គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 29:1-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. លំដាប់​មក ស្តេច​ដាវីឌ​ទ្រង់​មាន​ព្រះ‌បន្ទូល​ដល់​ពួក​ជំនុំ​ទាំង​អស់​គ្នា​ថា សាឡូ‌ម៉ូន ជា​បុត្រ​យើង​នេះ គឺ​ជា​បុត្រ​១​ដែល​ព្រះ​បាន​រើស​ទុក ទ្រង់​នៅ​ក្មេង​ខ្ចី​នៅ​ឡើយ ហើយ​ការ​នេះ​ធំ​ណាស់ ដ្បិត​ព្រះ‌វិហារ​នេះ​មិន​មែន​សំរាប់​មនុស្ស គឺ​សំរាប់​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​វិញ

2. យើង​បាន​ត្រៀម​ការ​អស់​ពី​ចិត្ត សំរាប់​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង គឺ​ជា​មាស​សំរាប់​ប្រដាប់​ធ្វើ​ពី​មាស ប្រាក់​សំរាប់​ប្រដាប់​ធ្វើ​ពី​ប្រាក់ លង្ហិន​សំរាប់​ប្រដាប់​ធ្វើ​ពី​លង្ហិន ដែក​សំរាប់​ប្រដាប់​ធ្វើ​ពី​ដែក ឈើ​សំរាប់​ប្រដាប់​ធ្វើ​ពី​ឈើ ថ្ម​អូនីក្ស និង​ត្បូង​សំរាប់​បញ្ចុះ ដែល​មាន​ពណ៌​ផ្សេងៗ និង​ត្បូង​មាន​ដំឡៃ​គ្រប់​មុខ ព្រម​ទាំង​ថ្ម​កែវ​ជា​បរិបូរ

3. មួយ​ទៀត ដោយ​ព្រោះ​យើង​មាន​ចិត្ត​ស្រឡាញ់ ដល់​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង បាន​ជា​យើង​ប្រគល់​មាស និង​ប្រាក់​ទាំង​ប៉ុន្មាន ដែល​ជា​របស់​ផង​ខ្លួន​យើង សំរាប់​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង ក្រៅ​អំពី​របស់​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ត្រៀម​ទុក សំរាប់​ទី​បរិសុទ្ធ​នេះ

4. គឺ​មាស​៣​ពាន់​ហាប ជា​មាស​ស្រុក​អូភារ ប្រាក់​ដែល​សំរង​ស្រាប់​៧​ពាន់​ហាប សំរាប់​នឹង​ស្រោប​ជញ្ជាំង​មន្ទីរ​ទាំង​ប៉ុន្មាន

5. ហើយ​មាស​សំរាប់​ប្រដាប់​ធ្វើ​ពី​មាស និង​ប្រាក់​សំរាប់​ប្រដាប់​ធ្វើ​ពី​ប្រាក់ ហើយ​សំរាប់​គ្រប់​ទាំង​ការ ដែល​ពួក​ជាង​មាន​ស្នាដៃ​នឹង​ធ្វើ ដូច្នេះ នៅ​ថ្ងៃ​នេះ តើ​មាន​អ្នក​ណា​ចូល​ចិត្ត ចង់​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ដែរ​ឬ​ទេ។

6. គ្រា​នោះ​ពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ពួក​ចៅ‌ហ្វាយ​នៃ​ពូជ​អំបូរ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន និង​ពួក​មេ​ធំ​តូច ហើយ​ពួក​នាយ​ដែល​ត្រួត​ការ​របស់​ស្តេច គេ​ក៏​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត

7. គេ​ថ្វាយ​សំរាប់​ការ‌ងារ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ ជា​មាស​៥​ពាន់​ហាប និង​១​ម៉ឺន​ជី ប្រាក់​១​ម៉ឺន​ហាប លង្ហិន​១​ម៉ឺន​៨​ពាន់​ហាប និង​ដែក​១​សែន​ហាប

