គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូអែល 13:1-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. លុះ​កាល​សូល​សោយ‌រាជ្យ​លើ​សាសន៍​អ៊ីស្រា‌អែល​បាន​២​ឆ្នាំ

2. នោះ​ទ្រង់​រើស​ពួក​មនុស្ស ក្នុង​សាសន៍​អ៊ីស្រា‌អែល បាន​ចំនួន​៣​ពាន់​នាក់ ក្នុង​ពួក​នោះ មាន​២​ពាន់​នាក់ នៅ​ជា​មួយ​នឹង​ទ្រង់​នៅ​ត្រង់​មីក‌ម៉ាស និង​លើ​ភ្នំ​បេត-អែល ហើយ​១​ពាន់​នាក់​ទៀត នៅ​ជា​មួយ​នឹង​យ៉ូណា‌ថាន នៅ​ត្រង់​គីបៀរ ក្នុង​ស្រុក​បេន‌យ៉ា‌មីន ឯ​បណ្តា‌ជន​ដែល​សល់​នៅ នោះ​ទ្រង់​បាន​ឲ្យ​គេ​ត្រឡប់​ទៅ​ផ្ទះ​រៀង​ខ្លួន​វិញ

3. គ្រា​នោះ​យ៉ូណា‌ថាន​ក៏​វាយ​បន្ទាយ​របស់​ពួក​ភីលីស្ទីន​ដែល​នៅ​ត្រង់​កេបា ហើយ​សាសន៍​ភីលីស្ទីន​ក៏​បាន​ឮ​ដំណឹង នោះ​សូល​ទ្រង់​ផ្លុំ​ត្រែ​ឡើង នៅ​ពេញ​ក្នុង​ស្រុក​ដោយ​ថា ចូរ​ឲ្យ​ពួក​សាសន៍​ហេ‌ព្រើរ​ស្តាប់​ចុះ

4. ដូច្នេះ ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ក៏​ឮ​ថា សូល​បាន​វាយ​បន្ទាយ​របស់​ពួក​ភីលីស្ទីន​ហើយ គេ​ក៏​ដឹង​ថា ពួក​ភីលីស្ទីន​ស្អប់​ខ្ពើម ដល់​សាសន៍​អ៊ីស្រា‌អែល​ដែរ នោះ​បណ្តា‌ជន​ទាំង‌ឡាយ គេ​មូល​គ្នា​ទៅ​ឯ​សូល នៅ​ត្រង់​គីល‌កាល។

5. ឯ​ពួក​ភីលីស្ទីន គេ​ក៏​មូល​គ្នា​មក ដើម្បី​ច្បាំង​នឹង​ពួក​អ៊ីស្រា‌អែល​ដែរ មាន​ទាំង​រទេះ​ចំបាំង​៣​ម៉ឺន ពល​សេះ​៦​ពាន់ ហើយ​នឹង​ពល​ថ្មើរ​ជើង​សន្ធឹក​ណាស់ ដូច​ជា​ខ្សាច់​ដែល​នៅ​មាត់​សមុទ្រ គេ​នាំ​គ្នា​ឡើង​មក បោះ​ទ័ព​នៅ​ត្រង់​មីក‌ម៉ាស ខាង​កើត​បេត-អាវេន

6. កាល​ពួក​ទ័ព​ខាង​អ៊ីស្រា‌អែល​ឃើញ​ថា ខ្លួន​អស់​ផ្លូវ​ហើយ ពី​ព្រោះ​បណ្តា​ទ័ព​មាន​សេចក្តី​កង្វល់​ជា​ខ្លាំង នោះ​ក៏​រត់​ទៅ​ជ្រក​ពួន​ក្នុង​រអាង​ក្នុង​ព្រៃ​ញាត‌ស្បាត ក្នុង​កន្លៀត​ថ្ម និង​ក្នុង​អណ្តូង ហើយ​នៅ​លើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន

7. រីឯ​ពួក​ហេ‌ព្រើរ​ខ្លះ គេ​ក៏​ឆ្លង​ទន្លេ​យ័រដាន់ ទៅ​ឯ​ស្រុក​កាឌ់ ហើយ​នឹង​ស្រុក​កាឡាត​ទៅ តែ​សូល​ទ្រង់​នៅ​ត្រង់​គីល‌កាល​នៅ​ឡើយ ហើយ​បណ្តា​ទ័ព​ក៏​តាម​ទ្រង់​ទាំង​ញាប់‌ញ័រ។

8. ទ្រង់​ក៏​រង់‌ចាំ​នៅ​៧​ថ្ងៃ តាម​កំណត់​ដែល​សាំយូ‌អែល​បាន​សន្យា តែ​សាំយូ‌អែល​មិន​បាន​មក​ដល់​គីល‌កាល​ទេ ហើយ​បណ្តា‌ជន​ក៏​ខ្ចាត់​ខ្ចាយ​ចេញ​ពី​ទ្រង់​អស់​ទៅ

9. ដូច្នេះ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​យក​ដង្វាយ​ដុត​នោះ​មក​ឯ​ខ្ញុំ ព្រម​ទាំង​ដង្វាយ​មេត្រី​ផង រួច​ទ្រង់​ក៏​ថ្វាយ​ដង្វាយ​ដុត​នោះ​ទៅ

10. តែ​កាល​ដុត​ថ្វាយ​រួច​ហើយ នោះ​មើល សាំយូ‌អែល​ក៏​មក​ដល់ ហើយ​សូល​ទ្រង់​ចេញ​ទៅ​ទទួល ដើម្បី​នឹង​គោរព​ដល់​លោក

11. ប៉ុន្តែ សាំយូ‌អែល​ទូល​សួរ​ថា តើ​បាន​ធ្វើ​អ្វី​ហ្នឹង សូល​ទ្រង់​ឆ្លើយ​ថា ដោយ​ព្រោះ​ខ្ញុំ​ឃើញ​ថា បណ្តា​ទ័ព​បាន​ខ្ចាត់​ខ្ចាយ​ចេញ​ពី​ខ្ញុំ​ទៅ ហើយ​លោក​ក៏​មិន​បាន​អញ្ជើញ​មក នៅ​វេលា​កំណត់ ហើយ​ពួក​ភីលីស្ទីន​បាន​ប្រមូល​គ្នា​មក នៅ​មីក‌ម៉ាស​ផង

សូមអានជំពូកពេញលេញ ១ សាំយូអែល 13