គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សាវតារក្សត្រ 7:22-39 ព្រះគម្ពីរបរិសុទ្ធ (KHOV)

22. នៅ​ខាង​លើ​សសរ​មាន​ក្បាច់​ផ្កា​ច័ន្ធូ ដូច្នេះ ការ​ធ្វើ​សសរ​នោះ​បាន​រួច​ជា​ស្រេច។

23. គាត់​ក៏​សិត​ធ្វើ​ជា​សមុទ្រ មាន​រាង​មូល​ទំហំ​១០​ហត្ថ គឺ​ពី​មាត់​ម្ខាង​ទៅ​ដល់​ម្ខាង ហើយ​កំពស់​៥​ហត្ថ បើ​យក​ខ្សែ​វាស់​ជុំវិញ នោះ​ត្រូវ​ជា​៣០​ហត្ថ

24. នៅ​ក្រោម​គែម​ជុំវិញ មាន​ក្បាច់​ផ្កា​ក្រពុំ​១០​ក្នុង​១​ហត្ថ នៅ​ព័ទ្ធ​ជុំវិញ ផ្កា​ក្រពុំ​ទាំង​នោះ​បាន​សិត​ជា​២​ជួរ ក្នុង​កាល​ដែល​គេ​សិត​សមុទ្រ​នោះ​តែ​ម្តង

25. ក៏​ដាក់​លើ​រូប​គោ​១២ ដែល​មាន​៣​បែរ​ទៅ​ខាង​ជើង ៣​បែរ​ទៅ​ខាង​លិច ៣​បែរ​ទៅ​ខាង​ត្បូង ហើយ​៣​បែរ​ទៅ​ខាង​កើត សមុទ្រ​នោះ​បាន​ដាក់​តម្កល់​លើ​ខ្នង​គោ ហើយ​គូថ​របស់​គោ​ទាំង​នោះ បែរ​ទៅ​ខាង​ក្នុង​ទាំង​អស់

26. តួ​សមុទ្រ​នោះ​មាន​កំរាស់​១​ទះ មាន​គែម​ដូច​ជា​មាត់​ពែង ហើយ​រាង​ដូច​ផ្កា​ច័ន្ធូ ក៏​មាន​ចំណុះ​បាន​ទឹក​២​ពាន់​អម្រែក។

27. គាត់​ក៏​ធ្វើ​គ្រោង​លង្ហិន​១០ បណ្តោយ​៤​ហត្ថ ទទឹង​៤​ហត្ថ ហើយ​កំពស់​៣​ហត្ថ

28. គ្រោង​ទាំង​នោះ​បាន​ធ្វើ​យ៉ាង​ដូច្នេះ គឺ​មាន​បន្ទះ ដែល​មាន​ក្រប​ជុំវិញ ហើយ​មាន​ក្រប​ខណ្ឌ​កណ្តាល​ទៀត

29. ឯ​បន្ទះ​ទាំង​ប៉ុន្មាន​ដែល​នៅ​កណ្តាល​ក្រប នោះ​មាន​ធ្លាប់​ជា​រូប​សិង្ហ គោ ហើយ​នឹង​ចេរូប៊ីន ឯ​នៅ​ខាង​លើ​ក្រប​នោះ មាន​ជើង​កំណល់ ហើយ​ក្រោម​រូប​សិង្ហ និង​គោ​នោះ មាន​ក្បាច់​រំយោល

30. គ្រោង​មួយៗ នោះ​មាន​កង់​លង្ហិន​៤ និង​ភ្លៅ​លង្ហិន​ដែរ ឯ​ជើង​កំណល់​របស់​គ្រោង​ទាំង​នោះ មាន​ប្រដាប់​ទ្រ​ដែល​សិត​ភ្ជាប់​ទាំង​៤​ជ្រុង ពី​ក្រោម​ចាន‌ក្លាំ​មាន​ទាំង​ក្បាច់​កំរង​ខាងៗ​ទាំង​អស់

31. ខាង​ក្នុង​គ្រោង​នោះ មាន​កំណល់​បែប​ដូច​ជា​ជើង​តាំង​កំពស់​១​ហត្ថ រាង​មូល​១​ហត្ថ​កន្លះ មាន​ក្បាច់​ចំឡាក់​ផង តែ​បន្ទះ​ទាំង​ប៉ុន្មាន ត្រូវ​ជា​៤​ជ្រុង​វិញ មិន​មែន​មូល​ទេ

32. ឯ​ខាង​ក្រោម​បន្ទះ នោះ​មាន​កង់​៤ ភ្លៅ​កង់​ទាំង​នោះ​នៅ​ជាប់​នឹង​តួ​គ្រោង កង់​១​កំពស់​១​ហត្ថ​កន្លះ

33. ឯ​របៀប​ធ្វើ​កង់​ទាំង​នោះ ក៏​ដូច​ជា​ធ្វើ​កង់​រទេះ​ចំបាំង គឺ​មាន​ទាំង​ភ្លៅ ទាំង​ខ្នង​កង់ ទាំង​កាំ និង​ដុំ​ផង គ្រឿង​ទាំង​នោះ​បាន​សិត ដោយ​លង្ហិន​ទាំង​អស់

34. នៅ​ត្រង់​ជ្រុង​ទាំង​៤​របស់​គ្រោង​ទាំង​នោះ មាន​កំណល់​ដែល​សិត​ជាប់​ជា​មួយ​នឹង​តួ​គ្រោង​នោះ​ឯង

35. ហើយ​ពី​ខាង​លើ​ជញ្ជាំង​គ្រោង​នោះ មាន​បន្ទះ​ចេញ​ជា​រាង​មូល កំពស់​កន្លះ​ហត្ថ ឯ​ខាង​លើ​បន្ទះ​នោះ និង​ជើង​កំណល់ បាន​ភ្ជាប់​ជា​មួយ​គ្នា

36. គាត់​ក៏​ឆ្លាក់​ជា​រូប​ចេរូប៊ីន សិង្ហ និង​ដើម​លម៉ើ នៅ​នឹង​បន្ទះ ដែល​ជាប់​នឹង​ជើង​កំណល់ ហើយ​នឹង​បន្ទះ ដែល​ជាប់​ក្នុង​ក្រប​ទាំង​នោះ តាម​កន្លែង​ដែល​ឆ្លាក់​បាន ហើយ​មាន​ក្បាច់​រំយោល​ជុំវិញ​ដែរ

37. គឺ​យ៉ាង​នោះ​ដែល​គាត់​ធ្វើ​គ្រោង​ទាំង​១០​នោះ ទាំង​អស់​សិត​ពី​ពុម្ព​តែ​១ មាន​ទំហំ​មាន​រាង​ដូច​គ្នា។

38. គាត់​ក៏​ធ្វើ​បាន​ក្លាំ​លង្ហិន​១០ ចាន​មួយៗ​ចំណុះ​ទឹក​៤០​អម្រែក មាន​ទំហំ​៤​ហត្ថ ហើយ​គ្រប់​គ្រោង​ទាំង​១០ នោះ​មាន​ចាន​ក្លាំ​មួយៗ

39. រួច​គាត់​ដាក់​គ្រោង​៥​នៅ​ខាង​ស្តាំ​ព្រះ‌វិហារ ហើយ​៥​នៅ​ខាង​ឆ្វេង រួច​ក៏​ដាក់​សមុទ្រ​នោះ ត្រង់​ខាង​ស្តាំ​ព្រះ‌វិហារ ទិស​ខាង​កើត ឆៀង​ខាង​ត្បូង។

សូមអានជំពូកពេញលេញ ១ ពង្សាវតារក្សត្រ 7