គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូអែល 17:12-30 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. រីឯ​ដាវីឌ ជា​កូន​របស់​ពួក​អេប្រាតា​ម្នាក់ នៅ​បេថ្លេ‌ហិម-យូដា ឈ្មោះ​អ៊ីសាយ ឯ​អ៊ីសាយ មាន​កូន​ប្រុស​៨​នាក់ ហើយ​នៅ​ជំនាន់​ស្តេច​សូល គាត់​ចាស់​ណាស់ មាន​វ័យ​កន្លង​ហើយ

13. កូន​ប្រុស​ច្បង​របស់​អ៊ីសាយ​៣​នាក់​បាន​តាម​សូល​ទៅ​ច្បាំង កូន​ទាំង​៣​នាក់​ដែល​ទៅ​ច្បាំង​នោះ គឺ​ច្បង​បង្អស់​ឈ្មោះ​អេលាប បន្ទាប់​មក​ឈ្មោះ​អ័ប៊ី‌ន៉ាដាប់ ហើយ​ទី​៣​ឈ្មោះ​សាំម៉ា

14. អ្នក​ទាំង​៣​នោះ​បាន​តាម​សូល​ទៅ ឯ​ដាវីឌ​គាត់​ជា​កូន​ពៅ

15. ក៏​តែង​ធ្លាប់​ទៅ​មក​ពី​សូល ទៅ​ឯ​ឪពុក​នៅ​បេថ្លេ‌ហិម ដើម្បី​ឃ្វាល​ចៀម

16. រីឯ​សាសន៍​ភីលីស្ទីន​ម្នាក់​នោះ វា​ចេះ​តែ​ចូល​មក​ជិត ទាំង​ព្រឹក​ទាំង​ល្ងាច ក៏​ប្រកាស​ខ្លួន​ដូច្នោះ អស់​រវាង​៤០​ថ្ងៃ។

17. នៅ​គ្រា​នោះ អ៊ីសាយ​ប្រាប់​ដាវីឌ​ជា​កូន​ថា ចូរ​ឯង​យក​លាជ​១​ថាំង និង​នំបុ័ង​១០​ដុំ​នេះ​ទៅ ឲ្យ​ដល់​ពួក​បង​ឯង នៅ​ឯ​ទី​បោះ​ទ័ព​ជា​ប្រញាប់​ទៅ

18. ហើយ​នាំ​យក​ទឹក​ដោះ​ខះ​១០​ផែន​នេះ ទៅ​ជូន​ដល់​មេ‌ទ័ព​របស់​វា​ទៅ រួច​ចូរ​មើល​ដែល​បង​ឯង​សុខ​សប្បាយ ឬ​យ៉ាង​ណា ហើយ​នាំ​យក​របស់​អ្វី​១ ជា​គ្រឿង​សំគាល់​ពី​វា មក​វិញ

19. ចំណែក​សូល និង​អ្នក​ទាំង​៣​នោះ ព្រម​ទាំង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ គេ​នៅ​ច្រក​ភ្នំ​អេឡា កំពុង​តែ​ច្បាំង​នឹង​ពួក​ភីលីស្ទីន

20. ដូច្នេះ ដាវីឌ​ក៏​ក្រោក​ពី​ព្រលឹម ប្រគល់​ចៀម​ទុក​នឹង​អ្នក​គង្វាល​ម្នាក់ រួច​យក​អីវ៉ាន់​ចេញ​ទៅ ដូច​ជា​ឪពុក​បាន​បង្គាប់ ក៏​បាន​ទៅ​ដល់​ទី​បោះ​ទ័ព ក្នុង​កាល​ដែល​ពួក​ពល​កំពុង​តែ​ចេញ​ទៅ​ឯ​ទី​ចំបាំង ទាំង​ស្រែក​សំរែក​សង្គ្រាម

21. ហើយ​ពួក​អ៊ីស្រា‌អែល និង​ពួក​ភីលីស្ទីន គេ​ដំរៀប​ទ័ព​ប្រទល់​គ្នា រៀប​នឹង​ត​ដៃ​ហើយ

22. ដាវីឌ​ក៏​ប្រគល់​អីវ៉ាន់​ទុក​នឹង​អ្នក​ដែល​រក្សា​អីវ៉ាន់​របស់​ពួក​ទ័ព រួច​រត់​ចូល​ទៅ​ក្នុង​ចំណោម​ទ័ព ដើម្បី​នឹង​ជំរាប​សួរ​ដល់​ពួក​បង

