គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សាវតារក្សត្រ 22:9-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. នោះ​ស្តេច​អ៊ីស្រា‌អែល ទ្រង់​ហៅ​មហា‌តលិក​ម្នាក់​មក​បង្គាប់​ថា ចូរ​ទៅ​នាំ​មីកាយ៉ា ជា​កូន​យីមឡា មក​នេះ​ជា​ឆាប់ៗ

10. ឯ​ស្តេច​អ៊ីស្រា‌អែល និង​យ៉ូសា‌ផាត ជា​ស្តេច​ស្រុក​យូដា ទ្រង់​ព្រះ‌ពស្ត្រ‌រាជ្យ​គង់​លើ​បល្ល័ង្ក​រៀង​អង្គ ត្រង់​ទី‌ធ្លា នៅ​ទ្វារ​ក្រុង​សាម៉ារី ហើយ​ពួក​ហោរា​ក៏​ឈរ​ទាយ នៅ​ចំពោះ​ទ្រង់

11. ឯ​សេដេគា ជា​កូន​ក្នាណា គាត់​បាន​ធ្វើ​ស្នែង​ដែក ហើយ​ក៏​ទូល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ព្រះ‌ករុណា​នឹង​ជល់​ពួក​ស៊ីរី​ដោយ​ស្នែង​នេះ ដរាប​ដល់​វិនាស​សូន្យ​ទៅ

12. ហើយ​ពួក​ហោរា​ទាំង​អស់​ក៏​ទាយ​ដូច្នោះ​ដែរ​ថា សូម​យាង​ឡើង​ទៅ​ឯ​រ៉ាម៉ូត-កាឡាត ហើយ​មាន​ជ័យ‌ជំនះ​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ប្រគល់​ក្រុង​នោះ មក​ក្នុង​កណ្តាប់​ព្រះ‌ហស្ត​នៃ​ព្រះ‌ករុណា​ហើយ។

13. រីឯ​អ្នក​ដែល​ទៅ​ហៅ​មីកាយ៉ា​មក ក៏​ប្រាប់​គាត់​ថា មើល ពួក​ហោរា​ទាំង​អស់ សុទ្ធ​តែ​ទាយ​ល្អ​ដល់​ស្តេច​ព្រម​គ្នា ដូច្នេះ សូម​ឲ្យ​ពាក្យ​លោក​បាន​ដូច​ជា​ពាក្យ​របស់​ហោរា​ទាំង​នោះ​ដែរ ដោយ​ពោល​តែ​សេចក្តី​ល្អ​ចុះ

14. តែ​មីកាយ៉ា​ឆ្លើយ​ថា ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​ថា សេចក្តី​ណា​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ នោះ​ខ្ញុំ​នឹង​បញ្ចេញ​តាម​សេចក្តី​នោះ

15. រួច​កាល​បាន​ចូល​ទៅ​គាល់​ស្តេច​ហើយ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា មីកាយ៉ា​អើយ តើ​ត្រូវ​ឲ្យ​យើង​ទៅ​ច្បាំង​នឹង​រ៉ាម៉ូត-កាឡាត ឬ​ឈប់​ខាន គាត់​ទូល​ឡក​ថា សូម​យាង​ទៅ ហើយ​មាន​ជ័យ‌ជំនះ​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ព្រះ‌ហស្ត​នៃ​ព្រះ‌ករុណា​ហើយ

16. ដូច្នេះ ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​បាន​ស្តី​ឯង​ប៉ុន្មាន​ដង​ហើយ ឲ្យ​និយាយ​តែ​សេចក្តី​ពិត​ប៉ុណ្ណោះ ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា

17. គាត់​ទូល​ឆ្លើយ​ថា ទូល‌បង្គំ​បាន​ឃើញ​ពួក​អ៊ីស្រា‌អែល​ត្រូវ​ខ្ចាត់​ខ្ចាយ​នៅ​លើ​ភ្នំ ប្រៀប​ដូច​ជា​ហ្វូង​ចៀម​ដែល​គ្មាន​អ្នក​គង្វាល ហើយ​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ថា ពួក​ទាំង​នេះ​គ្មាន​ចៅ‌ហ្វាយ​ទេ ចូរ​ឲ្យ​គេ​ត្រឡប់​ទៅ​ផ្ទះ​រៀង​ខ្លួន​វិញ ដោយ​សេចក្តី​សុខ​ចុះ

18. ដូច្នេះ ស្តេច​អ៊ីស្រា‌អែល​ទ្រង់​ទូល​ទៅ​យ៉ូសា‌ផាត​ថា តើ​ទូល‌បង្គំ​មិន​បាន​ទូល​ទ្រង់​ទេ​ឬ​អី ថា​វា​មិន​ដែល​ទាយ​ល្អ​ពី​ទូល‌បង្គំ​ទេ គឺ​ទាយ​តែ​អាក្រក់​ប៉ុណ្ណោះ

19. នោះ​មីកាយ៉ា​ទូល​ថា ដូច្នេះ សូម​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​សិន ទូល‌បង្គំ​បាន​ឃើញ​ព្រះ‌យេហូវ៉ា ទ្រង់​គង់​លើ​បល្ល័ង្ក មាន​ទាំង​ពួក​ពល​បរិវារ​នៃ​ស្ថាន​សួគ៌​ទាំង​អស់ ឈរ​អម​អង្គ ទាំង​ខាង​ស្តាំ និង​ខាង​ឆ្វេង

20. ហើយ​ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ថា តើ​អ្នក​ណា​នឹង​ទៅ​បបួល​អ័ហាប់ ឲ្យ​ឡើង​ទៅ​ច្បាំង ហើយ​ដួល​ស្លាប់​នៅ​ត្រង់​រ៉ាម៉ូត-កាឡាត ម្នាក់​ក៏​ថា​យ៉ាង​នេះ ម្នាក់​ក៏​ថា​យ៉ាង​នោះ

21. រួច​មាន​វិញ្ញាណ​១​ចេញ​មក​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទូល​ថា ទូល‌បង្គំ​ចង់​ទៅ

22. ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា នឹង​ធ្វើ​យ៉ាង​ណា​ទៅ វិញ្ញាណ​នោះ​ទូល​ថា ទូល‌បង្គំ​នឹង​ចេញ​ទៅ​ធ្វើ​ជា​វិញ្ញាណ​ភូត‌កុហក នៅ​ក្នុង​មាត់​នៃ​ពួក​ហោរា​ទាំង​ប៉ុន្មាន​របស់​ស្តេច ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ចេញ​ទៅ​ធ្វើ​ដូច្នោះ​ចុះ ឯង​នឹង​បបួល​វា​ឲ្យ​សំរេច​បាន

សូមអានជំពូកពេញលេញ ១ ពង្សាវតារក្សត្រ 22