គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូអែល 14:3-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. ព្រម​ទាំង​អ័ហ៊ីយ៉ា ជា​កូន​អ័ហ៊ី‌ទូប បង​អ៊ីកាបូឌ ដែល​ជា​កូន​ភីនេ‌ហាសៗ ជា​កូន​អេលី​ដ៏​ជា​សង្ឃ​នៃ​ព្រះ‌យេហូវ៉ា នៅ​ត្រង់​ស៊ីឡូរ ដែល​លោក​ពាក់​អេផូឌ​ដែរ គេ​ឥត​បាន​ដឹង​ជា​យ៉ូណា‌ថាន​ទៅ​ទេ

4. រីឯ​នៅ​កណ្តាល​ច្រក​ភ្នំ ដែល​យ៉ូណា‌ថាន​ចង់​ឆ្លង ទៅ​ឯ​បន្ទាយ​របស់​ពួក​ភីលីស្ទីន នោះ​មាន​ថ្មដា​ស្រួច​អម​ទាំង​សង​ខាង​ផ្លូវ ១​ឈ្មោះ​បូសេស ហើយ​១​ទៀត​ឈ្មោះ​សេនេ

5. មួយ​នៅ​ខាង​ជើង​ទល់​មុខ​នឹង​មីក‌ម៉ាស ហើយ​១​នៅ​ខាង​ត្បូង​ទល់​មុខ​នឹង​កេបា។

6. យ៉ូណា‌ថាន​ក៏​ប្រាប់​ដល់​មនុស្ស​កំឡោះ ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​ថា ចូរ​យើង​ឆ្លង​ទៅ​ឯ​បន្ទាយ​នៃ​ពួក​មិន​កាត់​ស្បែក​នោះ ប្រហែល​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ជួយ​យើង​ទេ​ដឹង ដ្បិត​គ្មាន​អ្វី​ឃាត់‌ឃាំង​ដល់​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​នឹង​ជួយ​សង្គ្រោះ ដោយ‌សារ​មនុស្ស​ច្រើន ឬ​តិច​នោះ​ទេ

7. ឯ​អ្នក​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​ក៏​ឆ្លើយ​ថា សូម​សំរេច​តាម​តែ​លោក​ចុះ ចង់​បែរ​ទៅ​ខាង​ណា​ក៏​តាម​តែ​ចិត្ត មើល ខ្ញុំ​នៅ​ជា​មួយ​នឹង​លោក​ស្រាប់

8. ដូច្នេះ យ៉ូណា‌ថាន​ប្រាប់​ថា មើល យើង​នឹង​ឆ្លង​ទៅ​ឯ​មនុស្ស​ទាំង​នោះ រួច​សំដែង​ខ្លួន​យើង​ឲ្យ​គេ​ឃើញ

9. បើ​គេ​និយាយ​នឹង​យើង​ដូច្នេះ​ថា ចូរ​ចាំ​យើង​ចុះ​មក​ឯ​ឯង​សិន នោះ​យើង​នឹង​ឈរ​រង់​នៅ​ឥត​ឡើង​ទៅ​ឯ​គេ​ឡើយ

10. តែ​បើ​គេ​ថា ចូរ​ឡើង​មក​ឯ​យើង​ចុះ នោះ​យើង​នឹង​ឡើង​ទៅ ដ្បិត​ច្បាស់​ជា​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​គេ មក​ក្នុង​កណ្តាប់​ដៃ​យើង​ហើយ នេះ​ឯង​នឹង​បាន​ជា​ទី​សំគាល់​ដល់​យើង

11. ដូច្នេះ​អ្នក​ទាំង​២​ក៏​សំដែង​ខ្លួន ឲ្យ​ពួក​បន្ទាយ​នៃ​សាសន៍​ភីលីស្ទីន​ឃើញ រួច​គេ​និយាយ​ថា មើល ពួក​ហេ‌ព្រើរ​ចេញ​ពី​រូង​ដែល​គេ​ពួន​នៅ​នោះ​ហើយ

12. គេ​ក៏​និយាយ​ទៅ​យ៉ូណា‌ថាន និង​អ្នក​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​ថា ចូរ​ឡើង​មក​ឯ​យើង​ចុះ យើង​នឹង​បង្ហាញ​ឲ្យ​ឯង​ដឹង នោះ​យ៉ូណា‌ថាន​ប្រាប់​ដល់​អ្នក​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​ថា ចូរ​ឯង​ឡើង​មក​តាម​ក្រោយ​អញ​មក ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រគល់​គេ មក​ក្នុង​កណ្តាប់​ដៃ​នៃ​អ៊ីស្រា‌អែល​ហើយ

13. រួច​យ៉ូណា‌ថាន​ក៏​ប្រតោង​ឡើង ហើយ​អ្នក​ដែល​កាន់​គ្រឿង​របស់​លោក​ក៏​ឡើង​តាម​ក្រោយ​ទៅ ឯ​ពួក​នោះ​ក៏​ដួល​នៅ​មុខ​យ៉ូណា‌ថាន ហើយ​អ្នក​ដែល​កាន់​គ្រឿង​របស់​លោក​ក៏​សំឡាប់​គេ​ជា​ក្រោយ

14. រីឯ​ក្នុង​កាល​ដែល​យ៉ូណា‌ថាន និង​អ្នក​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​បាន​សំឡាប់​គេ​ជា​មុន​ដំបូង នោះ​បាន​ស្លាប់​អស់​ប្រហែល​ជា​២០​នាក់ នៅ​លើ​ដី​ចំនួន​១​ងារ

សូមអានជំពូកពេញលេញ ១ សាំយូអែល 14