គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 17:14-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. គឺ​នឹង​តាំង​អ្នក​នោះ នៅ​ក្នុង​ព្រះ‌វិហារ ហើយ​ក្នុង​នគរ​របស់​អញ​ឲ្យ​នៅ​ជា​ដរាប ហើយ​រាជ្យ​អ្នក​នោះ​នឹង​បាន​នៅ​ជាប់ ជា​រៀង‌រាប​ដរាប​ទៅ

15. ណាថាន់​ក៏​ទូល​ដល់​ដាវីឌ តាម​គ្រប់​ទាំង​ព្រះ‌បន្ទូល​នេះ ហើយ​តាម​ការ​ជាក់​ស្តែង​នេះ គ្រប់​ជំពូក។

16. ដូច្នេះ ស្តេច​ដាវីឌ​ទ្រង់​ចូល​ទៅ​គង់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទូល​ថា ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​អើយ តើ​ទូល‌បង្គំ​ជា​អ្វី តើ​កូន​ចៅ​ទូល‌បង្គំ​ជា​អ្វី បាន​ជា​ទ្រង់​ប្រោស​ឲ្យ​ទូល‌បង្គំ​បាន​ដល់​ត្រឹម​នេះ

17. ប៉ុន្តែ ឱ​ព្រះ‌អង្គ​អើយ នេះ​ជា​ការ​យ៉ាង​តូច នៅ​ព្រះ‌នេត្រ​ទ្រង់​ទេ បាន​ជា​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ពូជ​ពង្ស​នៃ​ទូល‌បង្គំ រហូត​ដល់​យូរ‌អង្វែង​ទៅ​មុខ​ទៀត ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​អើយ ទ្រង់​បាន​ទត​មក​ទូល‌បង្គំ តាម​សណ្ឋាន​មនុស្ស​ជាន់​ខ្ពស់

18. តើ​ដាវីឌ​ទូល‌បង្គំ​នឹង​ទូល​ដល់​ទ្រង់​យ៉ាង​ដូច​ម្តេច​ទៀត ពី​កិត្តិយស​ដែល​ទ្រង់​បាន​ប្រទាន​មក​ទូល‌បង្គំ ដ្បិត​ទ្រង់​ស្គាល់​ទូល‌បង្គំ​ហើយ

19. ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ធ្វើ​ការ​ធំ​ទាំង​នេះ ដោយ​យល់​ដល់​ទូល‌បង្គំ ហើយ​តាម​បំណង​ព្រះ‌ហឫ‌ទ័យ​ទ្រង់ ដើម្បី​នឹង​សំដែង ឲ្យ​ស្គាល់​អស់​ទាំង​ការ​ដ៏​ធំ​ទាំង​នេះ

20. ឱ​ព្រះ‌យេហូវ៉ា​អើយ គ្មាន​ព្រះ​ឯ​ណា​ឲ្យ​ដូច​ទ្រង់​ឡើយ ហើយ​តាម​គ្រប់​ទាំង​សេចក្ដី ដែល​ត្រចៀក​ទូល‌បង្គំ​រាល់​គ្នា​បាន​ឮ នោះ​ក៏​គ្មាន​ព្រះ​ឯ​ណា​ក្រៅ​ពី​ទ្រង់​ដែរ

21. តើ​មាន​សាសន៍​ឯ​ណា​មួយ នៅ​ផែនដី ឲ្យ​ដូច​អ៊ីស្រា‌អែល ជា​រាស្ត្រ​របស់​ផង​ទ្រង់​នេះ ដែល​ព្រះ​បាន​យាង​ទៅ​ប្រោស​លោះ ទុក​ជា​រាស្ត្រ​របស់​ទ្រង់ ដើម្បី​ឲ្យ​បាន​ល្បី​ព្រះ‌នាម ដោយ​ការ​យ៉ាង​ធំ ហើយ​គួរ​ស្ញែង​ខ្លាច ដោយ​បណ្តេញ​សាសន៍​ដ៏ទៃ ពី​មុខ​រាស្ត្រ​ទ្រង់​ចេញ ជា​រាស្ត្រ​ដែល​ទ្រង់​បាន​លោះ​ពី​ស្រុក​អេស៊ីព្ទ​មក​ដូច្នេះ

22. ដ្បិត​ទ្រង់​បាន​យក​អ៊ីស្រា‌អែល ជា​រាស្ត្រ​ទ្រង់ ធ្វើ​ជា​របស់​ផង​ទ្រង់ នៅ​ជា​រៀង‌រាប​ដរាប​ទៅ​ហើយ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​ក៏​បាន​ត្រឡប់​ជា​ព្រះ​ដល់​គេ​ដែរ

23. ឥឡូវ​នេះ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឲ្យ​សេចក្ដី​ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល ពី​ដំណើរ​ទូល‌បង្គំ និង​ពី​ពូជ​ពង្ស​របស់​ទូល‌បង្គំ បាន​ជាប់​នៅ​ជា​ដរាប​ត​ទៅ ហើយ​សូម​ទ្រង់​សំរេច ដូច​ជា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នោះ

24. សូម​ឲ្យ​សេចក្ដី​នោះ​បាន​តាំង​ឡើង ដើម្បី​ឲ្យ​ព្រះ‌នាម​ទ្រង់​បាន​ដំកើង​ឡើង​ជា​ដរាប ដោយ​ពាក្យ​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល​បរិវារ ទ្រង់​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល គឺ​ជា​ព្រះ​ដល់​ពួក​អ៊ីស្រា‌អែល ហើយ​ពូជ​ពង្ស​របស់​ដាវីឌ ក៏​បាន​ខ្ជាប់‌ខ្ជួន​នៅ​ចំពោះ​ទ្រង់​ដែរ

25. ដ្បិត ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទ្រង់​បាន​សំដែង​ឲ្យ​ទូល‌បង្គំ​ដឹង​ថា ទ្រង់​នឹង​តាំង​វង្ស​ទូល‌បង្គំ​ឡើង ហេតុ​នោះ​បាន​ជា​ទូល‌បង្គំ​បាន​នឹក​ក្នុង​ចិត្ត​ចង់​អធិ‌ស្ឋាន​នៅ​ចំពោះ​ទ្រង់

26. ឥឡូវ​នេះ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​ជា​ព្រះ ហើយ​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​សេចក្ដី​ល្អ​នេះ​ដល់​ទូល‌បង្គំ

27. ឥឡូវ​នេះ ទ្រង់​បាន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ប្រទាន​ពរ​ដល់​វង្ស​របស់​ទូល‌បង្គំ ឲ្យ​បាន​នៅ​ជាប់​ចំពោះ​ទ្រង់​ជា​ដរាប​ទៅ ដ្បិត​ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ប្រទាន​ពរ​ហើយ ដូច្នេះ វង្ស​ទូល‌បង្គំ​នឹង​បាន​ពរ​ពិត​ជា​ដរាប​ទៅ។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 17