គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 23:17-32 ព្រះគម្ពីរបរិសុទ្ធ (KHOV)

17. កូន​របស់​អេលា‌ស៊ើរ គឺ​រេហាបយ៉ា ជា​មេ ហើយ​អេលា‌ស៊ើរ​គ្មាន​កូន​ប្រុស​ណា​ទៀត​ទេ តែ​រេហាបយ៉ា​មាន​កូន​ច្រើន​ណាស់

18. ឯ​កូន​របស់​យីតសារ គឺ​សឡូមិត ជា​មេ

19. កូន​របស់​ហេប្រុន គឺ​យេរីយ៉ា ជា​មេ អ័ម៉ារា ជា​អ្នក​ទី​២ យ៉ាហា‌សៀល​ទី​៣ និង​យេកាមាម​ទី​៤

20. ឯ​កូន​របស់​អ៊ូស៊ាល គឺ​មីកា ជា​មេ និង​យីសយ៉ា ជា​ទី​២។

21. ឯ​កូន​របស់​ម្រ៉ារី គឺ​ម៉ាស់លី និង​មូស៊ី កូន​របស់​ម៉ាស់លី គឺ​អេលាសារ និង​គីស

22. ឯ​អេលាសារ​គាត់​ស្លាប់​ទៅ ឥត​មាន​កូន​ប្រុស​ទេ មាន​តែ​កូន​ស្រីៗ ហើយ​កូន​ចៅ​គីស ជា​បង​ប្អូន​គេ​ក៏​យក​នាង​ទាំង​នោះ ធ្វើ​ជា​ប្រពន្ធ

23. ឯ​កូន​របស់​មូស៊ី គឺ​ម៉ាស់លី អេឌើរ និង​យេរេ‌ម៉ូត ទាំង​អស់​៣​នាក់។

24. ពួក​នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លេវី តាម​វង្ស​នៃ​ឪពុក​គេ គឺ​ជា​មេ​លើ​វង្ស​នៃ​ឪពុក​គេ ក្នុង​ពួក​អ្នក​ដែល​បាន​រាប់​តាម​ឈ្មោះ​គេ​រៀង​រាល់​ខ្លួន ជា​ពួក​អ្នក​ដែល​ធ្វើ​ការ‌ងារ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ

25. ដ្បិត​ដាវីឌ​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​បាន​ប្រោស‌ប្រទាន ឲ្យ​រាស្ត្រ​ទ្រង់​បាន​សេចក្ដី​ស្រាក‌ស្រាន្ត ហើយ​ទ្រង់​នឹង​គង់​នៅ​ក្រុង​យេរូ‌សាឡិម ជា​រៀង‌រាប​ដរាប​ទៅ

26. ឯ​ពួក​លេវី គេ​មិន​ត្រូវ​ការ​សែង​រោង​ឧបោសថ និង​គ្រឿង​ប្រដាប់ សំរាប់​ការ‌ងារ​នៃ​រោង​នោះ​ទៀត​ឡើយ

27. ដ្បិត​តាម​ពាក្យ​បង្គាប់​ក្រោយ​បង្អស់​របស់​ដាវីឌ នោះ​គេ​បាន​រាប់​ចំនួន​ពួក​កូន​ចៅ​លេវី ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ

28. ពី​ព្រោះ​ការ‌ងារ​របស់​គេ គឺ​ឲ្យ​បំរើ​ពួក​កូន​ចៅ​អើរ៉ុន សំរាប់​ការ‌ងារ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​នៅ​ទីលាន ហើយ​ក្នុង​បន្ទប់​ទាំង​ប៉ុន្មាន និង​ការ​សំអាត​របស់​បរិសុទ្ធ​ទាំង​អស់ គឺ​ជា​ការ‌ងារ​របស់​ព្រះ‌វិហារ​នៃ​ព្រះ

29. ហើយ​គឺ​ជា​អ្នក​ធ្វើ​នំបុ័ង​តាំង​ទុក ម្សៅ​យ៉ាង​ម៉ដ្ត សំរាប់​ដង្វាយ​ម្សៅ ទោះ​បើ​ធ្វើ​នំ​ក្រៀប​ឥត​ដំបែ ឬ​នំ​ដែល​ចំអិន​ក្នុង​ពុម្ព ឬ​ដែល​ចៀន​ក្តី ហើយ​នឹង​ការ​វាល់​វាស់​ទាំង​ប៉ុន្មាន​ផង

30. គេ​ត្រូវ​ឈរ​រាល់​តែ​ព្រឹក ដើម្បី​នឹង​អរ​ព្រះ‌គុណ ហើយ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ពេល​ល្ងាច​ផង

31. ក៏​ត្រូវ​ថ្វាយ​គ្រប់​ទាំង​ដង្វាយ​ដុត ដល់​ព្រះ‌យេហូវ៉ា នៅ​រាល់​តែ​ថ្ងៃ​ឈប់​សំរាក ថ្ងៃ​ចូល​ខែ និង​ថ្ងៃ​បុណ្យ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជានិច្ច​តាម​ចំនួន តាម​របៀប​នៃ​ពេល​ទាំង​នោះ

32. ព្រម​ទាំង​រក្សា​បញ្ញើ ជា​ត្រសាល​ជំនុំ និង​ទី​បរិសុទ្ធ ហើយ​បញ្ញើ​របស់​ពួក​កូន​ចៅ​អើរ៉ុន ជា​បង​ប្អូន​គេ ដែល​សំរាប់​ការ‌ងារ​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ផង។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 23