គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 12:10-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. មីស‌ម៉ាណា​ជា​ទី​៤ យេរេមី ជា​ទី​៥

11. អ័ថាយ ជា​ទី​៦ អេលាល ជា​ទី​៧

12. យ៉ូហា‌ណាន ជា​ទី​៨ អែល‌សា‌បាឌ ជា​ទី​៩

13. យេរេមី ជា​ទី​១០ ម៉ាបា‌ណាយ ជា​ទី​១១

14. ពួក​កូន​ចៅ​កាឌ់​ទាំង​នោះ សុទ្ធ​តែ​ជា​មេ​លើ​ពល‌ទ័ព ឯ​អ្នក​ដែល​ខ្សោយ​ជាង​គេ នោះ​ក៏​ស្មើ​នឹង​១០០​នាក់ ហើយ​អ្នក​ដែល​ខ្លាំង​ជាង​ក៏​ស្មើ​នឹង​១​ពាន់​នាក់

15. នេះ​ជា​ពួក​អ្នក ដែល​បាន​ឆ្លង​ទន្លេ​យ័រដាន់​នៅ​ខែ​ចេត្រ ក្នុង​វេលា​ដែល​ទន្លេ​បាន​ឡើង​លិច​ច្រាំង​ទាំង​អស់ រួច​គេ​ច្បាំង​នឹង​ពួក​មនុស្ស​នៅ​ច្រក​ភ្នំ​ទាំង​អស់ នៅ​ខាង​កើត និង​ខាង​លិច​ផង ក៏​បំបាក់​ទ័ព​ឲ្យ​គេ​រត់​ទៅ។

16. ក៏​មាន​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន និង​យូដា មក​ឯ​ដាវីឌ នៅ​ទី​ពំនួន​នោះ​ដែរ

17. ឯ​ដាវីឌ​ទ្រង់​ចេញ​ទៅ​ទទួល​គេ ដោយ​ព្រះ‌បន្ទូល​ថា បើ​អ្នក​រាល់​គ្នា​បាន​មក​ដោយ​មេត្រី ដើម្បី​នឹង​ជួយ​ខ្ញុំ​ពិត នោះ​ចិត្ត​ខ្ញុំ​នឹង​មូល​ជាប់​នឹង​អ្នក​រាល់​គ្នា តែ​បើ​សិន​ជា​មក ដើម្បី​ក្បត់​បញ្ជូន​ខ្ញុំ​ដល់​ពួក​ខ្មាំង​សត្រូវ ដែល​ខ្ញុំ​គ្មាន​ធ្វើ​ខុស​អ្វី​ឡើយ នោះ​សូម​ឲ្យ​ព្រះ​នៃ​ពួក​អយ្យកោ​យើង​រាល់​គ្នា​ទត​មើល​ផង ហើយ​កាត់​សំរេច​ចុះ

18. ព្រះ‌វិញ្ញាណ​ក៏​មក​សណ្ឋិត​នៅ​លើ​អ័ម៉ា‌សាយ ជា​មេ​លើ​ពួក​៣០​នាក់ ហើយ​លោក​ទូល​ថា ឱ​ដាវីឌ​អើយ យើង​ខ្ញុំ​រាល់​គ្នា​ជា​របស់​ផង​លោក ឱ​កូន​អ៊ីសាយ​អើយ យើង​ខ្ញុំ​កាន់​ខាង​លោក​ហើយ សូម​ឲ្យ​លោក​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ចំរើន ព្រម​ទាំង​ពួក​អ្នក​ដែល​ជួយ​ខាង​លោក​ផង ដ្បិត​ព្រះ​នៃ​លោក​ទ្រង់​ជួយ​ដល់​លោក ដូច្នេះ ដាវីឌ​ក៏​ទទួល​គេ ហើយ​តាំង​គេ​ឡើង​ឲ្យ​ធ្វើ​ជា​មេ​លើ​កង​ទាហាន។

