8. ដូច្នេះ យ៉ូណាថានប្រាប់ថា មើល យើងនឹងឆ្លងទៅឯមនុស្សទាំងនោះ រួចសំដែងខ្លួនយើងឲ្យគេឃើញ
9. បើគេនិយាយនឹងយើងដូច្នេះថា ចូរចាំយើងចុះមកឯឯងសិន នោះយើងនឹងឈររង់នៅឥតឡើងទៅឯគេឡើយ
10. តែបើគេថា ចូរឡើងមកឯយើងចុះ នោះយើងនឹងឡើងទៅ ដ្បិតច្បាស់ជាព្រះយេហូវ៉ាបានប្រគល់គេ មកក្នុងកណ្តាប់ដៃយើងហើយ នេះឯងនឹងបានជាទីសំគាល់ដល់យើង
11. ដូច្នេះអ្នកទាំង២ក៏សំដែងខ្លួន ឲ្យពួកបន្ទាយនៃសាសន៍ភីលីស្ទីនឃើញ រួចគេនិយាយថា មើល ពួកហេព្រើរចេញពីរូងដែលគេពួននៅនោះហើយ
12. គេក៏និយាយទៅយ៉ូណាថាន និងអ្នកដែលកាន់គ្រឿងសស្ត្រាវុធរបស់លោកថា ចូរឡើងមកឯយើងចុះ យើងនឹងបង្ហាញឲ្យឯងដឹង នោះយ៉ូណាថានប្រាប់ដល់អ្នកកាន់គ្រឿងសស្ត្រាវុធរបស់លោកថា ចូរឯងឡើងមកតាមក្រោយអញមក ដ្បិតព្រះយេហូវ៉ាទ្រង់បានប្រគល់គេ មកក្នុងកណ្តាប់ដៃនៃអ៊ីស្រាអែលហើយ
13. រួចយ៉ូណាថានក៏ប្រតោងឡើង ហើយអ្នកដែលកាន់គ្រឿងរបស់លោកក៏ឡើងតាមក្រោយទៅ ឯពួកនោះក៏ដួលនៅមុខយ៉ូណាថាន ហើយអ្នកដែលកាន់គ្រឿងរបស់លោកក៏សំឡាប់គេជាក្រោយ
14. រីឯក្នុងកាលដែលយ៉ូណាថាន និងអ្នកដែលកាន់គ្រឿងសស្ត្រាវុធរបស់លោកបានសំឡាប់គេជាមុនដំបូង នោះបានស្លាប់អស់ប្រហែលជា២០នាក់ នៅលើដីចំនួន១ងារ
15. នោះក៏មានការញាប់ញ័រកើតឡើង ក្នុងទីបោះទ័ពដែលនៅវាល និងនៅក្នុងពួកបណ្តាទ័ពទាំងប៉ុន្មាន ឯពួកអ្នកនៅក្នុងបន្ទាយ និងពួកទ័ពបំផ្លាញ គេក៏ញ័ររន្ធត់ដែរ ហើយផែនដីក៏កក្រើកឡើង ដូច្នេះ គេមានសេចក្តីញ័ររន្ធត់ជាខ្លាំងក្រៃលែង។
16. ឯពួកយាមល្បាតខាងសូល ដែលនៅក្រុងគីបៀរក្នុងស្រុកបេនយ៉ាមីន គេក៏មើលទៅឃើញបណ្តាពលបែកខ្ញែកពីគ្នាខ្ចាត់ខ្ចាយ ខ្លះទៅខាងនេះ ខ្លះទៅខាងនោះ
17. ដូច្នេះ សូលមានព្រះបន្ទូលទៅពួកអ្នក ដែលនៅជាមួយថា ចូររាប់មើល តើអ្នកណាដែលបានចេញពីយើងទៅនោះ កាលគេបានរាប់ទៅ នោះឃើញបាត់យ៉ូណាថាន និងអ្នកដែលកាន់គ្រឿងរបស់លោកផង