គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូអែល 14:30-49 ព្រះគម្ពីរបរិសុទ្ធ (KHOV)

30. ចុះ​ចំណង់​បើ​ពួក​ទ័ព​បាន​បរិភោគ​របឹប​របស់​ពួក​ខ្មាំង​សត្រូវ តាម​ចិត្ត​នៅ​ថ្ងៃ​នេះ នោះ​តើ​នឹង​វិសេស​ជា​ជាង​អម្បាលម៉ាន​ទៅ​ទៀត យ៉ាង​នោះ​នឹង​បាន​ប្រហារ​ជីវិត​ពួក​ភីលីស្ទីន រឹត​តែ​ច្រើន​លើស​ទៅ​ទៀត។

31. នៅ​ថ្ងៃ​នោះ​ឯង គេ​ក៏​វាយ​ពួក​ភីលីស្ទីន ចាប់​តាំង​ពី​មីក‌ម៉ាស រហូត​ដល់​អាយ៉ា‌ឡូន ហើយ​ពួក​បណ្តា‌ទ័ព​គេ​ល្វើយ​ខ្លាំង​ណាស់

32. ដូច្នោះ គេ​ក៏​ស្ទុះ​ទៅ​លើ​របឹប ចាប់​យក​ចៀម គោ និង​កូន​គោ ទៅ​សំឡាប់​នៅ​លើ​ដី ហើយ​បរិភោគ​សាច់​ទាំង​ជាប់​មាន​ឈាម​ផង

33. ខណៈ​នោះ មាន​គេ​ទូល​ដល់​សូល​ថា មើល ឥឡូវ​ពួក​ទ័ព​គេ​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​ហើយ ដោយ​បរិភោគ​សាច់​ដែល​ជាប់​ទាំង​ឈាម​ផង នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឯង​រាល់​គ្នា​បាន​ប្រព្រឹត្ត​ល្មើស​ហើយ ដូច្នេះ ចូរ​ប្រមៀល​ថ្ម​១​យ៉ាង​ធំ មក​ឯ​អញ​ឥឡូវ

34. រួច​ទ្រង់​បង្គាប់​ថា ចូរ​ទៅ​ក្នុង​ពួក​ទ័ព​ប្រាប់​គេ​ឲ្យ​ដឹក‌នាំ​យក​គោ និង​ចៀម​មក​ឯ​អញ ដើម្បី​នឹង​សំឡាប់​បរិភោគ​នៅ​ទី​នេះ​វិញ កុំ​ឲ្យ​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា ដោយ​បរិភោគ​សាច់​ដែល​ជាប់​ទាំង​ឈាម​ដូច្នេះ​ឡើយ ដូច្នេះ នៅ​យប់​នោះ គ្រប់​គ្នា​ក៏​ដឹក‌នាំ​គោ​របស់​ខ្លួន​ទៅ​សំឡាប់​នៅ​ទី​នោះ

35. ឯ​សូល​ទ្រង់​ក៏​ស្អាង​អាសនា​១​ថ្វាយ​ព្រះ‌យេហូវ៉ា នោះ​ឯង​ជា​អាសនា​មុន​ដំបូង ដែល​ទ្រង់​បាន​ស្អាង​ថ្វាយ​ព្រះ‌យេហូវ៉ា។

36. លំដាប់​នោះ​សូល​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​យើង​ចុះ​ទៅ​ទាំង​យប់​តាម​ពួក​ភីលីស្ទីន ដើម្បី​នឹង​វាយ​គេ​រហូត​ដល់​ភ្លឺ កុំ​ឲ្យ​យើង​ទុក​គេ​ឲ្យ​សល់​ដល់​ម្នាក់​ឡើយ គេ​ទទួល​ថា សូម​ទ្រង់​សំរេច តាម​ដែល​យល់​ថា​ស្រួល​ចុះ នោះ​សង្ឃ​មាន​វាចា​ថា ចូរ​យើង​រាល់​គ្នា​មូល​មក​ឯ​ព្រះ​នៅ​ទី​នេះ​សិន

