គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សាវតារក្សត្រ 7:1-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. សាឡូ‌ម៉ូន​ទ្រង់​ក៏​សង់​ដំណាក់​របស់​ទ្រង់ ក្នុង​រវាង​អស់​១៣​ឆ្នាំ ទើប​បាន​ស្រេច​ទាំង​អស់

2. ទ្រង់​បាន​សង់​មន្ទីរ​នៃ​ព្រៃ​ល្បាណូន មាន​បណ្តោយ​១០០​ហត្ថ ទទឹង​៥០​ហត្ថ និង​កំពស់​៣០​ហត្ថ មាន​សសរ​តាត្រៅ​៤​ជួរ ដាក់​ធ្នឹម​តាត្រៅ​នៅ​លើ​សសរ​ទាំង​នោះ

3. ក៏​ប្រក់​ដោយ​ឈើ​តាត្រៅ នៅ​លើ​ធ្នឹម​ទាំង​៤៥ ដែល​ដាក់​លើ​សសរ​ទាំង​នោះ ឯ​ធ្នឹម​ទាំង​នោះ ក្នុង​១​ជួរ​មាន​១៥

4. ឯ​បង្អួច​មាន​៣​ជាន់ នៅ​ប្រទល់​គ្នា​ទាំង​សង​ខាង​គ្រប់​ទាំង​៣​ជាន់

5. អស់​ទាំង​ទ្វារ និង​ក្រប ក៏​ធ្វើ​ពី​ឈើ​៤​ជ្រុង ព្រម​ទាំង​បង្អួច​៣​ជាន់ ប្រទល់​គ្នា​នោះ​ដែរ

6. ទ្រង់​ក៏​ធ្វើ​បាំង‌សាច​ដោយ​មាន​សសរ បាំង‌សាច​នោះ​មាន​បណ្តោយ​៥០​ហត្ថ និង​ទទឹង​៣០​ហត្ថ ក៏​មាន​រាន‌ហាល​ពី​មុខ​នោះ ដែល​មាន​សសរ និង​ធ្នឹម​ពី​លើ​នៅ​ជុំវិញ

7. ទ្រង់​ក៏​ធ្វើ​មន្ទីរ​បាំង‌សាច​សំរាប់​បល្ល័ង្ក ជា​កន្លែង​ដែល​ទ្រង់​ស្តី​ការ គឺ​ជា​ព្រះ‌ទីនាំង​វិនិច្ឆ័យ ហើយ​ក៏​បិទ​ដោយ​ក្តារ​តាត្រៅ ចាប់​តាំង​ពី​ក្រោម​រហូត​ដល់​ពិដាន

8. ឯ​ដំណាក់​ដែល​ទ្រង់​គង់​នៅ នោះ​បាន​ធ្វើ​បែប​ដូច​គ្នា ហើយ​មាន​ទី‌ធ្លា​១​ទៀត ក៏​នៅ​ខាង‌អាយ​មន្ទីរ​មុន​នោះ រួច​មក​ទ្រង់​ធ្វើ​ដំណាក់​១ បែប​ដូច​ជា​មន្ទីរ​មុន​នោះ សំរាប់​បុត្រី​ផារ៉ោន ដែល​ទ្រង់​បាន​យក​ជា​ភរិយា។

9. ឯ​របស់​ទាំង​អស់​នេះ​បាន​ធ្វើ ដោយ​ថ្ម​មាន​ដំឡៃ ជា​ថ្ម​ដាប់​តាម​ទំហំ ហើយ​អារ​ដំរឹម ដោយ​រណារ ទាំង​ក្នុង​ទាំង​ក្រៅ ចាប់​តាំង​ពី​ឫស​ជញ្ជាំង​ទៅ​ដល់​សំយ៉ាប ហើយ​ខាង​ក្រៅ រហូត​ដល់​ទី‌ធ្លា​ធំ​ដែរ

10. ឯ​ឫស​ជញ្ជាំង នោះ​សុទ្ធ​តែ​ធ្វើ​ពី​ថ្ម មាន​ដំឡៃ​ទាំង​អស់ គឺ​ថ្ម​យ៉ាង​ធំៗ ខ្លះ​១០​ហត្ថ ខ្លះ​៨​ហត្ថ

11. ហើយ​ពី​នោះ​ទៅ​លើ​ក៏​មាន​ថ្ម ដែល​មាន​ដំឡៃ ដាប់​តាម​ទំហំ និង​ឈើ​តាត្រៅ​ផង

12. ឯ​ទី‌ធ្លា​ធំ នោះ​មាន​ថ្ម​ដាប់​៣​ជាន់ និង​ឈើ​តាត្រៅ​១​ជាន់​នៅ​ជុំវិញ ដូច​ជា​ទីលាន​ខាង​ក្នុង​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា​ហើយ​ដូច​ជា​បាំង‌សាច​នៃ​ព្រះ‌វិហារ​ដែរ។

សូមអានជំពូកពេញលេញ ១ ពង្សាវតារក្សត្រ 7