គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូអែល 18:16-30 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. តែ​ពួក​អ៊ីស្រា‌អែល និង​ពួក​យូដា​ទាំង​ប៉ុន្មាន​គេ​ដិត​ចិត្ត​ស្រឡាញ់​ដល់​ដាវីឌ ពី​ព្រោះ​លោក​ជា​អ្នក​នាំ​មុខ​គេ​ចេញ​ចូល។

17. នៅ​គ្រា​នោះ សូល​មាន​ព្រះ‌បន្ទូល​ទៅ​ដាវីឌ​ថា មើល​អញ​នឹង​ឲ្យ​នាង​ម៉្រាប ជា​កូន​ច្បង​របស់​អញ ទៅ​ធ្វើ​ជា​ប្រពន្ធ​ឯង ឲ្យ​តែ​ឯង​បាន​ធ្វើ​ជា​អ្នក​ក្លាហាន សំរាប់​អញ ហើយ​ច្បាំង​ចំបាំង​នៃ​ព្រះ‌យេហូវ៉ា​ចុះ ពី​ព្រោះ​សូល​មាន​បំណង​ថា កុំ​ឲ្យ​ដៃ​អញ​ធ្វើ​វា​ឡើយ ទុក​ឲ្យ​ដៃ​នៃ​ពួក​ភីលីស្ទីន​ធ្វើ​វិញ​ចុះ

18. ដាវីឌ​ទូល​ឆ្លើយ​នឹង​សូល​ថា តើ​ទូល‌បង្គំ​ជា​អ្វី ឬ​ជីវិត​ទូល‌បង្គំ​វិសេស​យ៉ាង​ណា ឬ​គ្រួ​នៃ​ឪពុក​ទូល‌បង្គំ​ជា​អ្វី​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល បាន​ជា​សព្វ​ព្រះ‌ទ័យ​ឲ្យ​ទូល‌បង្គំ​ធ្វើ​ជា​កូន​ប្រសា​នៃ​ទ្រង់​ព្រះ‌ករុណា​ដូច្នេះ

19. តែ​ដល់​វេលា​ដែល​ត្រូវ​ឲ្យ​នាង​ម៉្រាប ជា​បុត្រី​សូល​ទៅ​ដាវីឌ នោះ​ត្រឡប់​ទៅ​ជា​បាន​លើក​ទៅ​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​អ័ទ្រី‌អែល ជា​ពួក​មហូឡា​វិញ

20. ឯ​មីកាល ជា​បុត្រី​សូល នាង​ប្រតិ‌ព័ទ្ធ​ស្រឡាញ់​ដល់​ដាវីឌ​ណាស់ ហើយ​មាន​គេ​នាំ​ដំណឹង​ទៅ​ក្រាប​ទូល​ដល់​សូល ការ​នោះ​ក៏​គាប់​ព្រះ‌ទ័យ​ដល់​ទ្រង់

21. ដោយ​បំណង​ថា អញ​នឹង​ឲ្យ​នាង​ទៅ​វា​ចុះ ដើម្បី​ឲ្យ​បាន​ជា​អន្ទាក់​ដល់​វា ហើយ​ឲ្យ​ដៃ​នៃ​ពួក​ភីលីស្ទីន​បាន​ទាស់​នឹង​វា ដូច្នោះ​សូល​មាន​ព្រះ‌បន្ទូល​ទៅ​ដាវីឌ​ថា នៅ​ថ្ងៃ​នេះ ឯង​នឹង​ធ្វើ​ជា​កូន​ប្រសា​អញ ដោយ‌សារ​នាង​បន្ទាប់​នេះ​វិញ។

22. សូល​ទ្រង់​ក៏​បង្គាប់​ដល់​ពួក​មហា‌តលិក​ថា ចូរ​និយាយ​ប្រលោម​ដាវីឌ​ដោយ​សំងាត់​ថា មើល ស្តេច​ទ្រង់​សព្វ​ព្រះ‌ទ័យ​នឹង​លោក​ណាស់ ហើយ​ពួក​មហា‌តលិក​ទាំង​អស់​គ្នា​ក៏​ស្រឡាញ់​ដល់​លោក​ដែរ ដូច្នេះ សូម​លោក​ធ្វើ​ជា​កូន​ប្រសា​របស់​ស្តេច​ទៅ

