គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 29:19-30 ព្រះគម្ពីរបរិសុទ្ធ (KHOV)

19. ហើយ​សូម​ប្រទាន​ឲ្យ​សាឡូ‌ម៉ូន ជា​បុត្រ​ទូល‌បង្គំ មាន​ចិត្ត​ស្មោះ‌ត្រង់ ដើម្បី​ឲ្យ​បាន​កាន់​តាម​អស់​ទាំង​ក្រឹត្យ‌ក្រម​សេចក្ដី​បន្ទាល់ និង​បញ្ញត្ត​នៃ​ទ្រង់​ទាំង​ប៉ុន្មាន ព្រម​ទាំង​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​នេះ ហើយ​ស្អាង​ព្រះ‌វិហារ​នេះ​ដែល​ទូល‌បង្គំ​បាន​ត្រៀម​ទុក​ឲ្យ។

20. ឯ​ដាវីឌ​ទ្រង់​មាន​ព្រះ‌បន្ទូល​ដល់​ពួក​ជំនុំ​ទាំង​អស់​គ្នា​ថា ចូរ​អ្នក​រាល់​គ្នា​បង្គំ​ទូល​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ចុះ ដូច្នេះ ពួក​ជំនុំ​ទាំង​អស់​ក៏​សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អយ្យកោ​គេ​បាន​ព្រះ‌ពរ រួច​គេ​ឱន​ក្បាល​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា និង​ស្តេច​ផង។

21. ដល់​ថ្ងៃ​ស្អែក​ឡើង គេ​ក៏​ថ្វាយ​យញ្ញ‌បូជា និង​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា គឺ​គោ​ឈ្មោល​១​ពាន់ ចៀម​ឈ្មោល​១​ពាន់ កូន​ចៀម​១​ពាន់ និង​ដង្វាយ​ច្រួច​នៃ​ដង្វាយ​ទាំង​នោះ ហើយ​យញ្ញ‌បូជា​ឯ​ទៀត​ជា​បរិបូរ​សំរាប់​ពួក​អ៊ីស្រា‌អែល​ទាំង​អស់

22. គេ​ក៏​បរិភោគ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​សេចក្ដី​អំណរ​ជា​ខ្លាំង​នៅ​ថ្ងៃ​នោះ​ឯង។រួច​គេ​តាំង​សាឡូ‌ម៉ូន ជា​ព្រះ‌រាជ‌បុត្រា​នៃ​ដាវីឌ ឡើង​ម្តង​នេះ​ទៀត ឲ្យ​ធ្វើ​ជា​ស្តេច ក៏​ចាក់​ប្រេង​ញែក​ទ្រង់​ចេញ ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ទុក​ជា​អ្នក​គ្រប់‌គ្រង ហើយ​សាដុក​ផង ឲ្យ​ធ្វើ​ជា​សង្ឃ

23. នោះ​សាឡូ‌ម៉ូន​ក៏​ឡើង​គង់​លើ​បល្ល័ង្ក​នៃ​ព្រះ‌យេហូវ៉ា ជា​ស្តេច​ជំនួស​ដាវីឌ ព្រះ‌បិតា​ទ្រង់ ក៏​ថ្កុំ‌ថ្កើង​ឡើង ហើយ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​បាន​ស្តាប់​បង្គាប់​ទ្រង់

24. ចំណែក​ពួក​អ្នក​ដែល​ជា​កំពូល​ទាំង​អស់ និង​ពួក​ខ្លាំង​ពូកែ ព្រម​ទាំង​បុត្រា​ទាំង​ប៉ុន្មាន​របស់​ស្តេច​ដាវីឌ នោះ​ក៏​ចុះ​ចូល​នឹង​ស្តេច​សាឡូ‌ម៉ូន​ទាំង​អស់​ដែរ

25. ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ដំកើង​សាឡូ‌ម៉ូន​ឡើង​យ៉ាង​ក្រៃលែង នៅ​ភ្នែក​នៃ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ព្រម​ទាំង​ប្រោស​ប្រទាន ឲ្យ​ទ្រង់​មាន​តេជា‌នុភាព​ដ៏​ខ្ពង់‌ខ្ពស់​ផង ដល់​ម៉្លេះ​បាន​ជា​កាល​មុន​ជំនាន់​ទ្រង់ មិន​ដែល​មាន​ស្តេច​ណា​ក្នុង​ពួក​អ៊ីស្រា‌អែល​ដែល​មាន​យ៉ាង​នោះ​ឡើយ។

26. រីឯ​ដាវីឌ ជា​បុត្រ​អ៊ីសាយ ទ្រង់​បាន​សោយ‌រាជ្យ​លើ​សាសន៍​អ៊ីស្រា‌អែល​ទាំង​មូល

27. ហើយ​ពេល​វេលា​ដែល​ទ្រង់​សោយ‌រាជ្យ​លើ​គេ នោះ​រួម​ទាំង​អស់​បាន​៤០​ឆ្នាំ គឺ​ទ្រង់​សោយ‌រាជ្យ​នៅ​ក្រុង​ហេប្រុន​បាន​៧​ឆ្នាំ ហើយ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​៣៣​ឆ្នាំ

28. រួច​ទ្រង់​ក៏​សុគត​ទៅ​បាន​ព្រះ‌ជន្ម​វែង​ល្អ ហើយ​បាន​ស្កប់‌ស្កល់​នឹង​ព្រះ‌ជន្ម ទ្រព្យ‌សម្បត្តិ និង​កិត្តិយស​ផង នោះ​សាឡូ‌ម៉ូន ជា​ព្រះ‌រាជ‌បុត្រា​ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​ព្រះ‌បិតា

29. រីឯ​កិច្ច‌ការ​របស់​ស្តេច​ដាវីឌ​ទាំង​អស់ ចាប់​តាំង​ពី​ដើម រហូត​ដល់​ចុង នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ​របស់​សាំយូ‌អែល ជា​អ្នក​មើល‌ឆុត និង​ក្នុង​សៀវភៅ​របស់​ហោរា​ណាថាន់ ហើយ​ក្នុង​សៀវភៅ​របស់​កាឌ់ ជា​អ្នក​មើល‌ឆុត​ហើយ

30. ព្រម​ទាំង​រឿង​ពី​រាជ្យ និង​ឥទ្ធា‌នុភាព​របស់​ទ្រង់ ពី​ជំនាន់​ទ្រង់ និង​ពួក​អ៊ីស្រា‌អែល ហើយ​អស់​ទាំង​រាជ្យ​របស់​នគរ​ផ្សេងៗ​នោះ​ផង។:៚

សូមអានជំពូកពេញលេញ ១ របាក្សត្រ 29