គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សាវតារក្សត្រ 22:31-46 ព្រះគម្ពីរបរិសុទ្ធ (KHOV)

31. រីឯ​ខាង​ស្តេច​ស៊ីរី បាន​បង្គាប់​ដល់​ពួក​មេ‌ទ័ព​រទេះ​ចំបាំង​ទ្រង់​ទាំង​៣២​នាក់​ថា កុំ​ឲ្យ​ត​នឹង​អ្នក​ណា ទោះ​តូច ឬ​ធំ​ក្តី ចូរ​ត​តែ​នឹង​ស្តេច​អ៊ីស្រា‌អែល​១​ប៉ុណ្ណោះ

32. ដូច្នេះ កាល​ពួក​មេ‌ទ័ព​ទាំង​នោះ​បាន​ឃើញ​យ៉ូសា‌ផាត គេ​ក៏​បែរ​ទៅ​បំរុង​ត​នឹង​ទ្រង់ ដោយ​ស្មាន​ថា នេះ​ប្រាកដ​ជា​ស្តេច​អ៊ីស្រា‌អែល​ហើយ តែ​យ៉ូសា‌ផាត​ទ្រង់​ស្រែក​ឡើង

33. កាល​ពួក​មេ‌ទ័ព​ឃើញ​ថា មិន​មែន​ជា​ស្តេច​អ៊ីស្រា‌អែល​ទេ នោះ​ក៏​លែង​តាម​ត​ទៅ

34. តែ​មាន​មនុស្ស​ម្នាក់​យឹត​ធ្នូ បាញ់​ព្រាវ​ទៅ ត្រូវ​ស្តេច​អ៊ីស្រា‌អែល ត្រង់​ប្រឡោះ​អាវ‌ក្រោះ​ទ្រង់ ដូច្នេះ ទ្រង់​មាន​ព្រះ‌បន្ទូល​បង្គាប់ ដល់​អ្នក​បរ​ព្រះ‌រាជ‌រថ​ទ្រង់​ថា ចូរ​ញាក់​បង្ហៀរ​ត្រឡប់​រថ នាំ​យើង​ចេញ​ពី​ពល‌ទ័ព​ទៅ ដ្បិត​យើង​មាន​របួស​ជា​ទំងន់

35. នៅ​ថ្ងៃ​នោះ ចំបាំង​ក៏​កាន់​តែ​ខ្លាំង​ឡើង តែ​គេ​គ្រាហ៍​គាំ​ស្តេច​នៅ​ក្នុង​ព្រះ‌រាជ‌រថ ដើម្បី​តស៊ូ​នឹង​ពួក​ស៊ីរី លុះ​ដល់​ពេល​ល្ងាច ទ្រង់​សុគត​ទៅ ហើយ​ឈាម​ពី​របួស​នោះ​ក៏​ហូរ​ទៅ​ក្នុង​បាត​ព្រះ‌រាជ‌រថ

36. រួច​ដល់​ពេល​ថ្ងៃ​លិច នោះ​ក៏​មាន​ឮ​សំរែក នៅ​ពេញ​ក្នុង​ពួក​ទ័ព​ថា ចូរ​គ្រប់​គ្នា​ត្រឡប់​ទៅ​ឯ​ទី​ក្រុង និង​ស្រុក​របស់​ខ្លួន​វិញ​ទៅ។

37. គឺ​យ៉ាង​នោះ​ដែល​ស្តេច​ទ្រង់​សុគត ហើយ​គេ​ក៏​នាំ​សព​ទ្រង់​មក​វិញ បញ្ចុះ​នៅ​ក្នុង​ក្រុង​សាម៉ារី

38. គេ​លាង​ព្រះ‌រាជ‌រថ​នៅ​ត្រង់​ស្រះ​ទឹក​នៃ​ក្រុង​សាម៉ារី ហើយ​មាន​ឆ្កែ​លិទ្ធ​ឈាម (រីឯ​នៅ​ទី​នោះ​ពួក​ស្រី​សំផឹង​តែង​ងូត​ទឹក) តាម​សេចក្តី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ទុក

39. ឯ​ដំណើរ​ឯ​ទៀត​ពី​អ័ហាប់ និង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ ព្រម​ទាំង​ដំណាក់​ភ្លុក​ដែល​ទ្រង់​បាន​ធ្វើ និង​អស់​ទាំង​ទី​ក្រុង​ដែល​ទ្រង់​បាន​សង់ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ

40. គឺ​យ៉ាង​នោះ ដែល​អ័ហាប់​បាន​ផ្ទំ​លក់​ទៅ ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់ រួច​អ័ហា‌ស៊ីយ៉ា ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។

41. រីឯ​នៅ​ឆ្នាំ​ទី​៤ ក្នុង​រាជ្យ​អ័ហាប់ ស្តេច​អ៊ីស្រា‌អែល នោះ​យ៉ូសា‌ផាត ជា​កូន​អេសា ក៏​ចាប់​តាំង​សោយ‌រាជ្យ​ឡើង​លើ​ស្រុក​យូដា

42. កាល​យ៉ូសា‌ផាត​ចាប់​តាំង​សោយ‌រាជ្យ នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​៣៥​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​២៥​ឆ្នាំ ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម​ជា​អ័ស៊ូបា បុត្រី​ស៊ីលហ៊ី

43. ទ្រង់​ក៏​ដើរ​តាម​គ្រប់​ទាំង​ផ្លូវ​របស់​អេសា ជា​ព្រះ‌បិតា​ទ្រង់ ឥត​ងាក​បែរ​ចេញ​ឡើយ គឺ​បាន​ប្រព្រឹត្ត​សេចក្តី​ដែល​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ប៉ុន្តែ​មិន​បាន​បំបាត់​អស់​ទាំង​ទី​ខ្ពស់​ចេញ​ទេ ពួក​បណ្តា‌ជន​គេ​នៅ​តែ​ថ្វាយ​យញ្ញ‌បូជា ហើយ​ដុត​កំញាន​នៅ​លើ​ទី​ខ្ពស់​ទាំង​នោះ​នៅ​ឡើយ

44. យ៉ូសា‌ផាត​ទ្រង់​ក៏​បាន​ចង​ស្ពាន​មេត្រី​នឹង​ស្តេច​អ៊ីស្រា‌អែល​ដែរ។

45. រីឯ​ដំណើរ​ឯ​ទៀត​ពី​យ៉ូសា‌ផាត និង​អំណាច​ដែល​ទ្រង់​បាន​សំដែង ហើយ​ពី​ការ​សង្គ្រាម​របស់​ទ្រង់ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​យូដា​ហើយ

46. ឯ​សំណល់​ពួក​កូន​ជឹង ដែល​នៅ​សល់ ពី​ក្នុង​រាជ្យ​អេសា ជា​ព្រះ‌បិតា នោះ​ទ្រង់​ក៏​បណ្តេញ​គេ​ចេញ​ពី​ស្រុក​ទៅ

សូមអានជំពូកពេញលេញ ១ ពង្សាវតារក្សត្រ 22