គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូអែល 17:27-44 ព្រះគម្ពីរបរិសុទ្ធ (KHOV)

27. គេ​ក៏​ឆ្លើយ​ប្រាប់​តាម​ពាក្យ​ដដែល​នោះ​ថា អ្នក​ណា​ដែល​នឹង​សំឡាប់​វា​បាន នោះ​នឹង​បាន​ដូច្នេះ​ឯង។

28. គ្រា​ដែល​ដាវីឌ​កំពុង​និយាយ​នឹង​គេ នោះ​អេលាប​ជា​បង​បង្អស់​ក៏​ឮ ហើយ​កើត​មាន​សេចក្តី​កំហឹង​ទាស់​នឹង​ប្អូន​ថា ឯង​បាន​ចុះ​មក​ធ្វើ​អី តើ​បាន​ប្រគល់​ហ្វូង​ចៀម​តូច​នោះ ដែល​នៅ​ទី​រហោ‌ស្ថាន​ទុក​នឹង​អ្នក​ណា អញ​ស្គាល់​សេចក្តី​អំនួត និង​សេចក្តី​អាក្រក់​ដែល​នៅ​ក្នុង​ចិត្ត​ឯង​ហើយ ដ្បិត​ឯង​បាន​ចុះ​មក​ដើម្បី​ឲ្យ​តែ​បាន​មើល​ចំបាំង​ទេ

29. តែ​ដាវីឌ​ឆ្លើយ​ថា តើ​ខ្ញុំ​មាន​ធ្វើ​អី ខ្ញុំ​គ្រាន់​តែ​និយាយ​១​ម៉ាត់​ទេ​តើ

30. រួច​ក៏​បែរ​ចេញ​ពី​បង​ទៅ​សួរ​ម្នាក់​ទៀត តាម​ពាក្យ​ដដែល​នោះ ហើយ​គេ​ឆ្លើយ​ប្រាប់​ដូច​ជា​ពាក្យ​មុន។

31. កាល​គេ​បាន​ឮ​ពាក្យ ដែល​ដាវីឌ​និយាយ​ដូច្នោះ នោះ​គេ​នាំ​ដំណឹង​ទៅ​ក្រាប​ទូល​ដល់​សូល រួច​ទ្រង់​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ដាវីឌ​មក

32. ដាវីឌ​ទូល​ដល់​សូល​ថា សូម​កុំ​ឲ្យ​អ្នក​ណា​ស្លុត​ចិត្ត​ដោយ​ព្រោះ​វា​ឡើយ ទូល‌បង្គំ​ជា​បាវ​បំរើ​របស់​ទ្រង់​នឹង​សូម​ចេញ​ទៅ​ត‌យុទ្ធ​នឹង​សាសន៍​ភីលីស្ទីន​នោះ

33. តែ​សូល​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឯង​នឹង​ចេញ​ទៅ​ត‌យុទ្ធ​នឹង​សាសន៍​ភីលីស្ទីន​នោះ​មិន​បាន​ទេ ដ្បិត​ឯង​នៅ​ក្មេង​ណាស់ ឯ​គេ​ជា​មនុស្ស​ស្ទាត់​ចំបាំង​តាំង​តែ​ពី​ក្មេង​មក​ហើយ

34. នោះ​ដាវីឌ​ដំណាល​រឿង​ទូល​សូល​ថា ពី​ដើម​ដែល​ទូល‌បង្គំ ជា​បាវ​បំរើ​ទ្រង់ ធ្លាប់​ឃ្វាល​ចៀម​របស់​ឪពុក នោះ​វេលា​ណា​ដែល​មាន​សិង្ហ ឬ​ខ្លា‌ឃ្មុំ មក​ចាប់​យក​កូន​ចៀម​ពី​ហ្វូង​ទៅ

35. ទូល‌បង្គំ​ក៏​ដេញ​តាម​ប្រហារ​វា ដោះ​ចៀម​នោះ​ឲ្យ​រួច​ចេញ​ពី​មាត់​វា​មក បើ​កាល​ណា​វា​ស្ទុះ​មក​លើ​ទូល‌បង្គំ នោះ​ទូល‌បង្គំ​បាន​ចាប់​វា​ត្រង់​ពុក‌ចង្កា​វាយ​សំឡាប់​ទៅ