23. គ្រា​ដែល​កំពុង​តែ​និយាយ​នឹង​ពួក​បង នោះ​មើល ទាហាន​របស់​សាសន៍​ភីលីស្ទីន​ម្នាក់​នោះ ពី​ក្រុង​កាថ ឈ្មោះ​កូលី‌យ៉ាត ក៏​ចេញ​ពី​ខាង​ទ័ព​ភីលីស្ទីន មក​ប្រកាស​ជា​ពាក្យ​ដដែល​ទៀត ហើយ​ដាវីឌ​ក៏​បាន​ឮ

24. កាល​ពួក​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន បាន​ឃើញ​អ្នក​នោះ គេ​ក៏​រត់​ពី​វា​ទៅ ដោយ​ភ័យ​ខ្លាច​ជា​ខ្លាំង

25. រួច​ពួក​អ៊ីស្រា‌អែល​និយាយ​គ្នា​ថា បាន​ឃើញ​មនុស្ស​នោះ ដែល​ឡើង​មក​ឬ​ទេ វា​បាន​ឡើង​មក ដើម្បី​ប្រកួត​នឹង​សាសន៍​អ៊ីស្រា‌អែល​យើង​នេះ​ជា​ប្រាកដ បើ​អ្នក​ណា​សំឡាប់​វា​បាន នោះ​ស្តេច​នឹង​ប្រទាន​ទ្រព្យ​សម្បត្តិ​ដ៏​វិសេស ដល់​អ្នក​នោះ ព្រម​ទាំង​ឲ្យ​ព្រះ‌រាជ​បុត្រី​ទ្រង់​ផង ក៏​នឹង​ប្រោស​ប្រណី ដល់​គ្រួ​ឪពុក​របស់​អ្នក​នោះ ឲ្យ​រួច​ពន្ធ​ក្នុង​សាសន៍​អ៊ីស្រា‌អែល​ត​ទៅ

26. ដូច្នេះ ដាវីឌ​ក៏​សួរ​ដល់​ពួក​អ្នក​ឈរ​នៅ​ជិត​ថា ឯ​អ្នក​ណា​ដែល​នឹង​សំឡាប់​សាសន៍​ភីលីស្ទីន​នេះ ហើយ​ដក​សេចក្តី​ដំនៀល​ពី​អ៊ីស្រា‌អែល​ចេញ នោះ​នឹង​បាន​ដូច​ម្តេច​ខ្លះ ដ្បិត​តើ​សាសន៍​ភីលីស្ទីន​ដែល​ឥត​កាត់​ស្បែក​នេះ​ជា​អ្វី បាន​ជា​ហ៊ាន​ប្រកួត​នឹង​ពល​ទ័ព​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​ដូច្នេះ

27. គេ​ក៏​ឆ្លើយ​ប្រាប់​តាម​ពាក្យ​ដដែល​នោះ​ថា អ្នក​ណា​ដែល​នឹង​សំឡាប់​វា​បាន នោះ​នឹង​បាន​ដូច្នេះ​ឯង។

28. គ្រា​ដែល​ដាវីឌ​កំពុង​និយាយ​នឹង​គេ នោះ​អេលាប​ជា​បង​បង្អស់​ក៏​ឮ ហើយ​កើត​មាន​សេចក្តី​កំហឹង​ទាស់​នឹង​ប្អូន​ថា ឯង​បាន​ចុះ​មក​ធ្វើ​អី តើ​បាន​ប្រគល់​ហ្វូង​ចៀម​តូច​នោះ ដែល​នៅ​ទី​រហោ‌ស្ថាន​ទុក​នឹង​អ្នក​ណា អញ​ស្គាល់​សេចក្តី​អំនួត និង​សេចក្តី​អាក្រក់​ដែល​នៅ​ក្នុង​ចិត្ត​ឯង​ហើយ ដ្បិត​ឯង​បាន​ចុះ​មក​ដើម្បី​ឲ្យ​តែ​បាន​មើល​ចំបាំង​ទេ

29. តែ​ដាវីឌ​ឆ្លើយ​ថា តើ​ខ្ញុំ​មាន​ធ្វើ​អី ខ្ញុំ​គ្រាន់​តែ​និយាយ​១​ម៉ាត់​ទេ​តើ

30. រួច​ក៏​បែរ​ចេញ​ពី​បង​ទៅ​សួរ​ម្នាក់​ទៀត តាម​ពាក្យ​ដដែល​នោះ ហើយ​គេ​ឆ្លើយ​ប្រាប់​ដូច​ជា​ពាក្យ​មុន។

សូមអានជំពូកពេញលេញ ១ សាំយូអែល 17