37. សូល​ទ្រង់​ក៏​ទូល​សួរ​ដល់​ព្រះ​ថា តើ​ត្រូវ​ឲ្យ​ទូល‌បង្គំ​ចុះ​ទៅ​តាម​ពួក​ភីលីស្ទីន​ឬ​អី តើ​ទ្រង់​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​ពួក​អ៊ីស្រា‌អែល​ឬ​ទេ តែ​នៅ​ថ្ងៃ​នោះ ព្រះ​ទ្រង់​មិន​បាន​ឆ្លើយ​តប​មក​សោះ

38. ដូច្នេះ សូល​ទ្រង់​ប្រាប់​ថា ចូរ​មក​ឯ​ណេះ ពួក​អ្នក​ដែល​ជា​មេ​លើ​រាស្ត្រ​អើយ ដើម្បី​នឹង​ពិចារណា​មើល ឲ្យ​ដឹង​ជា​កើត​មាន​បាប​យ៉ាង​ណា​នៅ​ថ្ងៃ​នេះ

39. ដ្បិត​យើង​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់ ដែល​ទ្រង់​បាន​ជួយ​សង្គ្រោះ​ពួក​អ៊ីស្រា‌អែល​ថា ទោះ​បើ​បាប​នោះ នៅ​លើ​រូប​យ៉ូណា‌ថាន ជា​កូន​យើង​ក៏​ដោយ​គង់​តែ​វា​នឹង​ត្រូវ​ស្លាប់​ទៅ​ជា​ប្រាកដ ក្នុង​ពួក​ពល​ទ័ព​គ្មាន​អ្នក​ណា​១​ឆ្លើយ​ឡើង​សោះ

40. រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​អ៊ីស្រា‌អែល​ថា ចូរ​ឯង​រាល់​គ្នា​នៅ​ជា​ម្ខាង ហើយ​យើង និង​យ៉ូណា‌ថាន ជា​កូន​យើង នឹង​នៅ​ជា​ម្ខាង ពួក​ពល​ទ័ព​ទូល​ឆ្លើយ​ថា សូម​ទ្រង់​សំរេច​តាម​ព្រះ‌ទ័យ​ចុះ

41. ដូច្នោះ សូល​ក៏​ទូល​ដល់​ព្រះ‌យេហូវ៉ា​ថា ឱ​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ សូម​ឲ្យ​យើង​ខ្ញុំ​ដឹង​ការ​ខុស​ត្រូវ​នេះ នោះ​គេ​ចាប់​ឆ្នោត​ត្រូវ​លើ​រូប​យ៉ូណា‌ថាន ហើយ​នឹង​សូល តែ​ឯ​ពួក​បណ្តា​ទ័ព​គេ​រួច​ខ្លួន​វិញ

42. រួច​សូល​ទ្រង់​ប្រាប់​ថា ដូច្នេះ ចូរ​ចាប់​ឆ្នោត​ឲ្យ​យើង ហើយ​នឹង​យ៉ូណា‌ថាន ជា​កូន​យើង​ទៀត នោះ​ឆ្នោត​ក៏​ត្រូវ​លើ​រូប​យ៉ូណា‌ថាន។

43. លំដាប់​នោះ សូល​មាន​ព្រះ‌បន្ទូល​ទៅ​យ៉ូណា‌ថាន​ថា ចូរ​ប្រាប់​ដល់​អញ តើ​ឯង​បាន​ធ្វើ​អ្វី យ៉ូណា‌ថាន​ទូល​ថា ទូល‌បង្គំ​បាន​គ្រាន់​តែ​ភ្លក់​ទឹក​ឃ្មុំ​បន្តិច ដោយ​ចុង​ដំបង​ដែល​ទូល‌បង្គំ​កាន់​នៅ​ដៃ​ប៉ុណ្ណោះ មើល ទូល‌បង្គំ​ត្រូវ​ស្លាប់​ដែរ​ហ្ន៎