36. ទូល‌បង្គំ​ជា​បាវ​បំរើ​ទ្រង់ បាន​ប្រហារ​ទាំង​សត្វ​សិង្ហ និង​ខ្លា‌ឃ្មុំ​ផង ដូច្នេះ សាសន៍​ភីលីស្ទីន​ដែល​ឥត​កាត់​ស្បែក​នេះ នឹង​បាន​ដូច​ជា​សត្វ​១​នោះ​ដែរ ដ្បិត​វា​បាន​ប្រកួត​នឹង​ពល​ទ័ព​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​ហើយ

37. ដាវីឌ​ក៏​ទូល​ទៀត​ថា ឯ​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បាន​ជួយ​ទូល‌បង្គំ ឲ្យ​រួច​ពី​ក្រចក​សិង្ហ និង​ខ្លា‌ឃ្មុំ ទ្រង់​ក៏​នឹង​ជួយ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​សាសន៍​ភីលីស្ទីន​នោះ​ដែរ ខណៈ​នោះ សូល​មាន​ព្រះ‌បន្ទូល​ថា ដូច្នេះ ចូរ​ទៅ​ចុះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​គង់​ជា​មួយ​នឹង​ឯង

38. ទើប​ស្តេច​បំពាក់​គ្រឿង​របស់​ទ្រង់​ឲ្យ​ដាវីឌ គឺ​មួក​លង្ហិន​នៅ​លើ​ក្បាល និង​អាវ​ក្រោះ​ដែរ

39. នោះ​ដាវីឌ​ក៏​ក្រវាត់​ដាវ​ពី​លើ​គ្រឿង​ប្រដាប់​នោះ ហើយ​ខំ​ដើរ​ល្បង​មើល ដ្បិត​មិន​ដែល​បាន​ល​ម្តង​សោះ រួច​ទូល​ទៅ​សូល​ថា ទូល‌បង្គំ​នឹង​ពាក់​គ្រឿង​ទាំង​នេះ​ទៅ​មិន​បាន​ទេ ដ្បិត​ទូល‌បង្គំ​មិន​ដែល​ល​ម្តង​ឡើយ ដូច្នេះ ដាវីឌ​ក៏​ដោះ​គ្រឿង​ទាំង​នោះ​ចេញ

40. រួច​យក​តែ​ដំបង​របស់​ខ្លួន​មក​កាន់​នៅ​ដៃ ហើយ​រើស​ក្រួស​រលីងៗ​ចំនួន​៥​ដុំ​ពី​ក្នុង​ទឹក​ជ្រោះ​ដាក់​ចុះ​ក្នុង​យាម គឺ​ក្នុង​ប្លោក​របស់​ខ្លួន ហើយ​កាន់​ខ្សែ​ដង្ហក់​នៅ​ដៃ ដើរ​ដំរង់​ចូល​ទៅ​ឯ​សាសន៍​ភីលីស្ទីន​នោះ។

41. ចំណែក​សាសន៍​ភីលីស្ទីន​នោះ ក៏​ដើរ​ចូល​មក​ឯ​ដាវីឌ មាន​ទាំង​អ្នក​កាន់​ខែល​ដើរ​ពី​មុខ​ផង

42. កាល​វា​ក្រឡេក​ឃើញ​ដាវីឌ នោះ​ក៏​តាំង​ចិត្ត​មើល‌ងាយ ដោយ​ព្រោះ​ដាវីឌ​នៅ​ក្មេង មាន​ថ្ពាល់​ក្រហម ហើយ​មាន​រូប‌ឆោម​ស្រស់​ល្អ

43. រួច​វា​និយាយ​ទៅ​ដាវីឌ​ថា តើ​អញ​ជា​ឆ្កែ​ឬ​អី បាន​ជា​ឯង​មក​ឯ​អញ​ទាំង​កាន់​ដំបង​ដូច្នេះ ហើយ​ក៏​ប្រទេច​ផ្តាសា​ដល់​ដាវីឌ​ដោយ​នូវ​ព្រះ​របស់​វា

44. រួច​ប្រាប់​ថា ចូរ​មក​ឯ​អញ​ចុះ អញ​នឹង​ឲ្យ​សាច់​ឯង ដល់​សត្វ​ហើរ​លើ​អាកាស និង​សត្វ​ព្រៃ​ផង

សូមអានជំពូកពេញលេញ ១ សាំយូអែល 17