គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូអែល 14:11-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. ដូច្នេះ​អ្នក​ទាំង​២​ក៏​សំដែង​ខ្លួន ឲ្យ​ពួក​បន្ទាយ​នៃ​សាសន៍​ភីលីស្ទីន​ឃើញ រួច​គេ​និយាយ​ថា មើល ពួក​ហេ‌ព្រើរ​ចេញ​ពី​រូង​ដែល​គេ​ពួន​នៅ​នោះ​ហើយ

12. គេ​ក៏​និយាយ​ទៅ​យ៉ូណា‌ថាន និង​អ្នក​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​ថា ចូរ​ឡើង​មក​ឯ​យើង​ចុះ យើង​នឹង​បង្ហាញ​ឲ្យ​ឯង​ដឹង នោះ​យ៉ូណា‌ថាន​ប្រាប់​ដល់​អ្នក​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​ថា ចូរ​ឯង​ឡើង​មក​តាម​ក្រោយ​អញ​មក ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រគល់​គេ មក​ក្នុង​កណ្តាប់​ដៃ​នៃ​អ៊ីស្រា‌អែល​ហើយ

13. រួច​យ៉ូណា‌ថាន​ក៏​ប្រតោង​ឡើង ហើយ​អ្នក​ដែល​កាន់​គ្រឿង​របស់​លោក​ក៏​ឡើង​តាម​ក្រោយ​ទៅ ឯ​ពួក​នោះ​ក៏​ដួល​នៅ​មុខ​យ៉ូណា‌ថាន ហើយ​អ្នក​ដែល​កាន់​គ្រឿង​របស់​លោក​ក៏​សំឡាប់​គេ​ជា​ក្រោយ

14. រីឯ​ក្នុង​កាល​ដែល​យ៉ូណា‌ថាន និង​អ្នក​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​បាន​សំឡាប់​គេ​ជា​មុន​ដំបូង នោះ​បាន​ស្លាប់​អស់​ប្រហែល​ជា​២០​នាក់ នៅ​លើ​ដី​ចំនួន​១​ងារ

15. នោះ​ក៏​មាន​ការ​ញាប់‌ញ័រ​កើត​ឡើង ក្នុង​ទី​បោះ​ទ័ព​ដែល​នៅ​វាល និង​នៅ​ក្នុង​ពួក​បណ្តា​ទ័ព​ទាំង​ប៉ុន្មាន ឯ​ពួក​អ្នក​នៅ​ក្នុង​បន្ទាយ និង​ពួក​ទ័ព​បំផ្លាញ គេ​ក៏​ញ័រ​រន្ធត់​ដែរ ហើយ​ផែនដី​ក៏​កក្រើក​ឡើង ដូច្នេះ គេ​មាន​សេចក្តី​ញ័រ​រន្ធត់​ជា​ខ្លាំង​ក្រៃលែង។

16. ឯ​ពួក​យាម‌ល្បាត​ខាង​សូល ដែល​នៅ​ក្រុង​គីបៀរ​ក្នុង​ស្រុក​បេន‌យ៉ា‌មីន គេ​ក៏​មើល​ទៅ​ឃើញ​បណ្តា​ពល​បែក‌ខ្ញែក​ពី​គ្នា​ខ្ចាត់​ខ្ចាយ ខ្លះ​ទៅ​ខាង​នេះ ខ្លះ​ទៅ​ខាង​នោះ

17. ដូច្នេះ សូល​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​អ្នក ដែល​នៅ​ជា​មួយ​ថា ចូរ​រាប់​មើល តើ​អ្នក​ណា​ដែល​បាន​ចេញ​ពី​យើង​ទៅ​នោះ កាល​គេ​បាន​រាប់​ទៅ នោះ​ឃើញ​បាត់​យ៉ូណា‌ថាន និង​អ្នក​ដែល​កាន់​គ្រឿង​របស់​លោក​ផង

18. នោះ​សូល​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​អ័ហ៊ីយ៉ា​ថា ចូរ​យក​ហឹប​នៃ​ព្រះ​មក​ឯ​ណេះ (ដ្បិត​នៅ​វេលា​នោះ ហឹប​នៃ​ព្រះ​បាន​នៅ​ជា​មួយ​នឹង​ពួក​ទ័ព​អ៊ីស្រា‌អែល)

19. កាល​សូល​កំពុង​តែ​មាន​ព្រះ‌បន្ទូល​នឹង​សង្ឃ​នៅ​ឡើយ នោះ​សូរ​អឺង‌កង​ដែល​ឮ​ពី​ទី​បោះ​ទ័ព​របស់​ពួក​ភីលីស្ទីន​ក៏​កាន់​តែ​ខ្លាំង​ឡើង ដូច្នេះ សូល​ប្រាប់​ដល់​សង្ឃ​ថា ចូរ​ដក​ដៃ​មក​វិញ

20. រួច​ទ្រង់​នឹង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ទាំង​ប៉ុន្មាន​ក៏​ប្រមូល​គ្នា​ទៅ​ឯ​ទី​ចំបាំង ហើយ​ឃើញ​មាន​ការ​ច្របូក‌ច្របល់​យ៉ាង​សំបើម ដោយ​កំពុង​តែ​កាប់​ចាក់​គ្នា​គេ

21. រីឯ​ពួក​ហេ‌ព្រើរ​ដែល​នៅ​ជា​មួយ​នឹង​ពួក​ភីលីស្ទីន ហើយ​បាន​ឡើង​មក​ក្នុង​ពួក​ទ័ព​ជា​មួយ​នឹង​គេ នោះ​ក៏​បែរ​មក​ខាង​ពួក​អ៊ីស្រា‌អែល ដែល​នៅ​ជា​មួយ​នឹង​សូល ហើយ​នឹង​យ៉ូណា‌ថាន​វិញ

22. កាល​ពួក​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​ដែល​ពួន​នៅ​ស្រុក​ភ្នំ​អេប្រា‌អិម​បាន​ឮ​ថា ពួក​ភីលីស្ទីន​រត់​ដូច្នោះ នោះ​គេ​ក៏​ដេញ​តាម​ច្បាំង​យ៉ាង​ប្រកិត​ដែរ

សូមអានជំពូកពេញលេញ ១ សាំយូអែល 14