គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូអែល 1:21-28 ព្រះគម្ពីរបរិសុទ្ធ (KHOV)

21. ឯ​អែល‌កាណា ជា​ប្ដី​នាង ព្រម​ទាំង​ពួក​គ្រួ​គាត់​ទាំង​អស់ ក៏​នាំ​គ្នា​ឡើង​ទៅ​ថ្វាយ​យញ្ញ‌បូជា តាម​ដែល​ធ្លាប់​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​រាល់​តែ​ឆ្នាំ ហើយ​នឹង​លា​បំណន់​របស់​គាត់​ទៅ

22. តែ​ហាណា​មិន​បាន​ទៅ​ទេ ដោយ​ប្រាប់​ប្ដី​ថា ចាំ​ដល់​កូន​លែង​ដោះ​សិន នោះ​ខ្ញុំ​នឹង​នាំ​វា​ទៅ ឲ្យ​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​ឲ្យ​នៅ​ទី​នោះ​ជាប់​ជា​ដរាប​ទៅ

23. នោះ​អែល‌កាណា​ជា​ប្ដី​ឆ្លើយ​ថា ចូរ​ធ្វើ​តាម​ដែល​នាង​គិត​ឃើញ​ថា​ត្រូវ​ចុះ ចូរ​នៅ​ចាំ​ទាល់​តែ​វា​លែង​ដោះ​សិន សូម​តែ​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​សំរេច​តាម​ព្រះ‌បន្ទូល​ទ្រង់​ប៉ុណ្ណោះ ដូច្នេះ នាង​ក៏​នៅ​បំបៅ​កូន ទាល់​តែ​បាន​ផ្តាច់​ដោះ​ហើយ

24. លុះ​បាន​ផ្តាច់​ដោះ​ស្រេច​ហើយ នោះ​នាង​ក៏​នាំ​យក​កូន​ឡើង​ទៅ​ជា​មួយ ព្រម​ទាំង​គោ​ឈ្មោល​ស្ទាវ​៣ ម្សៅ​១​ថាំង ហើយ​នឹង​ថង់​ស្បែក​ដាក់​ស្រា​ទំពាំង‌បាយ‌ជូរ​១ នាំ​ទៅ​ឯ​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា​នៅ​ត្រង់​ស៊ីឡូរ ឯ​កូន​នោះ​នៅ​ក្មេង​ណាស់

25. រួច​គេ​សំឡាប់​គោ​ឈ្មោល ហើយ​នាំ​កូន​ទៅ​ឯ​អេលី

26. ជំរាប​ថា ឱ​ព្រះ‌គុណ​ម្ចាស់​ខ្ញុំ​អើយ ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រលឹង​លោក​ដែល​នៅ​រស់ ព្រះ‌គុណ​ម្ចាស់​ខ្ញុំ​អើយ ខ្ញុំ​នេះ​ហើយ ជា​ស្រី​ដែល​បាន​ឈរ​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា នៅ​ទី​នេះ​ជិត​លោក

27. គឺ​ខ្ញុំ​បាន​អធិស្ឋាន​សូម​ឲ្យ​បាន​កូន​នេះ ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រោស​ឲ្យ​បាន​សំរេច​ដល់​ខ្ញុំ ដូច​ពាក្យ​សំណូម​នោះ​មែន

28. ដូច្នេះ ខ្ញុំ​សូម​ប្រគល់​វា​ដល់​ព្រះ‌យេហូវ៉ា ទុក​ជា​របស់​ផង​ទ្រង់​រហូត​ដល់​អស់​ជីវិត រួច​គេ​នាំ​គ្នា​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ។

សូមអានជំពូកពេញលេញ ១ សាំយូអែល 1