1. រីឯហ៊ីរ៉ាម ជាស្តេចក្រុងទីរ៉ុស ទ្រង់ចាត់សារមកឯដាវីឌ ព្រមទាំងផ្ញើឈើតាត្រៅ និងជាងរៀបថ្ម ហើយជាងឈើ ដើម្បីនឹងសង់ដំណាក់ថ្វាយទ្រង់
2. ដាវីឌក៏យល់ឃើញថា ព្រះយេហូវ៉ាបានតាំងទ្រង់ឡើងជាស្តេចលើសាសន៍អ៊ីស្រាអែលពិត ពីព្រោះរាជ្យទ្រង់បានថ្កុំថ្កើងឡើងយ៉ាងខ្ពស់ ដោយព្រះអង្គយល់ដល់អ៊ីស្រាអែលជារាស្ត្ររបស់ទ្រង់។
3. នៅក្រុងយេរូសាឡិម ដាវីឌទ្រង់បានយកភរិយាថែម ហើយក៏បង្កើតបានបុត្រាបុត្រីទៀត
4. នេះជានាមនៃបុត្រទាំងប៉ុន្មាន ដែលទ្រង់បង្កើតនៅក្រុងយេរូសាឡិម គឺសាំមួរ សូបាប់ ណាថាន់ សាឡូម៉ូន
5. យីបហារ អេលីសួរ អែលផាលេត
6. ណូកា នេផេក យ៉ាភា
7. អេលីសាម៉ា ប្អេលីយ៉ាដា និងអេលីផាលេត។
8. កាលពួកភីលីស្ទីនឮថា គេបានចាក់ប្រេង តាំងដាវីឌឡើងឲ្យធ្វើជាស្តេច លើសាសន៍អ៊ីស្រាអែលទាំងមូលហើយ នោះពួកភីលីស្ទីនទាំងអស់ក៏លើកគ្នាឡើងទៅរកដាវីឌ ដាវីឌទ្រង់ក៏ជ្រាប រួចទ្រង់ចេញទៅទាស់នឹងគេ
9. ឯគេបានទន្ទ្រានចូលមកក្នុងច្រកភ្នំរេផែមហើយ
10. ដូច្នេះ ដាវីឌទ្រង់ទូលសួរដល់ព្រះថា តើត្រូវឲ្យទូលបង្គំឡើងទៅច្បាំងនឹងពួកភីលីស្ទីននេះឬទេ តើទ្រង់នឹងប្រគល់គេមកក្នុងកណ្តាប់ដៃទូលបង្គំឬ ព្រះយេហូវ៉ាទ្រង់ឆ្លើយថា ចូរឡើងទៅចុះ ដ្បិតអញនឹងប្រគល់គេមកក្នុងកណ្តាប់ដៃឯងពិត
11. គេក៏ឡើងមកដល់បាល-ពេរ៉ាស៊ីម ហើយដាវីឌទ្រង់ប្រហារគេនៅទីនោះ រួចទ្រង់មានព្រះបន្ទូលថា ព្រះទ្រង់បានទំលាយមកលើពួកខ្មាំងសត្រូវរបស់យើង ដោយសារដៃយើង ដូចជាទឹកធ្លាយទំនប់ ហេតុនោះបានជាគេហៅទីនោះឈ្មោះថា បាល-ពេរ៉ាស៊ីម
12. គេក៏លះចោលអស់ទាំងរូបព្រះរបស់គេនៅទីនោះ រួចដាវីឌចេញបង្គាប់ឲ្យដុតរូបព្រះទាំងនោះចោល។
13. ពួកភីលីស្ទីនក៏ទន្ទ្រានចូលមក ក្នុងច្រកភ្នំនោះម្តងទៀត
14. ហើយដាវីឌទ្រង់ទូលសួរដល់ព្រះដូចមុន តែព្រះទ្រង់មានព្រះបន្ទូលថា កុំឲ្យឡើងទៅតាមគេឡើយ គឺត្រូវបែរចេញពីគេ ឡើងទៅទាស់នឹងគេ ទល់មុខនឹងចំការមនវិញ