គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សាវតារក្សត្រ 7:10-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. ឯ​ឫស​ជញ្ជាំង នោះ​សុទ្ធ​តែ​ធ្វើ​ពី​ថ្ម មាន​ដំឡៃ​ទាំង​អស់ គឺ​ថ្ម​យ៉ាង​ធំៗ ខ្លះ​១០​ហត្ថ ខ្លះ​៨​ហត្ថ

11. ហើយ​ពី​នោះ​ទៅ​លើ​ក៏​មាន​ថ្ម ដែល​មាន​ដំឡៃ ដាប់​តាម​ទំហំ និង​ឈើ​តាត្រៅ​ផង

12. ឯ​ទី‌ធ្លា​ធំ នោះ​មាន​ថ្ម​ដាប់​៣​ជាន់ និង​ឈើ​តាត្រៅ​១​ជាន់​នៅ​ជុំវិញ ដូច​ជា​ទីលាន​ខាង​ក្នុង​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា​ហើយ​ដូច​ជា​បាំង‌សាច​នៃ​ព្រះ‌វិហារ​ដែរ។

13. ស្តេច​សាឡូ‌ម៉ូន ទ្រង់​ចាត់​គេ ឲ្យ​ទៅ​រក​ហ៊ីរ៉ាម​នៅ​ក្រុង​ទីរ៉ុស​នាំ​មក

14. អ្នក​នោះ​ជា​កូន​របស់​ស្រី​មេម៉ាយ​ម្នាក់​ក្នុង​ពូជ​អំបូរ​ណែប‌ថាលី តែ​ឪពុក​ជា​ជាង​លង្ហិន នៅ​ស្រុក​ទីរ៉ុស អ្នក​នោះ​ជា​អ្នក​មាន​ប្រាជ្ញា​វាង‌វៃ ហើយ​មាន​ថ្វី‌ដៃ​ចេះ​ធ្វើ​គ្រប់​ទាំង​របស់​លង្ហិន គាត់​ក៏​មក​ឯ​ស្តេច​សាឡូ‌ម៉ូន ដើម្បី​នឹង​ធ្វើ​ការ​ទាំង​អស់​នេះ​ថ្វាយ​ទ្រង់

15. គាត់​សិត​ធ្វើ​សសរ​២​ដោយ​លង្ហិន ទាំង​២​មាន​កំពស់​១៨​ហត្ថ​ដូច​គ្នា ហើយ​បើ​វាស់​ជុំវិញ នោះ​ត្រូវ​ជា​១២​ហត្ថ​ក្នុង​សសរ​មួយៗ

16. គាត់​សិត​ធ្វើ​ក្បាច់​លង្ហិន​២​ដុំ ដាក់​លើ​ក្បាល​សសរ​ទាំង​២ មួយៗ​មាន​កំពស់​៥​ហត្ថ​ដូច​គ្នា

17. មាន​ក្បាច់​តារាង ដូច​ជា​ក្រឡា​អួន ហើយ​មាន​វង់​កំរង​ច្រវាក់​៧​នៅ​ក្បាល​សសរ​មួយៗ ក្នុង​ទាំង​២​នោះ

18. គឺ​យ៉ាង​នោះ​ដែល​គាត់​ធ្វើ​សសរ​ទាំង​២ ហើយ​មាន​ផ្លែ​ទទឹម​២​ជួរ​ព័ទ្ធ​ជុំវិញ ជាប់​នឹង​ក្បាច់​ក្រឡា​អួន នោះ​សំរាប់​នឹង​បាំង​ទី​ភ្ជាប់​ក្បាល​សសរ​ដូច​គ្នា​ទាំង​២

19. ឯ​ក្បាល​សសរ​នៃ​បាំង‌សាច​មាន​កំពស់​៤​ហត្ថ ក៏​មាន​ក្បាច់​ជា​ផ្កា​ច័ន្ធូ

20. មាន​ក្បាល​នៅ​លើ​សសរ​ទាំង​២​នោះ​ដែរ ជាប់​ពី​គែម​ត្រង់​ក្បាច់​ក្រឡា​អួន ហើយ​មាន​ផ្លែ​ទទឹម​២០០ រៀប​ជា​២​ជួរ​នៅ​ព័ទ្ធ​ជុំវិញ​សសរ​ទាំង​២​នោះ​ដូច​គ្នា

21. គាត់​ក៏​លើក​សសរ​ទាំង​២​នោះ​បញ្ឈរ​ឡើង នៅ​ត្រង់​បាំង‌សាច​នៃ​ព្រះ‌វិហារ កាល​គាត់​បាន​លើក​សសរ​ខាង​ស្តាំ​ឡើង នោះ​ក៏​ឲ្យ​ឈ្មោះ​ថា យ៉ាគិន រួច​កាល​គាត់​លើក​សសរ​ខាង​ឆ្វេង​ឡើង នោះ​ក៏​ឲ្យ​ឈ្មោះ​ថា បូអូស

22. នៅ​ខាង​លើ​សសរ​មាន​ក្បាច់​ផ្កា​ច័ន្ធូ ដូច្នេះ ការ​ធ្វើ​សសរ​នោះ​បាន​រួច​ជា​ស្រេច។

23. គាត់​ក៏​សិត​ធ្វើ​ជា​សមុទ្រ មាន​រាង​មូល​ទំហំ​១០​ហត្ថ គឺ​ពី​មាត់​ម្ខាង​ទៅ​ដល់​ម្ខាង ហើយ​កំពស់​៥​ហត្ថ បើ​យក​ខ្សែ​វាស់​ជុំវិញ នោះ​ត្រូវ​ជា​៣០​ហត្ថ

24. នៅ​ក្រោម​គែម​ជុំវិញ មាន​ក្បាច់​ផ្កា​ក្រពុំ​១០​ក្នុង​១​ហត្ថ នៅ​ព័ទ្ធ​ជុំវិញ ផ្កា​ក្រពុំ​ទាំង​នោះ​បាន​សិត​ជា​២​ជួរ ក្នុង​កាល​ដែល​គេ​សិត​សមុទ្រ​នោះ​តែ​ម្តង

25. ក៏​ដាក់​លើ​រូប​គោ​១២ ដែល​មាន​៣​បែរ​ទៅ​ខាង​ជើង ៣​បែរ​ទៅ​ខាង​លិច ៣​បែរ​ទៅ​ខាង​ត្បូង ហើយ​៣​បែរ​ទៅ​ខាង​កើត សមុទ្រ​នោះ​បាន​ដាក់​តម្កល់​លើ​ខ្នង​គោ ហើយ​គូថ​របស់​គោ​ទាំង​នោះ បែរ​ទៅ​ខាង​ក្នុង​ទាំង​អស់

26. តួ​សមុទ្រ​នោះ​មាន​កំរាស់​១​ទះ មាន​គែម​ដូច​ជា​មាត់​ពែង ហើយ​រាង​ដូច​ផ្កា​ច័ន្ធូ ក៏​មាន​ចំណុះ​បាន​ទឹក​២​ពាន់​អម្រែក។

27. គាត់​ក៏​ធ្វើ​គ្រោង​លង្ហិន​១០ បណ្តោយ​៤​ហត្ថ ទទឹង​៤​ហត្ថ ហើយ​កំពស់​៣​ហត្ថ

សូមអានជំពូកពេញលេញ ១ ពង្សាវតារក្សត្រ 7