19. ក្នុង​ពួក​ម៉ាន៉ាសេ ក៏​មាន​អ្នក​ខ្លះ​រវាត​មក ចូល​ខាង​ដាវីឌ​ដែរ គឺ​ក្នុង​វេលា​ដែល​ទ្រង់​ចេញ​ទៅ ដើម្បី​ច្បាំង​នឹង​សូល ជា​មួយ​នឹង​ពួក​ភីលីស្ទីន តែ​មិន​បាន​ជួយ​គេ​ទេ ពី​ព្រោះ​ពួក​មេ​របស់​សាសន៍​ភីលីស្ទីន គេ​បាន​ពិគ្រោះ​គ្នា រួច​បង្គាប់​ឲ្យ​ទ្រង់​ទៅ​វិញ ដោយ​ថា ក្រែង​វា​រវាត​ចេញ​ទៅ​ខាង​សូល ជា​ចៅ‌ហ្វាយ​វា ហើយ​នាំ​ឲ្យ​អន្តរាយ​ដល់​ក្បាល​យើង​វិញ

20. ដូច្នេះ កំពុង​ដែល​ទ្រង់​វិល​ទៅ​ឯ​ក្រុង​ស៊ីក‌ឡាក់​វិញ នោះ​មាន​ពួក​ម៉ាន៉ាសេ​ខ្លះ​ចូល​ខាង​ទ្រង់ គឺ​អ័ឌណា យ៉ូសា‌បាឌ យេឌី‌អែល មីកែល យ៉ូសា‌បាឌ អេលី‌ហ៊ូវ និង​ស៊ីល‌ថាយ ដែល​សុទ្ធ​តែ​ជា​មេ​លើ​ទ័ព​នៃ​ពួក​ម៉ាន៉ាសេ​១​ពាន់​នាក់

21. អ្នក​ទាំង​នោះ​ក៏​ជួយ​ដាវីឌ​ទាស់​នឹង​ពួក​ចោរ ដ្បិត​សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ហើយ​ជា​មេ​ទ័ព​ផង

22. ហើយ​សឹង​តែ​រាល់​ថ្ងៃ ក៏​មាន​មនុស្ស​មក​ឯ​ដាវីឌ ដើម្បី​ជួយ​ទ្រង់ ដរាប​ដល់​មាន​ពួក​ទ័ព​យ៉ាង​សន្ធឹក គឺ​ដូច​ជា​ពួក​ពល​នៃ​ព្រះ។

23. ឯ​ពួក​មេ​ទាំង​ប៉ុន្មាន ជា​អ្នក​កាន់​គ្រឿង​សស្ត្រា‌វុធ​ដែល​មក​ឯ​ដាវីឌ នៅ​ក្រុង​ហេប្រុន ដើម្បី​នឹង​បង្វែរ​រាជ្យ​របស់​សូល​មក​ឯ​ដាវីឌ​វិញ តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា នោះ​មាន​ចំនួន ដូច​កត់​ទុក​ខាង​ក្រោម​នេះ

24. គឺ​ពួក​កូន​ចៅ​យូដា ដែល​កាន់​ខែល និង​លំពែង ប្រុង​នឹង​ទៅ​ច្បាំង​ហើយ នោះ​មាន​៦​ពាន់​៨​រយ​នាក់

25. ខាង​ពួក​កូន​ចៅ​ស៊ីម្មាន នោះ​មាន​ពួក​មនុស្ស​ខ្លាំង​ពូកែ សំរាប់​ចេញ​ទៅ​ច្បាំង​៧​ពាន់​១​រយ​នាក់

26. ខាង​ពួក​កូន​ចៅ​លេវី​មាន​៤​ពាន់​៦​រយ​នាក់

27. ហើយ​យេហូ‌យ៉ាដា ជា​មេ​ពួក​វង្ស​អើរ៉ុន ក៏​មាន​៣​ពាន់​៧​រយ​នាក់​មក​ជា​មួយ​នឹង​លោក​ដែរ

សូមអានជំពូកពេញលេញ ១ របាក្សត្រ 12