44. សូល​មាន​ព្រះ‌បន្ទូល​ថា ឱ​យ៉ូណា‌ថាន​អើយ បើ​ឯង​មិន​ត្រូវ​ស្លាប់​ជា​ពិត​ប្រាកដ នោះ​សូម​ឲ្យ​ព្រះ​ទ្រង់​ធ្វើ​ដល់​អញ​ដូច្នោះ ហើយ​លើស​ទៅ​ទៀត​ផង

45. តែ​ពួក​បណ្តា​ទ័ព​ទូល​សួរ​ដល់​សូល​ថា ឯ​យ៉ូណា‌ថាន​ដែល​បាន​នាំ​ឲ្យ​មាន​សេចក្តី​សង្គ្រោះ​ក្នុង​ពួក​អ៊ីស្រា‌អែល​យ៉ាង​ធំ​ដល់​ម៉្លេះ តើ​លោក​ត្រូវ​ស្លាប់​ឬ​អី មិន​ត្រូវ​ឲ្យ​បាន​ដូច្នោះ​ឡើយ យើង​ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​ថា មិន​ត្រូវ​ឲ្យ​មាន​សក់​១​សរសៃ​ជ្រុះ​ពី​ក្បាល​របស់​លោក​ផង ដ្បិត​ការ​ដែល​លោក​បាន​ធ្វើ​នៅ​ថ្ងៃ​នេះ នោះ​គឺ​បាន​ធ្វើ​ជា​មួយ​នឹង​ព្រះ​ទេ​តើ ដូច្នេះ ពួក​បណ្តា​ទ័ព​បាន​ជួយ​ដោះ​យ៉ូណា‌ថាន​មិន​ឲ្យ​ស្លាប់​ឡើយ

46. នោះ​សូល​ទ្រង់​ក៏​លែង​ដេញ​តាម​ពួក​ភីលីស្ទីន ហើយ​ពួក​ភីលីស្ទីន គេ​វិល​ទៅ​ឯ​កន្លែង​គេ​រៀង​ខ្លួន​ទៅ។

47. រីឯ​កាល​ក្រោយ ដែល​សូល​បាន​ទទួល​គ្រង‌រាជ្យ​លើ​សាសន៍​អ៊ីស្រា‌អែល នោះ​ទ្រង់​ក៏​ច្បាំង​នឹង​ខ្មាំង​សត្រូវ​នៅ​គ្រប់​ទី​កន្លែង​ជុំវិញ គឺ​ច្បាំង​នឹង​សាសន៍​ម៉ូអាប់ និង​ពួក​កូន​ចៅ​អាំម៉ូន និង​សាសន៍​អេដំម និង​ស្តេច​ទាំង​ប៉ុន្មាន​នៃ​ស្រុក​សូបា ហើយ​នឹង​ពួក​ភីលីស្ទីន​ផង ឯ​ទិស​ទី​ណា​ដែល​ទ្រង់​បែរ​ទៅ នោះ​ក៏​ចេះ​តែ​បាន​ឈ្នះ​ជា​ដរាប

48. ទ្រង់​ក៏​ប្រព្រឹត្ត​ដោយ​ក្លាហាន បាន​ទាំង​វាយ​ពួក​អាម៉ា‌លេក ហើយ​ជួយ​ដោះ​ពួក​អ៊ីស្រា‌អែល ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​បំផ្លាញ​គេ។

49. រីឯ​បុត្រា​របស់​សូល នោះ​គឺ​យ៉ូណា‌ថាន​១ យីសវី​១ និង​ម៉ាលគី-ស៊ូអា​១ ឯ​បុត្រី​ទាំង​២​អង្គ នោះ​គឺ​នាង​បង​ព្រះ‌នាម​ជា​ម៉្រាប ហើយ​ប្អូន​ព្រះ‌នាម​ជា​មីកាល

សូមអានជំពូកពេញលេញ ១ សាំយូអែល 14