គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 18:7-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. ដាវីឌ​ក៏​យក​អស់​ទាំង​ខែល​មាស របស់​ពួក​ទាហាន នៃ​ហាដា‌រេ‌ស៊ើរ​នាំ​មក​ឯ​ក្រុង​យេរូ‌សាឡិម

8. ហើយ​ពី​ក្រុង​បេថាស និង​ក្រុង​គូន ជា​ទី​ក្រុង​របស់​ហាដា‌រេ‌ស៊ើរ នោះ​ដាវីឌ​ក៏​យក​លង្ហិន​សន្ធឹក​ដែរ ដែល​សាឡូ‌ម៉ូន​បាន​ប្រើ​ធ្វើ​សមុទ្រ​លង្ហិន សសរ និង​គ្រឿង​ប្រដាប់​លង្ហិន​ទាំង​ប៉ុន្មាន។

9. កាល​ថូអ៊ី ជា​ស្តេច​ក្រុង​ហាម៉ាត បាន​ឮ​ថា ដាវីឌ​បាន​ប្រហារ​ពួក​ទ័ព​របស់​ហាដា‌រេ‌ស៊ើរ ជា​ស្តេច​សូបា ទាំង​អស់​ហើយ

10. នោះ​លោក​ក៏​ចាត់​យ៉ូរ៉ាម ជា​បុត្រ​ទ្រង់ ឲ្យ​ទៅ​គាល់​ស្តេច​ដាវីឌ ដើម្បី​នឹង​គំនាប់ ហើយ​ចំរើន​ពរ​ថ្វាយ ដោយ​ព្រោះ​ទ្រង់​បាន​ច្បាំង​ឈ្នះ​ហាដា‌រេ‌ស៊ើរ ដ្បិត​ហាដា‌រេ‌ស៊ើរ​ចេះ​តែ​ច្បាំង​នឹង​ថូអ៊ី​ជានិច្ច យ៉ូរ៉ាម​ក៏​នាំ​យក​ប្រដាប់​មាស ប្រាក់ និង​លង្ហិន​គ្រប់​មុខ ទៅ​ថ្វាយ​ដែរ

11. ស្តេច​ដាវីឌ​ទ្រង់​ក៏​ថ្វាយ​របស់​ទាំង​នោះ ដល់​ព្រះ‌យេហូវ៉ា​ជា​មួយ​នឹង​ប្រាក់ ហើយ​មាស​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​នាំ​យក​មក​ពី​អស់​ទាំង​សាសន៍​ដទៃ គឺ​ពី​សាសន៍​អេដំម សាសន៍​ម៉ូអាប់ ពួក​កូន​ចៅ​អាំម៉ូន សាសន៍​ភីលីស្ទីន និង​សាសន៍​អាម៉ា‌លេក។

12. ឯ​អ័ប៊ី‌សាយ ជា​កូន​សេរូយ៉ា​ក៏​ប្រហារ​ពួក​សាសន៍​អេដំម​អស់​១​ម៉ឺន​៨​ពាន់​នាក់ នៅ​ត្រង់​ច្រក​ភ្នំ​អំបិល

13. ក៏​ដាក់​កង‌ទ័ព​ឲ្យ​រក្សា​នៅ​ស្រុក​អេដំម ដូច្នេះ ពួក​អេដំម​ទាំង​អស់​បាន​ចំណុះ​ដាវីឌ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រោស​ឲ្យ​ដាវីឌ​មាន​ជ័យ‌ជំនះ នៅ​គ្រប់​ទី​កន្លែង​ណា ដែល​ទ្រង់​យាង​ទៅ។

14. ឯ​ដាវីឌ ទ្រង់​បាន​សោយ‌រាជ្យ លើ​សាសន៍​អ៊ីស្រា‌អែល​ទាំង​មូល ហើយ​ក៏​សំរេច​ការ​ទាំង​អស់​ដល់​បណ្តា‌ជន​ដោយ​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត

15. មាន​យ៉ូអាប់ ជា​កូន​សេរូយ៉ា ធ្វើ​ជា​មេ​ត្រួត‌ត្រា​លើ​បណ្តា​ពល‌ទ័ព​ទាំង​អស់ និង​យេហូ‌សា‌ផាត ជា​កូន​អ័ហ៊ី‌លូឌ ធ្វើ​ជា​អ្នក​កត់​ទុក​នូវ​ពង្សាវតារ

16. សាដុក ជា​កូន​អ័ហ៊ី‌ទូប និង​អ័ហ៊ី‌ម៉ា‌លេក ជា​កូន​អ័បៀ‌ថើរ ធ្វើ​ជា​សង្ឃ សេរ៉ាយ៉ា ជា​ស្មៀន​ហ្លួង

17. បេណាយ៉ា កូន​យេហូ‌យ៉ាដា ធ្វើ​ជា​មេ​លើ​ពួក​កេរេ‌ធីម ហើយ​នឹង​ពួក​ពេលេ‌ធីម ហើយ​បុត្រា​ទាំង​ប៉ុន្មាន​របស់​ដាវីឌ​ក៏​ធ្វើ​ជា​សេនាបតី។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 18