23. ពួក​មហា‌តលិក​ក៏​ថ្លែង​សេចក្តី​ទាំង​នោះ​ប្រាប់​ត្រចៀក​ដាវីឌ តែ​លោក​ឆ្លើយ​ថា អ្នក​រាល់​គ្នា​ស្មាន​ថា ដែល​ធ្វើ​ជា​កូន​ប្រសា​របស់​ស្តេច នោះ​ជា​ការ​ងាយ​ឬ ឯ​ខ្ញុំ​ជា​មនុស្ស​ក្រីក្រ ហើយ​ស្តេច​មិន‌សូវ​រាប់​អាន​ផង

24. នោះ​ពួក​មហា‌តលិក​ក៏​នាំ​សេចក្តី​ទៅ​ក្រាប​ទូល​ដល់​ទ្រង់ អំពី​ដាវីឌ​បាន​និយាយ​យ៉ាង​នោះ

25. រួច​សូល​ទ្រង់​បង្គាប់​ថា ចូរ​ឯង​រាល់​គ្នា​ទៅ​និយាយ​នឹង​ដាវីឌ​ដូច្នេះ​ចុះ ថា​ស្តេច​មិន​ចង់​បាន​បណ្តា‌ការ​អ្វី​ទេ ទ្រង់​សព្វ​ព្រះ‌ទ័យ ចង់​បាន​តែ​ស្បែក​នៃ​ស្រោម​ចុង​ស្វាស របស់​ពួក​ភីលីស្ទីន​១០០​ប៉ុណ្ណោះ ដើម្បី​ឲ្យ​បាន​សង‌សឹក​នឹង​ពួក​ខ្មាំង​សត្រូវ​ទ្រង់ តែ​គំនិត​សូល​ទ្រង់​គិត​តែ​ឲ្យ​ដាវីឌ​បាន​ស្លាប់​ដោយ​ដៃ​ពួក​ភីលីស្ទីន​ទេ

26. ដូច្នេះ កាល​ពួក​មហា‌តលិក​បាន​នាំ​សេចក្តី​ទៅ​ប្រាប់​ដល់​ដាវីឌ​វិញ​ហើយ នោះ​លោក​ក៏​សុខ​ចិត្ត នឹង​ធ្វើ​ជា​កូន​ប្រសា​របស់​ស្តេច​ដែរ ឯ​ពេល​កំណត់​ដែល​ត្រូវ​យក​មក មិន​ទាន់​សំរេច​នៅ​ឡើយ

27. បាន​ជា​ដាវីឌ​ក្រោក​ឡើង​ចេញ​ទៅ ព្រម​ទាំង​នាំ​ពួក​កង​របស់​លោក​ទៅ​ផង រួច​សំឡាប់​ពួក​ភីលីស្ទីន​បាន​២០០​នាក់ ហើយ​លោក​នាំ​យក​ស្បែក​ស្រោម​ចុង​ស្វាស​របស់​គេ មក​ថ្វាយ​ស្តេច​គ្រប់​ចំនួន​នោះ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​កូន​ប្រសា​ស្តេច នោះ​សូល​ទ្រង់​ប្រទាន​នាង​មីកាល ជា​បុត្រី ទៅ​ធ្វើ​ជា​ប្រពន្ធ​លោក​ទៅ

28. សូល​ទ្រង់​ក៏​យល់​ឃើញ ហើយ​ជ្រាប​ថា ព្រះ‌យេហូវ៉ា​ទ្រង់​គង់​ជា​មួយ​នឹង​ដាវីឌ ឯ​នាង​មីកាល ជា​បុត្រី​សូល ក៏​ប្រតិ‌ព័ទ្ធ​ស្រឡាញ់​ដល់​លោក

29. ដូច្នេះ សូល​ទ្រង់​ខ្លាច​ដាវីឌ​រឹត​តែ​ខ្លាំង​ឡើង​ទៀត ក៏​ធ្វើ​ជា​អ្នក​សត្រូវ​នឹង​លោក​ជា​ដរាប​ទៅ។

30. នៅ​គ្រា​នោះ ពួក​មេ​សាសន៍​ភីលីស្ទីន គេ​ចេះ​តែ​ទន្ទ្រាន​ចូល​មក តែ​វេលា​ណា​ដែល​គេ​ចូល​មក នោះ​ដាវីឌ​ក៏​តែង​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា លើស​ជាង​អស់​ពួក​មេ‌ទ័ព​ទាំង​ប៉ុន្មាន​នៃ​ស្តេច ដល់​ម៉្លេះ​បាន​ជា​គេ​ទុក​ចិត្ត​ពឹង​ដល់​ឈ្មោះ​លោក​ណាស់។

សូមអានជំពូកពេញលេញ ១ សាំយូអែល 18