គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូអែល 14:44-52 ព្រះគម្ពីរបរិសុទ្ធ (KHOV)

44. សូល​មាន​ព្រះ‌បន្ទូល​ថា ឱ​យ៉ូណា‌ថាន​អើយ បើ​ឯង​មិន​ត្រូវ​ស្លាប់​ជា​ពិត​ប្រាកដ នោះ​សូម​ឲ្យ​ព្រះ​ទ្រង់​ធ្វើ​ដល់​អញ​ដូច្នោះ ហើយ​លើស​ទៅ​ទៀត​ផង

45. តែ​ពួក​បណ្តា​ទ័ព​ទូល​សួរ​ដល់​សូល​ថា ឯ​យ៉ូណា‌ថាន​ដែល​បាន​នាំ​ឲ្យ​មាន​សេចក្តី​សង្គ្រោះ​ក្នុង​ពួក​អ៊ីស្រា‌អែល​យ៉ាង​ធំ​ដល់​ម៉្លេះ តើ​លោក​ត្រូវ​ស្លាប់​ឬ​អី មិន​ត្រូវ​ឲ្យ​បាន​ដូច្នោះ​ឡើយ យើង​ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​ថា មិន​ត្រូវ​ឲ្យ​មាន​សក់​១​សរសៃ​ជ្រុះ​ពី​ក្បាល​របស់​លោក​ផង ដ្បិត​ការ​ដែល​លោក​បាន​ធ្វើ​នៅ​ថ្ងៃ​នេះ នោះ​គឺ​បាន​ធ្វើ​ជា​មួយ​នឹង​ព្រះ​ទេ​តើ ដូច្នេះ ពួក​បណ្តា​ទ័ព​បាន​ជួយ​ដោះ​យ៉ូណា‌ថាន​មិន​ឲ្យ​ស្លាប់​ឡើយ

46. នោះ​សូល​ទ្រង់​ក៏​លែង​ដេញ​តាម​ពួក​ភីលីស្ទីន ហើយ​ពួក​ភីលីស្ទីន គេ​វិល​ទៅ​ឯ​កន្លែង​គេ​រៀង​ខ្លួន​ទៅ។

47. រីឯ​កាល​ក្រោយ ដែល​សូល​បាន​ទទួល​គ្រង‌រាជ្យ​លើ​សាសន៍​អ៊ីស្រា‌អែល នោះ​ទ្រង់​ក៏​ច្បាំង​នឹង​ខ្មាំង​សត្រូវ​នៅ​គ្រប់​ទី​កន្លែង​ជុំវិញ គឺ​ច្បាំង​នឹង​សាសន៍​ម៉ូអាប់ និង​ពួក​កូន​ចៅ​អាំម៉ូន និង​សាសន៍​អេដំម និង​ស្តេច​ទាំង​ប៉ុន្មាន​នៃ​ស្រុក​សូបា ហើយ​នឹង​ពួក​ភីលីស្ទីន​ផង ឯ​ទិស​ទី​ណា​ដែល​ទ្រង់​បែរ​ទៅ នោះ​ក៏​ចេះ​តែ​បាន​ឈ្នះ​ជា​ដរាប

48. ទ្រង់​ក៏​ប្រព្រឹត្ត​ដោយ​ក្លាហាន បាន​ទាំង​វាយ​ពួក​អាម៉ា‌លេក ហើយ​ជួយ​ដោះ​ពួក​អ៊ីស្រា‌អែល ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​បំផ្លាញ​គេ។

49. រីឯ​បុត្រា​របស់​សូល នោះ​គឺ​យ៉ូណា‌ថាន​១ យីសវី​១ និង​ម៉ាលគី-ស៊ូអា​១ ឯ​បុត្រី​ទាំង​២​អង្គ នោះ​គឺ​នាង​បង​ព្រះ‌នាម​ជា​ម៉្រាប ហើយ​ប្អូន​ព្រះ‌នាម​ជា​មីកាល

50. ឯ​ជាយា​របស់​ទ្រង់​ព្រះ‌នាម​ជា​អ័ហ៊ី‌ណោម ជា​កូន​អ័ហ៊ីម៉ាស ហើយ​មេ‌ទ័ព​របស់​ទ្រង់​ឈ្មោះ​អ័ប៊ី‌នើរ ជា​កូន​នើរ ដែល​ជា​មា​របស់​សូល

51. ដ្បិត​គីស ដែល​ជា​បិតា​របស់​សូល ហើយ​នើរ​ដែល​ជា​ឪពុក​អ័ប៊ី‌នើរ នោះ​ទាំង​២​នាក់​ជា​កូន​អ័បៀល។

52. នៅ​អស់​១​ជីវិត​របស់​សូល នោះ​ចេះ​តែ​មាន​ចំបាំង​ច្បាំង​នឹង​ពួក​ភីលីស្ទីន​ជា​ខ្លាំង ហើយ​កាល​ណា​សូល​ទ្រង់​ឃើញ​មនុស្ស​ណា​ខ្លាំង​ពូកែ ឬ​ក្លាហាន នោះ​ទ្រង់​ក៏​យក​អ្នក​នោះ​មក​ក្នុង​ពល​ទ័ព​របស់​ទ្រង់។

សូមអានជំពូកពេញលេញ ១ សាំយូអែល 14