គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូអែល 18:1-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. លុះ​កាល​ដាវីឌ​ទូល​ទៅ​សូល​រួច​ហើយ នោះ​ចិត្ត​យ៉ូណា‌ថាន​ក៏​មូល​ជាប់​នឹង​ចិត្ត​គាត់ ហើយ​យ៉ូណា‌ថាន​បាន​ស្រឡាញ់​ដាវីឌ​ទុក​ដូច​ជា​ខ្លួន​លោក​ដែរ

2. នៅ​ថ្ងៃ​នោះ សូល​ទ្រង់​ក៏​ទទួល​ដាវីឌ មិន​ឲ្យ​ត្រឡប់​ទៅ​ឯ​ផ្ទះ​ឪពុក​វិញ​ទៀត​ទេ

3. ខណៈ​នោះ យ៉ូណា‌ថាន​បាន​តាំង​សញ្ញា​នឹង​ដាវីឌ ពី​ព្រោះ​លោក​ស្រឡាញ់​ដាវីឌ​ដូច​ជា​ខ្លួន​របស់​លោក

4. លោក​ក៏​ដោះ​អាវ​ដែល​លោក​ពាក់ ប្រគល់​ឲ្យ​ដល់​ដាវីឌ ព្រម​ទាំង​សំលៀក‌បំពាក់​របស់​លោក និង​ដាវ ធ្នូ ហើយ​នឹង​ខ្សែ​ក្រវាត់​ផង

5. គ្រា​នោះ ដាវីឌ​ត្រាច់​ទៅ​គ្រប់​ទី​កន្លែង​តាម​ដែល​សូល​ទ្រង់​ប្រើ ហើយ​ក៏​តែង​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា រួច​មក​សូល​ទ្រង់​តាំង​គាត់​ឡើង ឲ្យ​ត្រួត‌ត្រា​លើ​ពួក​ទាហាន នោះ​ពួក​បណ្តា‌ជន និង​ពួក​មហា‌តលិក​របស់​សូល គេ​មាន​សេចក្តី​ពេញ​ចិត្ត​ជា​ខ្លាំង។

6. គ្រា​កាល​ដែល​គេ​ត្រឡប់​វិល​មក គឺ​នៅ​វេលា​ដែល​ដាវីឌ​មក​ពី​សំឡាប់​សាសន៍​ភីលីស្ទីន​ម្នាក់​នោះ​វិញ​ហើយ នោះ​ពួក​ស្រី​ទាំង‌ឡាយ ក៏​នាំ​គ្នា​ចេញ​ពី​ទី​ក្រុង​របស់​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន មក​ទទួល​ស្តេច​សូល​ដោយ​អំណរ ព្រម​ទាំង​ច្រៀង និង​លោត‌កញ្ឆេង ហើយ​បន្ទរ​ក្រាប់ និង​ប្រដាប់​ភ្លេង​ផ្សេងៗ

7. កំពុង​ដែល​គេ​លេង​ភ្លេង នោះ​ក៏​ច្រៀង​ឆ្លើយ‌ឆ្លង​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ពាក្យ​ថា សូល​ទ្រង់​បាន​សំឡាប់​ទាំង​ពាន់ ហើយ​ដាវីឌ​ទាំង​ម៉ឺន

8. ដូច្នេះ សូល​ទ្រង់​មាន​សេចក្តី​ខ្ញាល់​ជា​ខ្លាំង ដោយ​ពាក្យ​នោះ​នាំ​ឲ្យ​បង្អាក់​ដល់​ព្រះ‌ទ័យ​ទ្រង់ ហើយ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា គេ​បាន​រាប់​ជា​១​ម៉ឺន​ដល់​ដាវីឌ តែ​អញ​បាន​ត្រឹម​តែ​ពាន់​ទេ ដូច្នេះ វា​នៅ​ខ្វះ​តែ​សោយ‌រាជ្យ​ប៉ុណ្ណោះ​ទេ

9. ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក សូល​ទ្រង់​ចេះ​តែ​រំពៃ​មើល​ដាវីឌ ដោយ​ព្រះ‌នេត្រ​ដ៏​អាក្រក់។

10. លុះ​ថ្ងៃ​ស្អែក​ឡើង នោះ​វិញ្ញាណ​អាក្រក់​ពី​ព្រះ​ក៏​មក​សណ្ឋិត​លើ​សូល បណ្តាល​ឡើង​ជា​ខ្លាំង ហើយ​ទ្រង់​វក់​ដោយ​សេចក្តី​ក្រោធ​នៅ​កណ្តាល​ដំណាក់ មាន​ទាំង​ដែក​ពួយ​នៅ​ព្រះ‌ហស្ត​ផង ឯ​ដាវីឌ​ក៏​ចាប់​លេង​ភ្លេង​ឡើង​ដូច​កាល​សព្វ​១​ដង

11. ខណៈ​នោះ សូល​ទ្រង់​ក៏​ពួយ​ដែក​ពួយ​ទៅ ដោយ​នឹក​ថា អញ​នឹង​ចាក់​ទំលុះ​ដាវីឌ​ភ្ជាប់​នឹង​ជញ្ជាំង តែ​លោក​គេច​ផុត​ចេញ​ពី​ចំពោះ​ទ្រង់​ទៅ​អស់​វារៈ​២​ដង

12. ដូច្នេះ សូល​ទ្រង់​ក៏​ខ្លាច​ដល់​ដាវីឌ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​លោក តែ​បាន​ថយ​ចេញ​ពី​ទ្រង់​វិញ

13. ហេតុ​ដូច្នោះ​សូល​ទ្រង់​ក៏​ដក​ហូត​ដាវីឌ​ចេញ ហើយ​ដំរូវ​ឲ្យ​ធ្វើ​ជា​មេ‌ទ័ព​លើ​១​ពាន់​នាក់​វិញ រួច​ដាវីឌ​ក៏​តែង​នាំ​មុខ​បណ្តា​ទ័ព​ចេញ​ចូល

14. លោក​ចេះ​តែ​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​ក្នុង​គ្រប់​ទាំង​ផ្លូវ​របស់​លោក ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​គង់​ជា​មួយ​ផង

15. កាល​សូល​ទ្រង់​ឃើញ​ថា ដាវីឌ​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​ដូច្នោះ នោះ​ទ្រង់​កោត‌ខ្លាច​ដល់​លោក

សូមអានជំពូកពេញលេញ ១ សាំយូអែល 18