គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូអែល 1:4-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. លុះ​ដល់​ថ្ងៃ​ដែល​អែល‌កាណា​ថ្វាយ​យញ្ញ‌បូជា​របស់​ខ្លួន នោះ​ក៏​ចែក​ចំណែក​ដល់​ពេនី‌ណា​ជា​ប្រពន្ធ និង​ដល់​កូន​ប្រុស​កូន​ស្រី​របស់​នាង​ទាំង​អស់​គ្នា

5. តែ​បាន​ចែក​ដល់​ហាណា​១​ជា​២​វិញ ដ្បិត​គាត់​ស្រឡាញ់​ហាណា​ជាង តែ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្ខាំង​ផ្ទៃ​នាង

6. គូ​វិវាទ​របស់​នាង​ក៏​រុក‌កួន​នាង​ជា​ខ្លាំង ចង់​ឲ្យ​នាង​កើត​សេចក្តី​កំហឹង ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​បង្ខាំង​ផ្ទៃ

7. ហើយ​ដែល​គាត់​ឡើង​ទៅ​រាល់​តែ​ឆ្នាំ​ដូច្នោះ នោះ​ពេនី‌ណា​ក៏​តែង‌តែ​រុក‌កួន​នាង​កំពុង​ដែល​ធ្វើ​ដំណើរ ឡើង​ទៅ​ឯ​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា បាន​ជា​ហាណា នាង​យំ ហើយ​មិន​បរិភោគ​ទេ

8. នោះ​អែល‌កាណា​ជា​ប្ដី​សួរ​ថា ហាណា​អើយ ហេតុ​អ្វី​បាន​ជា​នាង​យំ ហើយ​មិន​បរិភោគ​ដូច្នេះ ម្តេច​ក៏​នាង​កើត​ទុក្ខ តើ​ខ្ញុំ​មិន​វិសេស​ដល់​នាង ជា​ជាង​មាន​កូន​ប្រុស​១០​នាក់​ទេ​ឬ​អី។

9. ដូច្នេះ ក្រោយ​ដែល​គេ​បាន​បរិភោគ​នៅ​ត្រង់​ស៊ីឡូរ​រួច​ហើយ នោះ​នាង​ហាណា​ក៏​ក្រោក​ឡើង រីឯ​អេលី​ដ៏​ជា​សង្ឃ លោក​កំពុង​នៅ​លើ​ទី​អង្គុយ​របស់​លោក ជិត​សសរ​ទ្វារ​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា

10. ខណៈ​នោះ នាង​មាន​សេចក្តី​ជូរ​ល្វីង​ក្នុង​ចិត្ត​ណាស់ ក៏​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ទាំង​យំ​អណ្តឺត‌អណ្តក

11. រួច​នាង​បន់​ថា ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​អើយ បើ​សិន​ជា​ទ្រង់​នឹង​ក្រឡេក​ព្រះ‌នេត្រ​មក​ទត​ចំពោះ​សេចក្តី​ទុក្ខ​លំបាក​របស់​ខ្ញុំ​ម្ចាស់ ជា​ស្រី​បំរើ​ទ្រង់ ហើយ​នឹក​ចាំ​មិន​ដាច់​ពី​ខ្ញុំ​ម្ចាស់ ដើម្បី​នឹង​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​ម្ចាស់ ជា​ស្រី​បំរើ​ទ្រង់ បាន​កូន​ប្រុស​១ នោះ​ខ្ញុំ​ម្ចាស់​នឹង​ថ្វាយ​វា​ដល់​ព្រះ‌យេហូវ៉ា​គ្រប់​១​ជីវិត ហើយ​មិន​ដែល​មាន​កាំបិត​កោរ​សក់​វា​ឡើយ។

12. គ្រា​កំពុង​ដែល​នាង​នៅ​អធិស្ឋាន ចំពោះ​ព្រះ‌យេហូវ៉ា​នៅ​ឡើយ នោះ​អេលី​ក៏​ចំណាំ​មើល​មាត់​នាង

13. ឯ​ហាណា នាង​នឹក​តែ​ក្នុង​ពោះ មាន​បបូរ‌មាត់​ផ្អូចៗ តែ​ឥត​ឮ​សំឡេង​នាង​ឡើយ បាន​ជា​អេលី​ស្មាន​ថា​ជា​នាង​ស្រវឹង​ហើយ

14. ទើប​សួរ​ថា តើ​នាង​នៅ​តែ​ស្រវឹង​ដល់​កាល​ណា​ទៀត ចូរ​លះ​ចោល​ស្រា​ពី​ខ្លួន​នាង​ចេញ​ទៅ

15. តែ​ហាណា​ឆ្លើយ​តប​ថា ទេ ព្រះ‌គុណ​ម្ចាស់​អើយ ខ្ញុំ​ជា​ស្ត្រី​មាន​ចិត្ត​ព្រួយ​ជា​ខ្លាំង​ទេ ខ្ញុំ​មិន​បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ គឺ​ខ្ញុំ​បាន​ប្លុង​ចិត្ត​ទៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទេ​តើ

16. សូម​កុំ​រាប់​ខ្ញុំ​ជា​អ្នក​បំរើ​លោក ទុក​ជា​ស្ត្រី​អាក្រក់​ឡើយ ដ្បិត​ដែល​ខ្ញុំ​បាន​ចេញ​វាចា ដរាប​ដល់​ឥឡូវ​នេះ នោះ​កើត​តែ​ពី​សេចក្តី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ និង​ការ​រុក‌កួន​ដ៏​ហួស​កំណោះ​ប៉ុណ្ណោះ​ទេ

17. នោះ​អេលី​ឆ្លើយ​ថា ដូច្នេះ សូម​អញ្ជើញ​ទៅ ប្រកប​ដោយ​សេចក្តី​សុខ​ចុះ សូម​ឲ្យ​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​ប្រោស​ឲ្យ​បាន​សំរេច​ដល់​នាង តាម​សេចក្តី​ដែល​បាន​សូម​ពី​ទ្រង់​ចុះ

18. រួច​នាង​សូម​ថា ដូច្នេះ សូម​ឲ្យ​ខ្ញុំ ជា​អ្នក​បំរើ​លោក បាន​ប្រកប​ដោយ​គុណ​នៃ​លោក​ម្ចាស់​ផង នោះ​នាង​ក៏​បាត់​ទឹក​មុខ​ព្រួយ ហើយ​ចេញ​ទៅ​បរិភោគ​ភោជន៍​វិញ។

សូមអានជំពូកពេញលេញ ១ សាំយូអែល 1