គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 22:6-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. រួច​មក​ទ្រង់​ហៅ​សាឡូ‌ម៉ូន ជា​ព្រះ‌រាជ‌បុត្រា មក​ផ្តាំ​ឲ្យ​ស្អាង​ព្រះ‌វិហារ ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល

7. ដាវីឌ​ក៏​មាន​ព្រះ‌បន្ទូល​នឹង​សាឡូ‌ម៉ូន​ថា កូន​អើយ ក្នុង​ចិត្ត​អញ​មាន​គំនិត​ចង់​ស្អាង​ព្រះ‌វិហារ​ថ្វាយ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អញ​ហើយ

8. តែ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​អញ​ថា ឯង​បាន​កំចាយ​ឈាម​ជា​ច្រើន ហើយ​បាន​ច្បាំង​ចំបាំង​យ៉ាង​ធំ មិន​ត្រូវ​ឲ្យ​ឯង​ស្អាង​ព្រះ‌វិហារ សំរាប់​ឈ្មោះ​អញ​ទេ ពី​ព្រោះ​បាន​កំចាយ​ឈាម​ជា​ច្រើន នៅ​លើ​ផែនដី នៅ​ចំពោះ​អញ

9. មើល នឹង​មាន​កូន​ប្រុស​១​កើត​ដល់​ឯង កូន​នោះ​នឹង​បាន​ជា​មនុស្ស​ទំនេរ​នៅ ហើយ​អញ​នឹង​ឲ្យ​វា​មាន​សេចក្ដី​សំរាក ពី​ពួក​ខ្មាំង​សត្រូវ​នៅ​ជុំវិញ ដ្បិត​វា​នឹង​មាន​ឈ្មោះ​ថា សាឡូ‌ម៉ូន ហើយ​នៅ​ជំនាន់​វា អញ​នឹង​ឲ្យ​ពួក​អ៊ីស្រា‌អែល​បាន​សេចក្ដី​សុខ​សាន្ត និង​សេចក្ដី​ស្រាក‌ស្រាន្ត

10. កូន​នោះ​នឹង​ស្អាង​ព្រះ‌វិហារ សំរាប់​ឈ្មោះ​អញ​វិញ វា​នឹង​ធ្វើ​ជា​កូន​របស់​អញ អញ​ក៏​នឹង​ធ្វើ​ជា​ឪពុក​ដល់​វា ហើយ​នឹង​តាំង​រាជ្យ​វា លើ​នគរ​អ៊ីស្រា‌អែល​ជា​ដរាប​ទៅ

11. ដូច្នេះ កូន​អើយ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​គង់​ជា​មួយ​នឹង​ឯង ហើយ​សូម​ឲ្យ​ឯង​បាន​ចំរើន​ឡើង ដើម្បី​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ដូច​ជា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​ឯង​ហើយ

12. សូម​តែ​ឲ្យ​ព្រះ‌យេហូវ៉ា ទ្រង់​ប្រទាន​ប្រាជ្ញា និង​យោបល់ ដល់​ឯង ហើយ​បង្គាប់​បញ្ជា​ឯង​ពី​ដំណើរ​សាសន៍​អ៊ីស្រា‌អែល ដើម្បី​ឲ្យ​ឯង​បាន​កាន់​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង

13. យ៉ាង​នោះ ឯង​នឹង​បាន​ចំរើន​ឡើង គឺ​បើ​ឯង​រក្សា ហើយ​ប្រព្រឹត្ត​តាម​ច្បាប់ និង​បញ្ញត្ត​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​ដល់​លោក​ម៉ូសេ ពី​ដំណើរ​ពួក​អ៊ីស្រា‌អែល​ជា​ពិត ចូរ​ឲ្យ​ឯង​មាន​កំឡាំង​ចុះ ហើយ​ឲ្យ​ចិត្ត​ក្លាហាន​ដែរ កុំ​ឲ្យ​ខ្លាច ឬ​រសាយ​ចិត្ត​ឡើយ

14. ឥឡូវ​នេះ មើល ក្នុង​អស់​ទាំង​សេចក្ដី​ទុក្ខ​លំបាក​របស់​អញ នោះ​អញ​បាន​ចាត់‌ចែង​ទុក ជា​មាស​១​សែន​ហាប និង​ប្រាក់​១​លាន​ហាប ព្រម​ទាំង​លង្ហិន និង​ដែក​ដែល​ថ្លឹង​មិន​បាន​ផង ដ្បិត​ច្រើន​ហួស​កំណត់​ណាស់ ក៏​បាន​ចាត់‌ចែង​ឈើ និង​ថ្ម​ដែរ ហើយ​ឯង​នឹង​ចង់​បន្ថែម​ទៀត​ក៏​បាន

សូមអានជំពូកពេញលេញ ១ របាក្សត្រ 22