សព្វ​ព្រះ‌ទ័យ​នឹង​លោក​ណាស់ ហើយ​ពួក​មហា‌តលិក​ទាំង​អស់​គ្នា​ក៏​ស្រឡាញ់​ដល់​លោក​ដែរ ដូច្នេះ សូម​លោក​ធ្វើ​ជា​កូន​ប្រសា​របស់​ស្តេច​ទៅ

23. ពួក​មហា‌តលិក​ក៏​ថ្លែង​សេចក្តី​ទាំង​នោះ​ប្រាប់​ត្រចៀក​ដាវីឌ តែ​លោក​ឆ្លើយ​ថា អ្នក​រាល់​គ្នា​ស្មាន​ថា ដែល​ធ្វើ​ជា​កូន​ប្រសា​របស់​ស្តេច នោះ​ជា​ការ​ងាយ​ឬ ឯ​ខ្ញុំ​ជា​មនុស្ស​ក្រីក្រ ហើយ​ស្តេច​មិន‌សូវ​រាប់​អាន​ផង

24. នោះ​ពួក​មហា‌តលិក​ក៏​នាំ​សេចក្តី​ទៅ​ក្រាប​ទូល​ដល់​ទ្រង់ អំពី​ដាវីឌ​បាន​និយាយ​យ៉ាង​នោះ

25. រួច​សូល​ទ្រង់​បង្គាប់​ថា ចូរ​ឯង​រាល់​គ្នា​ទៅ​និយាយ​នឹង​ដាវីឌ​ដូច្នេះ​ចុះ ថា​ស្តេច​មិន​ចង់​បាន​បណ្តា‌ការ​អ្វី​ទេ ទ្រង់​សព្វ​ព្រះ‌ទ័យ ចង់​បាន​តែ​ស្បែក​នៃ​ស្រោម​ចុង​ស្វាស របស់​ពួក​ភីលីស្ទីន​១០០​ប៉ុណ្ណោះ ដើម្បី​ឲ្យ​បាន​សង‌សឹក​នឹង​ពួក​ខ្មាំង​សត្រូវ​ទ្រង់ តែ​គំនិត​សូល​ទ្រង់​គិត​តែ​ឲ្យ​ដាវីឌ​បាន​ស្លាប់​ដោយ​ដៃ​ពួក​ភីលីស្ទីន​ទេ

26. ដូច្នេះ កាល​ពួក​មហា‌តលិក​បាន​នាំ​សេចក្តី​ទៅ​ប្រាប់​ដល់​ដាវីឌ​វិញ​ហើយ នោះ​លោក​ក៏​សុខ​ចិត្ត នឹង​ធ្វើ​ជា​កូន​ប្រសា​របស់​ស្តេច​ដែរ ឯ​ពេល​កំណត់​ដែល​ត្រូវ​យក​មក មិន​ទាន់​សំរេច​នៅ​ឡើយ

27. បាន​ជា​ដាវីឌ​ក្រោក​ឡើង​ចេញ​ទៅ ព្រម​ទាំង​នាំ​ពួក​កង​របស់​លោក​ទៅ​ផង រួច​សំឡាប់​ពួក​ភីលីស្ទីន​បាន​២០០​នាក់ ហើយ​លោក​នាំ​យក​ស្បែក​ស្រោម​ចុង​ស្វាស​របស់​គេ មក​ថ្វាយ​ស្តេច​គ្រប់​ចំនួន​នោះ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​កូន​ប្រសា​ស្តេច នោះ​សូល​ទ្រង់​ប្រទាន​នាង​មីកាល ជា​បុត្រី ទៅ​ធ្វើ​ជា​ប្រពន្ធ​លោក​ទៅ

28. សូល​ទ្រង់​ក៏​យល់​ឃើញ ហើយ​ជ្រាប​ថា ព្រះ‌យេហូវ៉ា​ទ្រង់​គង់​ជា​មួយ​នឹង​ដាវីឌ ឯ​នាង​មីកាល ជា​បុត្រី​សូល ក៏​ប្រតិ‌ព័ទ្ធ​ស្រឡាញ់​ដល់​លោក

29. ដូច្នេះ សូល​ទ្រង់​ខ្លាច​ដាវីឌ​រឹត​តែ​ខ្លាំង​ឡើង​ទៀត ក៏​ធ្វើ​ជា​អ្នក​សត្រូវ​នឹង​លោក​ជា​ដរាប​ទៅ។

សូមអានជំពូកពេញលេញ ១ សាំយូអែល 18