គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សាវតារក្សត្រ 22:35-44 ព្រះគម្ពីរបរិសុទ្ធ (KHOV)

35. នៅ​ថ្ងៃ​នោះ ចំបាំង​ក៏​កាន់​តែ​ខ្លាំង​ឡើង តែ​គេ​គ្រាហ៍​គាំ​ស្តេច​នៅ​ក្នុង​ព្រះ‌រាជ‌រថ ដើម្បី​តស៊ូ​នឹង​ពួក​ស៊ីរី លុះ​ដល់​ពេល​ល្ងាច ទ្រង់​សុគត​ទៅ ហើយ​ឈាម​ពី​របួស​នោះ​ក៏​ហូរ​ទៅ​ក្នុង​បាត​ព្រះ‌រាជ‌រថ

36. រួច​ដល់​ពេល​ថ្ងៃ​លិច នោះ​ក៏​មាន​ឮ​សំរែក នៅ​ពេញ​ក្នុង​ពួក​ទ័ព​ថា ចូរ​គ្រប់​គ្នា​ត្រឡប់​ទៅ​ឯ​ទី​ក្រុង និង​ស្រុក​របស់​ខ្លួន​វិញ​ទៅ។

37. គឺ​យ៉ាង​នោះ​ដែល​ស្តេច​ទ្រង់​សុគត ហើយ​គេ​ក៏​នាំ​សព​ទ្រង់​មក​វិញ បញ្ចុះ​នៅ​ក្នុង​ក្រុង​សាម៉ារី

38. គេ​លាង​ព្រះ‌រាជ‌រថ​នៅ​ត្រង់​ស្រះ​ទឹក​នៃ​ក្រុង​សាម៉ារី ហើយ​មាន​ឆ្កែ​លិទ្ធ​ឈាម (រីឯ​នៅ​ទី​នោះ​ពួក​ស្រី​សំផឹង​តែង​ងូត​ទឹក) តាម​សេចក្តី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ទុក

39. ឯ​ដំណើរ​ឯ​ទៀត​ពី​អ័ហាប់ និង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ ព្រម​ទាំង​ដំណាក់​ភ្លុក​ដែល​ទ្រង់​បាន​ធ្វើ និង​អស់​ទាំង​ទី​ក្រុង​ដែល​ទ្រង់​បាន​សង់ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ

40. គឺ​យ៉ាង​នោះ ដែល​អ័ហាប់​បាន​ផ្ទំ​លក់​ទៅ ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់ រួច​អ័ហា‌ស៊ីយ៉ា ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។

41. រីឯ​នៅ​ឆ្នាំ​ទី​៤ ក្នុង​រាជ្យ​អ័ហាប់ ស្តេច​អ៊ីស្រា‌អែល នោះ​យ៉ូសា‌ផាត ជា​កូន​អេសា ក៏​ចាប់​តាំង​សោយ‌រាជ្យ​ឡើង​លើ​ស្រុក​យូដា

42. កាល​យ៉ូសា‌ផាត​ចាប់​តាំង​សោយ‌រាជ្យ នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​៣៥​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​២៥​ឆ្នាំ ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម​ជា​អ័ស៊ូបា បុត្រី​ស៊ីលហ៊ី

43. ទ្រង់​ក៏​ដើរ​តាម​គ្រប់​ទាំង​ផ្លូវ​របស់​អេសា ជា​ព្រះ‌បិតា​ទ្រង់ ឥត​ងាក​បែរ​ចេញ​ឡើយ គឺ​បាន​ប្រព្រឹត្ត​សេចក្តី​ដែល​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ប៉ុន្តែ​មិន​បាន​បំបាត់​អស់​ទាំង​ទី​ខ្ពស់​ចេញ​ទេ ពួក​បណ្តា‌ជន​គេ​នៅ​តែ​ថ្វាយ​យញ្ញ‌បូជា ហើយ​ដុត​កំញាន​នៅ​លើ​ទី​ខ្ពស់​ទាំង​នោះ​នៅ​ឡើយ

44. យ៉ូសា‌ផាត​ទ្រង់​ក៏​បាន​ចង​ស្ពាន​មេត្រី​នឹង​ស្តេច​អ៊ីស្រា‌អែល​ដែរ។

សូមអានជំពូកពេញលេញ ១ ពង្សាវតារក្សត្រ 22