គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សាវតារក្សត្រ 7:38-51 ព្រះគម្ពីរបរិសុទ្ធ (KHOV)

38. គាត់​ក៏​ធ្វើ​បាន​ក្លាំ​លង្ហិន​១០ ចាន​មួយៗ​ចំណុះ​ទឹក​៤០​អម្រែក មាន​ទំហំ​៤​ហត្ថ ហើយ​គ្រប់​គ្រោង​ទាំង​១០ នោះ​មាន​ចាន​ក្លាំ​មួយៗ

39. រួច​គាត់​ដាក់​គ្រោង​៥​នៅ​ខាង​ស្តាំ​ព្រះ‌វិហារ ហើយ​៥​នៅ​ខាង​ឆ្វេង រួច​ក៏​ដាក់​សមុទ្រ​នោះ ត្រង់​ខាង​ស្តាំ​ព្រះ‌វិហារ ទិស​ខាង​កើត ឆៀង​ខាង​ត្បូង។

40. ហ៊ីរ៉ាម​ក៏​ធ្វើ​ចាន​ក្លាំ ចប‌ចូក នឹង​ខ្ទះ​ទាំង​ប៉ុន្មាន ដូច្នេះ ហ៊ីរ៉ាម​គាត់​ធ្វើ​ប្រដាប់​ទាំង​អស់​ជា​ស្រេច ថ្វាយ​ស្តេច​សាឡូ‌ម៉ូន សំរាប់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

41. គឺ​សសរ​ទាំង​២ តួ​ក្បាល​សសរ​ទាំង​២ ដែល​នៅ​លើ​កំពូល​សសរ និង​ក្បាច់​ក្រឡា​អួន សំរាប់​បិទ​តួ​ក្បាល​សសរ ដែល​នៅ​លើ​កំពូល​សសរ​នោះ​ជុំវិញ

42. ហើយ​ផ្លែ​ទទឹម​ទាំង​៤០០ សំរាប់​ក្បាច់​ក្រឡា​អួន​នោះ គឺ​ផ្លែ​ទទឹម​២​ជួរ​សំរាប់​ក្បាច់​ក្រឡា​អួន​មួយៗ ដើម្បី​នឹង​បាំង​ទី​ភ្ជាប់​តួ​ក្បាល​សសរ​ទាំង​២​នោះ

43. ព្រម​ទាំង​គ្រោង​១០ និង​ចាន​ក្លាំ​១០ ដែល​នៅ​លើ​គ្រោង​ទាំង​នោះ

44. និង​សមុទ្រ​១ ហើយ​គោ​ទាំង​១២ ដែល​ទ្រ​ពី​ខាង​ក្រោម

45. ហើយ​ទាំង​ឆ្នាំង ចប‌ចូក និង​ខ្ទះ​ទាំង​ប៉ុន្មាន គឺ​ប្រដាប់​ទាំង​នោះ​ឯង ដែល​ហ៊ីរ៉ាម​បាន​ធ្វើ​ថ្វាយ​ស្តេច​សាឡូ‌ម៉ូន សំរាប់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នោះ​សុទ្ធ​តែ​ធ្វើ​ពី​លង្ហិន ហើយ​ខាត់​រំលីង​ផង

46. ស្តេច​ទ្រង់​ឲ្យ​គេ​សិត​ប្រដាប់​ទាំង​នោះ​ក្នុង​ពុម្ព​ដី​ឥដ្ឋ ដែល​នៅ​វាល​ទន្លេ​យ័រដាន់ ត្រង់​កណ្តាល​ភូមិ​សិកូត និង​សារ‌ថាន

47. សាឡូ‌ម៉ូន​ទ្រង់​មិន​បាន​ថ្លឹង​របស់​ទាំង​នោះ​ទេ ពី​ព្រោះ​មាន​ច្រើន​ក្រៃលែង ហើយ​ដែល​លង្ហិន​ទាំង​នោះ​ទំងន់​ប៉ុណ្ណា នោះ​ក៏​គ្មាន​អ្នក​ណា​រក​ដឹង​បាន​ឡើយ។

48. រួច​មក សាឡូ‌ម៉ូន​ក៏​ធ្វើ​គ្រប់​អស់​ទាំង​គ្រឿង​ប្រដាប់​ដែល​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា គឺ​ជា​អាស‌នា​មាស តុ​មាស​សំរាប់​ដាក់​នំបុ័ង​តាំង​ទុក

49. ជើង​ចង្កៀង​មាស​សុទ្ធ​ទាំង​ប៉ុន្មាន ៥​ខាង​ស្តាំ ៥​ខាង​ឆ្វេង នៅ​មុខ​ទី​បរិសុទ្ធ​បំផុត ព្រម​ទាំង​ផ្កា ចង្កៀង និង​ឃ្នាប​ប្រឆេះ​ធ្វើ​ពី​មាស

50. ហើយ​ទាំង​ឆ្នាំង ដង្កៀប ចាន‌គោម កូន​ចាន និង​ពាន​ធ្វើ​ពី​មាស​សុទ្ធ​ទាំង​អស់ ក៏​ធ្វើ​ត្រចៀក​ទ្វារ​មាស​សំរាប់​ទ្វារ​នៃ​ព្រះ‌វិហារ​ខាង​ក្នុង គឺ​ជា​ទ្វារ​នៃ​ទី​បរិសុទ្ធ​បំផុត ហើយ​សំរាប់​ទ្វារ​ព្រះ‌វិហារ​ខាង​ក្រៅ​ដែរ។

51. ដូច្នេះ អស់​ទាំង​ប្រដាប់​ទាំង​ប៉ុន្មាន ដែល​ស្តេច​សាឡូ‌ម៉ូន​បាន​ធ្វើ សំរាប់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នោះ​បាន​ធ្វើ​រួច​ជា​ស្រេច​ហើយ ទ្រង់​ក៏​នាំ​យក​របស់​ទាំង​ប៉ុន្មាន​ដែល​ដាវីឌ ជា​បិតា​ទ្រង់ បាន​ថ្វាយ ចូល​មក​ដែរ គឺ​ប្រាក់ មាស និង​គ្រឿង​ប្រដាប់​ទាំង​អស់ ក៏​ដាក់​ទុក​នៅ​ក្នុង​ឃ្លាំង​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា។

សូមអានជំពូកពេញលេញ ១ ពង្សាវតារក្សត្រ 7