7. ទ្រង់ក៏ធ្វើមន្ទីរបាំងសាចសំរាប់បល្ល័ង្ក ជាកន្លែងដែលទ្រង់ស្តីការ គឺជាព្រះទីនាំងវិនិច្ឆ័យ ហើយក៏បិទដោយក្តារតាត្រៅ ចាប់តាំងពីក្រោមរហូតដល់ពិដាន
8. ឯដំណាក់ដែលទ្រង់គង់នៅ នោះបានធ្វើបែបដូចគ្នា ហើយមានទីធ្លា១ទៀត ក៏នៅខាងអាយមន្ទីរមុននោះ រួចមកទ្រង់ធ្វើដំណាក់១ បែបដូចជាមន្ទីរមុននោះ សំរាប់បុត្រីផារ៉ោន ដែលទ្រង់បានយកជាភរិយា។
9. ឯរបស់ទាំងអស់នេះបានធ្វើ ដោយថ្មមានដំឡៃ ជាថ្មដាប់តាមទំហំ ហើយអារដំរឹម ដោយរណារ ទាំងក្នុងទាំងក្រៅ ចាប់តាំងពីឫសជញ្ជាំងទៅដល់សំយ៉ាប ហើយខាងក្រៅ រហូតដល់ទីធ្លាធំដែរ
10. ឯឫសជញ្ជាំង នោះសុទ្ធតែធ្វើពីថ្ម មានដំឡៃទាំងអស់ គឺថ្មយ៉ាងធំៗ ខ្លះ១០ហត្ថ ខ្លះ៨ហត្ថ
11. ហើយពីនោះទៅលើក៏មានថ្ម ដែលមានដំឡៃ ដាប់តាមទំហំ និងឈើតាត្រៅផង
12. ឯទីធ្លាធំ នោះមានថ្មដាប់៣ជាន់ និងឈើតាត្រៅ១ជាន់នៅជុំវិញ ដូចជាទីលានខាងក្នុងនៃព្រះវិហារព្រះយេហូវ៉ាហើយដូចជាបាំងសាចនៃព្រះវិហារដែរ។
13. ស្តេចសាឡូម៉ូន ទ្រង់ចាត់គេ ឲ្យទៅរកហ៊ីរ៉ាមនៅក្រុងទីរ៉ុសនាំមក
14. អ្នកនោះជាកូនរបស់ស្រីមេម៉ាយម្នាក់ក្នុងពូជអំបូរណែបថាលី តែឪពុកជាជាងលង្ហិន នៅស្រុកទីរ៉ុស អ្នកនោះជាអ្នកមានប្រាជ្ញាវាងវៃ ហើយមានថ្វីដៃចេះធ្វើគ្រប់ទាំងរបស់លង្ហិន គាត់ក៏មកឯស្តេចសាឡូម៉ូន ដើម្បីនឹងធ្វើការទាំងអស់នេះថ្វាយទ្រង់
15. គាត់សិតធ្វើសសរ២ដោយលង្ហិន ទាំង២មានកំពស់១៨ហត្ថដូចគ្នា ហើយបើវាស់ជុំវិញ នោះត្រូវជា១២ហត្ថក្នុងសសរមួយៗ
16. គាត់សិតធ្វើក្បាច់លង្ហិន២ដុំ ដាក់លើក្បាលសសរទាំង២ មួយៗមានកំពស់៥ហត្ថដូចគ្នា