គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូអែល 17:1-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នៅ​គ្រា​នោះ ពួក​ភីលីស្ទីន គេ​លើក​ទ័ព​មក​ដើម្បី​ច្បាំង ក៏​មូល​គ្នា​នៅ​ត្រង់​សូគរ ជា​ស្រុក​របស់​ពួក​យូដា ហើយ​បោះ​ទ័ព​នៅ​កណ្តាល​សូគរ និង​អាសេកា ត្រង់​អេភេស-ដាំមីម

2. ឯ​សូល និង​ពួក​ទ័ព​អ៊ីស្រា‌អែល គេ​ប្រមូល​គ្នា​បោះ​ទ័ព​នៅ​ច្រក​ភ្នំ​អេឡា ក៏​ដំរៀប​ពល ដើម្បី​ច្បាំង​នឹង​ពួក​ភីលីស្ទីន

3. ពួក​ភីលីស្ទីន​គេ​ឈរ​លើ​ភ្នំ​ម្ខាង ហើយ​ពួក​អ៊ីស្រា‌អែល​គេ​ក៏​ឈរ​លើ​ភ្នំ​ម្ខាង មាន​វាល​ច្រក​ភ្នំ​នៅ​ជា​កណ្តាល

4. លំដាប់​នោះ មាន​ទាហាន​ម្នាក់​ឈ្មោះ​កូលី‌យ៉ាត ដែល​នៅ​ក្រុង​កាថ វា​ចេញ​ពី​ពួក​ភីលីស្ទីន​មក អ្នក​នោះ​មាន​កំពស់​៦​ហត្ថ​១​ចំអាម

5. ពាក់​មួក​លង្ហិន​ហើយ​ពាក់​អាវ​ក្រោះ​ធ្វើ​ពី​លង្ហិន មាន​ទំងន់​៥​ពាន់​ដំឡឹង

6. ក៏​មាន​ស្រោម​លង្ហិន​ស្រោប​ជើង ហើយ​មាន​ប្រដាប់​លង្ហិន​បាំង​ពី​ខាង​ខ្នង​ដែរ

7. ឯ​ដង​លំពែង​របស់​វា នោះ​ប្រៀប​ដោយ​ផ្សំ​នៃ​ដំបាញ ហើយ​ផ្លែ​ធ្វើ​ពី​ដែក ទំងន់​៦០០​ដំឡឹង មាន​អ្នក​កាន់​ខែល​ដើរ​ពី​មុខ

8. វា​ឈរ​ស្រែក​មក​ខាង​ពួក​ទ័ព​អ៊ីស្រា‌អែល​ថា ម្តេច​ក៏​ឯង​រាល់​គ្នា​ចេញ​មក​ដំរៀប​ទ័ព​សំរាប់​ច្បាំង​ដូច្នេះ តើ​អញ​មិន​មែន​ជា​សាសន៍​ភីលីស្ទីន ហើយ​ឯង​រាល់​គ្នា​ជា​ខ្ញុំ​របស់​សូល​ទេ​ឬ​អី ចូរ​រើស​ម្នាក់​ឲ្យ​ចុះ​មក​ច្បាំង​នឹង​អញ​មើល

9. បើ​វា​អាច​នឹង​ត​ដៃ​សំឡាប់​អញ​បាន នោះ​យើង​នឹង​ធ្វើ​ជា​បាវ​បំរើ​ឯង តែ​បើ​អញ​ឈ្នះ ហើយ​សំឡាប់​វា​បាន នោះ​ឯង​រាល់​គ្នា​ត្រូវ​ធ្វើ​ជា​បាវ​បំរើ​យើង​វិញ

10. វា​ប្រកួត​នឹង​ពួក​ទ័ព​អ៊ីស្រា‌អែល​ថា នៅ​ថ្ងៃ​នេះ ចូរ​ឲ្យ​មនុស្ស​ម្នាក់​ចេញ​មក​ត​នឹង​អញ​ល​មើល​ចុះ

11. កាល​សូល និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ បាន​ឮ​ពាក្យ​របស់​សាសន៍​ភីលីស្ទីន​នោះ​និយាយ​ដូច្នោះ គេ​ក៏​មាន​គំនិត​វិល‌វល់ ហើយ​ភ័យ​ខ្លាច​ជា​ខ្លាំង។

12. រីឯ​ដាវីឌ ជា​កូន​របស់​ពួក​អេប្រាតា​ម្នាក់ នៅ​បេថ្លេ‌ហិម-យូដា ឈ្មោះ​អ៊ីសាយ ឯ​អ៊ីសាយ មាន​កូន​ប្រុស​៨​នាក់ ហើយ​នៅ​ជំនាន់​ស្តេច​សូល គាត់​ចាស់​ណាស់ មាន​វ័យ​កន្លង​ហើយ

13. កូន​ប្រុស​ច្បង​របស់​អ៊ីសាយ​៣​នាក់​បាន​តាម​សូល​ទៅ​ច្បាំង កូន​ទាំង​៣​នាក់​ដែល​ទៅ​ច្បាំង​នោះ គឺ​ច្បង​បង្អស់​ឈ្មោះ​អេលាប បន្ទាប់​មក​ឈ្មោះ​អ័ប៊ី‌ន៉ាដាប់ ហើយ​ទី​៣​ឈ្មោះ​សាំម៉ា

14. អ្នក​ទាំង​៣​នោះ​បាន​តាម​សូល​ទៅ ឯ​ដាវីឌ​គាត់​ជា​កូន​ពៅ

15. ក៏​តែង​ធ្លាប់​ទៅ​មក​ពី​សូល ទៅ​ឯ​ឪពុក​នៅ​បេថ្លេ‌ហិម ដើម្បី​ឃ្វាល​ចៀម

16. រីឯ​សាសន៍​ភីលីស្ទីន​ម្នាក់​នោះ វា​ចេះ​តែ​ចូល​មក​ជិត ទាំង​ព្រឹក​ទាំង​ល្ងាច ក៏​ប្រកាស​ខ្លួន​ដូច្នោះ អស់​រវាង​៤០​ថ្ងៃ។

សូមអានជំពូកពេញលេញ ១ សាំយូអែល 17