គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូអែល 14:27-39 ព្រះគម្ពីរបរិសុទ្ធ (KHOV)

27. តែ​យ៉ូណា‌ថាន​ឥត​បាន​ឮ ក្នុង​កាល​បិតា​បង្គាប់​គេ​ដោយ​ពាក្យ​សម្បថ​ទេ បាន​ជា​លោក​លូក​ចុង​ដំបង ដែល​កាន់​នៅ​ដៃ​ទៅ​ចាក់​សំណុំ​ឃ្មុំ យក​មក​បរិភោគ​ទៅ ស្រាប់​តែ​ភ្នែក​លោក​ក៏​ស្វាង​ឡើង

28. នោះ​មាន​ម្នាក់​ជំរាប​ថា បិតា​លោក​បាន​ហាម​យើង​ខ្ញុំ​ដោយ​ពាក្យ​សម្បថ​ថា អ្នក​ណា​ដែល​បរិភោគ​អ្វី​នៅ​ថ្ងៃ​នេះ នោះ​នឹង​ត្រូវ​បណ្តាសា រីឯ​ពួក​បណ្តា‌ទ័ព​ទាំង​ប៉ុន្មាន​គេ​ហេវ​ខ្លាំង​ណាស់

29. ដូច្នេះ យ៉ូណា‌ថាន​មាន​វាចា​ថា បិតា​អញ​បាន​នាំ​ឲ្យ​ស្រុក​យើង​មាន​វេទនា​ហើយ មើល អញ​បាន​ស្វាង​ភ្នែក​ឡើង​ដោយ‌សារ​តែ​ភ្លក់​ទឹក​ឃ្មុំ​បន្តិច​នេះ

30. ចុះ​ចំណង់​បើ​ពួក​ទ័ព​បាន​បរិភោគ​របឹប​របស់​ពួក​ខ្មាំង​សត្រូវ តាម​ចិត្ត​នៅ​ថ្ងៃ​នេះ នោះ​តើ​នឹង​វិសេស​ជា​ជាង​អម្បាលម៉ាន​ទៅ​ទៀត យ៉ាង​នោះ​នឹង​បាន​ប្រហារ​ជីវិត​ពួក​ភីលីស្ទីន រឹត​តែ​ច្រើន​លើស​ទៅ​ទៀត។

31. នៅ​ថ្ងៃ​នោះ​ឯង គេ​ក៏​វាយ​ពួក​ភីលីស្ទីន ចាប់​តាំង​ពី​មីក‌ម៉ាស រហូត​ដល់​អាយ៉ា‌ឡូន ហើយ​ពួក​បណ្តា‌ទ័ព​គេ​ល្វើយ​ខ្លាំង​ណាស់

32. ដូច្នោះ គេ​ក៏​ស្ទុះ​ទៅ​លើ​របឹប ចាប់​យក​ចៀម គោ និង​កូន​គោ ទៅ​សំឡាប់​នៅ​លើ​ដី ហើយ​បរិភោគ​សាច់​ទាំង​ជាប់​មាន​ឈាម​ផង

33. ខណៈ​នោះ មាន​គេ​ទូល​ដល់​សូល​ថា មើល ឥឡូវ​ពួក​ទ័ព​គេ​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​ហើយ ដោយ​បរិភោគ​សាច់​ដែល​ជាប់​ទាំង​ឈាម​ផង នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឯង​រាល់​គ្នា​បាន​ប្រព្រឹត្ត​ល្មើស​ហើយ ដូច្នេះ ចូរ​ប្រមៀល​ថ្ម​១​យ៉ាង​ធំ មក​ឯ​អញ​ឥឡូវ

34. រួច​ទ្រង់​បង្គាប់​ថា ចូរ​ទៅ​ក្នុង​ពួក​ទ័ព​ប្រាប់​គេ​ឲ្យ​ដឹក‌នាំ​យក​គោ និង​ចៀម​មក​ឯ​អញ ដើម្បី​នឹង​សំឡាប់​បរិភោគ​នៅ​ទី​នេះ​វិញ កុំ​ឲ្យ​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា ដោយ​បរិភោគ​សាច់​ដែល​ជាប់​ទាំង​ឈាម​ដូច្នេះ​ឡើយ ដូច្នេះ នៅ​យប់​នោះ គ្រប់​គ្នា​ក៏​ដឹក‌នាំ​គោ​របស់​ខ្លួន​ទៅ​សំឡាប់​នៅ​ទី​នោះ

35. ឯ​សូល​ទ្រង់​ក៏​ស្អាង​អាសនា​១​ថ្វាយ​ព្រះ‌យេហូវ៉ា នោះ​ឯង​ជា​អាសនា​មុន​ដំបូង ដែល​ទ្រង់​បាន​ស្អាង​ថ្វាយ​ព្រះ‌យេហូវ៉ា។

36. លំដាប់​នោះ​សូល​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​យើង​ចុះ​ទៅ​ទាំង​យប់​តាម​ពួក​ភីលីស្ទីន ដើម្បី​នឹង​វាយ​គេ​រហូត​ដល់​ភ្លឺ កុំ​ឲ្យ​យើង​ទុក​គេ​ឲ្យ​សល់​ដល់​ម្នាក់​ឡើយ គេ​ទទួល​ថា សូម​ទ្រង់​សំរេច តាម​ដែល​យល់​ថា​ស្រួល​ចុះ នោះ​សង្ឃ​មាន​វាចា​ថា ចូរ​យើង​រាល់​គ្នា​មូល​មក​ឯ​ព្រះ​នៅ​ទី​នេះ​សិន

37. សូល​ទ្រង់​ក៏​ទូល​សួរ​ដល់​ព្រះ​ថា តើ​ត្រូវ​ឲ្យ​ទូល‌បង្គំ​ចុះ​ទៅ​តាម​ពួក​ភីលីស្ទីន​ឬ​អី តើ​ទ្រង់​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​ពួក​អ៊ីស្រា‌អែល​ឬ​ទេ តែ​នៅ​ថ្ងៃ​នោះ ព្រះ​ទ្រង់​មិន​បាន​ឆ្លើយ​តប​មក​សោះ

38. ដូច្នេះ សូល​ទ្រង់​ប្រាប់​ថា ចូរ​មក​ឯ​ណេះ ពួក​អ្នក​ដែល​ជា​មេ​លើ​រាស្ត្រ​អើយ ដើម្បី​នឹង​ពិចារណា​មើល ឲ្យ​ដឹង​ជា​កើត​មាន​បាប​យ៉ាង​ណា​នៅ​ថ្ងៃ​នេះ

39. ដ្បិត​យើង​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់ ដែល​ទ្រង់​បាន​ជួយ​សង្គ្រោះ​ពួក​អ៊ីស្រា‌អែល​ថា ទោះ​បើ​បាប​នោះ នៅ​លើ​រូប​យ៉ូណា‌ថាន ជា​កូន​យើង​ក៏​ដោយ​គង់​តែ​វា​នឹង​ត្រូវ​ស្លាប់​ទៅ​ជា​ប្រាកដ ក្នុង​ពួក​ពល​ទ័ព​គ្មាន​អ្នក​ណា​១​ឆ្លើយ​ឡើង​សោះ

សូមអានជំពូកពេញលេញ ១ សាំយូអែល 14