8. ហើយ​អ្នក​ណា​ដែល​មាន​ត្បូង នោះ​ក៏​ថ្វាយ​ទៅ​ក្នុង​ឃ្លាំង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ក្រោម​អំណាច​យេហ៊ី‌អែល ជា​ពួក​គើសុន

9. នោះ​បណ្តា‌ជន​ទាំង‌ឡាយ​ក៏​រីក‌រាយ​សប្បាយ​ដោយ​បាន​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត ពី​ព្រោះ​គេ​បាន​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា ដោយ​ចិត្ត​ស្មោះ ហើយ​ស្តេច​ដាវីឌ​ទ្រង់​ក៏​រីក‌រាយ​សប្បាយ ដោយ​អំណរ​ជា​ខ្លាំង​ដែរ។

10. ហេតុ​នោះ ដាវីឌ​ទ្រង់​ក៏​បង្គំ​ទូល​ដល់​ព្រះ‌យេហូវ៉ា នៅ​ចំពោះ​ពួក​ជំនុំ​ទាំង​អស់​គ្នា​ថា ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ៊ីស្រា‌អែល អយ្យកោ​យើង​រាល់​គ្នា​អើយ សូម​ឲ្យ​ទ្រង់​បាន​ព្រះ‌ពរ​នៅ​អស់​កល្ប‌ជានិច្ច

11. ឱ​ព្រះ‌យេហូវ៉ា​អើយ ភាព​ដ៏​ធំ និង​ព្រះ‌ចេស្តា សិរី‌ល្អ ជ័យ‌ជំនះ និង​តេជា‌នុភាព នោះ​សុទ្ធ​តែ​ជា​របស់​ផង​ទ្រង់ ដ្បិត​គ្រប់​ទាំង​អស់​ដែល​នៅ​លើ​មេឃ និង​នៅ​ផែនដី ជា​របស់​ផង​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ រាជ្យ​នេះ​ក៏​ជា​របស់​ផង​ទ្រង់​ដែរ ហើយ​ទ្រង់​បាន​ដំកើង​ឡើង ជា​ប្រធាន​លើ​ទាំង​អស់

12. ទ្រព្យ‌សម្បត្តិ និង​កេរ្តិ៍​ឈ្មោះ​ក៏​មក​អំពី​ទ្រង់ ហើយ​គឺ​ទ្រង់​ដែល​គ្រប់‌គ្រង​លើ​ទាំង​អស់ នៅ​ព្រះ‌ហស្ត​ទ្រង់​មាន​ទាំង​ព្រះ‌ចេស្តា និង​ឥទ្ធិ‌ឫទ្ធិ ហើយ​ទ្រង់​មាន​អំណាច​នឹង​លើក​ជា​ធំ ហើយ​ប្រោស​ឲ្យ​មាន​កំឡាំង​ដល់​មនុស្ស​ទាំង​អស់

13. ដូច្នេះ ឱ​ព្រះ​នៃ​យើង​រាល់​គ្នា​អើយ យើង​ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ទ្រង់ ហើយ​ក៏​លើក​សរសើរ​ព្រះ‌នាម​ទ្រង់​ដ៏​មាន​សិរី‌ល្អ

14. តែ​តើ​ទូល‌បង្គំ​ជា​អ្វី ហើយ​រាស្ត្រ​របស់​ទូល‌បង្គំ​នេះ​ជា​អ្វី ដែល​យើង​ខ្ញុំ​រាល់​គ្នា​អាច​នឹង​ថ្វាយ​ដង្វាយ​យ៉ាង​នេះ ដោយ​ស្ម័គ្រ​ពី​ចិត្ត​បាន ដ្បិត​គ្រប់​របស់​ទាំង​អស់​មក​ពី​ទ្រង់ យើង​ខ្ញុំ​រាល់​គ្នា​បាន​យក​តែ​ពី​ព្រះ‌ហស្ត​ទ្រង់ ថ្វាយ​ដល់​ទ្រង់​វិញ

សូមអានជំពូកពេញលេញ ១ របាក្សត្រ 29