គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូអែល 17:51-58 ព្រះគម្ពីរបរិសុទ្ធ (KHOV)

51. រួច​ក៏​រត់​ទៅ​ឈរ​នៅ​លើ​វា ចាប់​ហូត​យក​ដាវ​របស់​វា​ចេញ​ពី​ស្រោម​មក​សំឡាប់​វា​ទៅ ព្រម​ទាំង​កាត់​បណ្តាច់​ក្បាល​ចេញ កាល​ពួក​ទ័ព​ភីលីស្ទីន​បាន​ឃើញ​ថា ទាហាន​ដំណាង​របស់​គេ​បាន​ស្លាប់​ហើយ នោះ​គេ​ក៏​រត់​អស់​រលីង​ទៅ

52. ឯ​ពួក​អ៊ីស្រា‌អែល និង​ពួក​យូដា​ក៏​ក្រោក​ឡើង​ស្រែក​ហ៊ោ​ទាំង​អស់​គ្នា ដេញ​តាម​ពួក​ភីលីស្ទីន​ទៅ​ក្នុង​វាល​ច្រក​ភ្នំ រហូត​ដល់​ទ្វារ​ក្រុង​អេក្រុន ហើយ​ពួក​ភីលីស្ទីន​ដែល​ត្រូវ​របួស គេ​ក៏​ដួល​តាម​ផ្លូវ​ដែល​ទៅ​ឯ​ស្អារ៉ែម រហូត​ដល់​ក្រុង​កាថ និង​ក្រុង​អេក្រុន

53. នោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល គេ​វិល​ត្រឡប់​ពី​ដេញ​តាម​ពួក​ភីលីស្ទីន​មក​វិញ ចូល​ប្លន់​ទី​បោះ​ទ័ព​របស់​គេ

54. ចំណែក​ដាវីឌ​ក៏​យក​ក្បាល​នៃ​សាសន៍​ភីលីស្ទីន​នោះ នាំ​ទៅ​ដល់​ក្រុង​យេរូ‌សាឡិម ឯ​គ្រឿង​ប្រដាប់​វា​ទាំង​ប៉ុន្មាន នោះ​ក៏​យក​ទៅ​ទុក​នៅ​ក្នុង​ត្រសាល​របស់​ខ្លួន។

55. រីឯ​កាល​សូល​ទ្រង់​ឃើញ​ដាវីឌ​ចេញ​ទៅ​ទាស់​នឹង​សាសន៍​ភីលីស្ទីន នោះ​ក៏​សួរ​អ័ប៊ី‌នើរ​ជា​មេ‌ទ័ព​ទ្រង់​ថា អ័ប៊ី‌នើរ​អើយ តើ​ក្មេង​នោះ​ជា​កូន​អ្នក​ណា អ័ប៊ី‌នើរ​ទូល​ឆ្លើយ​ថា ឱ​ព្រះ‌ករុណា​អើយ ទូល‌បង្គំ​ស្បថ​ដោយ​នូវ​ព្រះ‌ជន្ម​ទ្រង់​ដ៏​រស់​នៅ​ថា ទូល‌បង្គំ​មិន​ដឹង​សោះ​ឡើយ

56. ស្តេច​ក៏​បង្គាប់​ថា ចូរ​ស៊ើប​សួរ​មើល តើ​ក្មេង​ជំទង់​នេះ​ជា​កូន​អ្នក​ណា

57. ដូច្នេះ កាល​ដាវីឌ​បាន​ត្រឡប់​មក​ពី​សំឡាប់​សាសន៍​ភីលីស្ទីន​វិញ នោះ​អ័ប៊ី‌នើរ​ក៏​នាំ​ចូល​មក​នៅ​ចំពោះ​សូល មាន​ទាំង​ក្បាល​នៃ​សាសន៍​ភីលីស្ទីន​នោះ​កាន់​នៅ​ដៃ

58. សូល​ទ្រង់​សួរ​ថា អ្នក​កំឡោះ​អើយ តើ​ឯង​ជា​កូន​អ្នក​ណា នោះ​ដាវីឌ​ទូល​ឆ្លើយ​ថា ទូល‌បង្គំ​ជា​កូន​របស់​អ៊ីសាយ​ជា​អ្នក​បំរើ​ទ្រង់ ដែល​នៅ​ក្រុង​បេថ្លេ‌ហិម។

សូមអានជំពូកពេញលេញ ១ សាំយូអែល 17