គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 18:1-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ក្រោយ​នោះ​មក ដាវីឌ​ទ្រង់​វាយ​បង្ក្រាប​ពួក​ភីលីស្ទីន ហើយ​ក៏​ចាប់​យក​ក្រុង​កាថ និង​ស្រុក​នៅ​ជុំវិញ​ពី​កណ្តាប់​ដៃ​នៃ​ពួក​ភីលីស្ទីន​នោះ

2. ទ្រង់​ក៏​វាយ​ស្រុក​ម៉ូអាប់ ហើយ​សាសន៍​ម៉ូអាប់ គេ​ចំណុះ​ដល់​ដាវីឌ ព្រម​ទាំង​បង់​សួយ‌អាករ​ផង។

3. ដាវីឌ​ក៏​វាយ​ហាដា‌រេ‌ស៊ើរ ជា​ស្តេច​សូបា រហូត​ដល់​ក្រុង​ហាម៉ាត ក្នុង​គ្រា​ដែល​លោក​កំពុង​ទៅ ដើម្បី​តាំង​អំណាច​នៅ​ទន្លេ​អ៊ើប្រាត

4. ដាវីឌ​ទ្រង់​ចាប់​បាន​រទេះ​ចំបាំង​១​ពាន់ និង​ទ័ព​សេះ​៧​ពាន់​នាក់ ហើយ​ពល​ថ្មើរ​ជើង​២​ម៉ឺន​នាក់​របស់​ស្តេច​នោះ ទ្រង់​ក៏​កាប់​សរសៃ​ក​ជើង​សេះ​ដែល​សំរាប់​រទេះ​ចំបាំង​ទាំង​អស់ បាន​ទុក​ឲ្យ​ល្មម​តែ​ទឹម​រទេះ​១០០​ប៉ុណ្ណោះ។

5. កាល​ពួក​សាសន៍​ស៊ីរី ពី​ក្រុង​ដាម៉ាស បាន​មក​ជួយ​ហាដា‌រេ‌ស៊ើរ ជា​ស្តេច​សូបា នោះ​ដាវីឌ​ក៏​ប្រហារ​ពួក​ស៊ីរី​នោះ អស់​២​ម៉ឺន​២​ពាន់​នាក់

6. រួច​ទ្រង់​តាំង​ឲ្យ​មាន​ពួក​ទាហាន​រក្សា​ស្រុក នៅ​ស្រុក​ស៊ីរី ប៉ែក​ខាង​ក្រុង​ដាម៉ាស ហើយ​ពួក​ស៊ីរី​ក៏​ចំណុះ​ដាវីឌ ព្រម​ទាំង​ឡើង​សួយ‌អាករ​មក​ថ្វាយ​ផង ព្រះ‌យេហូវ៉ា​ទ្រង់​ប្រោស ឲ្យ​ដាវីឌ​មាន​ជ័យ‌ជំនះ​នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​ទ្រង់​យាង​ទៅ

7. ដាវីឌ​ក៏​យក​អស់​ទាំង​ខែល​មាស របស់​ពួក​ទាហាន នៃ​ហាដា‌រេ‌ស៊ើរ​នាំ​មក​ឯ​ក្រុង​យេរូ‌សាឡិម

8. ហើយ​ពី​ក្រុង​បេថាស និង​ក្រុង​គូន ជា​ទី​ក្រុង​របស់​ហាដា‌រេ‌ស៊ើរ នោះ​ដាវីឌ​ក៏​យក​លង្ហិន​សន្ធឹក​ដែរ ដែល​សាឡូ‌ម៉ូន​បាន​ប្រើ​ធ្វើ​សមុទ្រ​លង្ហិន សសរ និង​គ្រឿង​ប្រដាប់​លង្ហិន​ទាំង​ប៉ុន្មាន។

9. កាល​ថូអ៊ី ជា​ស្តេច​ក្រុង​ហាម៉ាត បាន​ឮ​ថា ដាវីឌ​បាន​ប្រហារ​ពួក​ទ័ព​របស់​ហាដា‌រេ‌ស៊ើរ ជា​ស្តេច​សូបា ទាំង​អស់​ហើយ

10. នោះ​លោក​ក៏​ចាត់​យ៉ូរ៉ាម ជា​បុត្រ​ទ្រង់ ឲ្យ​ទៅ​គាល់​ស្តេច​ដាវីឌ ដើម្បី​នឹង​គំនាប់ ហើយ​ចំរើន​ពរ​ថ្វាយ ដោយ​ព្រោះ​ទ្រង់​បាន​ច្បាំង​ឈ្នះ​ហាដា‌រេ‌ស៊ើរ ដ្បិត​ហាដា‌រេ‌ស៊ើរ​ចេះ​តែ​ច្បាំង​នឹង​ថូអ៊ី​ជានិច្ច យ៉ូរ៉ាម​ក៏​នាំ​យក​ប្រដាប់​មាស ប្រាក់ និង​លង្ហិន​គ្រប់​មុខ ទៅ​ថ្វាយ​ដែរ

11. ស្តេច​ដាវីឌ​ទ្រង់​ក៏​ថ្វាយ​របស់​ទាំង​នោះ ដល់​ព្រះ‌យេហូវ៉ា​ជា​មួយ​នឹង​ប្រាក់ ហើយ​មាស​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​នាំ​យក​មក​ពី​អស់​ទាំង​សាសន៍​ដទៃ គឺ​ពី​សាសន៍​អេដំម សាសន៍​ម៉ូអាប់ ពួក​កូន​ចៅ​អាំម៉ូន សាសន៍​ភីលីស្ទីន និង​សាសន៍​អាម៉ា‌លេក។

12. ឯ​អ័ប៊ី‌សាយ ជា​កូន​សេរូយ៉ា​ក៏​ប្រហារ​ពួក​សាសន៍​អេដំម​អស់​១​ម៉ឺន​៨​ពាន់​នាក់ នៅ​ត្រង់​ច្រក​ភ្នំ​អំបិល

13. ក៏​ដាក់​កង‌ទ័ព​ឲ្យ​រក្សា​នៅ​ស្រុក​អេដំម ដូច្នេះ ពួក​អេដំម​ទាំង​អស់​បាន​ចំណុះ​ដាវីឌ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រោស​ឲ្យ​ដាវីឌ​មាន​ជ័យ‌ជំនះ នៅ​គ្រប់​ទី​កន្លែង​ណា ដែល​ទ្រង់​យាង​ទៅ។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 18