គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សាវតារក្សត្រ 22:3-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. ហើយ​ស្តេច​អ៊ីស្រា‌អែល​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ពួក​ជំនិត​ទ្រង់​ថា អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា ក្រុង​រ៉ាម៉ូត-កាឡាត​ជា​របស់​ផង​យើង ចុះ​ហេតុ​អ្វី​បាន​ជា​យើង​នៅ​តែ​ស្ងៀម ឥត​ទៅ​ចាប់​យក​ពី​កណ្តាប់​ដៃ​ស្តេច​ស៊ីរី​មក​វិញ​ដូច្នេះ

4. រួច​ទ្រង់​ទូល​សួរ​យ៉ូសា‌ផាត​ថា តើ​ទ្រង់​នឹង​ទៅ​ច្បាំង​នឹង​ក្រុង​រ៉ាម៉ូត-កាឡាត ជា​មួយ​នឹង​ទូល‌បង្គំ​ឬ​ទេ យ៉ូសា‌ផាត​ទូល​ឆ្លើយ​ថា ទូល‌បង្គំ​ក៏​ដូច​ជា​ទ្រង់ រាស្ត្រ​របស់​ទូល‌បង្គំ​ក៏​ដូច​ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​សេះ​របស់​ទូល‌បង្គំ​ទាំង​ប៉ុន្មាន ក៏​ដូច​ជា​សេះ​របស់​ទ្រង់​ដែរ។

5. តែ​យ៉ូសា‌ផាត​ទូល​ដល់​ស្តេច​អ៊ីស្រា‌អែល​ថា សូម​ទ្រង់​ទូល​សួរ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​មុន​សិន

6. ដូច្នេះ ស្តេច​អ៊ីស្រា‌អែល​ក៏​ប្រមូល​ពួក​ហោរា​ប្រហែល​ជា​៤០០​នាក់​មក​សួរ​ថា តើ​ត្រូវ​ឲ្យ​យើង​ចេញ​ទៅ ច្បាំង​នឹង​រ៉ាម៉ូត-កាឡាត ឬ​ឈប់​ខាន គេ​ទូល​ឆ្លើយ​ថា សូម​យាង​ឡើង​ទៅ​ចុះ ដ្បិត​ព្រះ‌អម្ចាស់​ទ្រង់​នឹង​ប្រគល់​គេ មក​ក្នុង​កណ្តាប់​ព្រះ‌ហស្ត​នៃ​ព្រះ‌ករុណា​ហើយ

7. តែ​យ៉ូសា‌ផាត​សួរ​ថា នៅ​ទី​នេះ តើ​គ្មាន​ហោរា​ណា​ម្នាក់​របស់​ព្រះ‌យេហូវ៉ា ល្មម​ឲ្យ​យើង​សួរ​គាត់​ដែរ​ទេ​ឬ

8. ស្តេច​អ៊ីស្រា‌អែល​ទូល​ឆ្លើយ​ថា មាន​ម្នាក់​ទៀត ដែល​ល្មម​ឲ្យ​យើង​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​បាន គឺ​ឈ្មោះ​មីកាយ៉ា ជា​កូន​យីមឡា តែ​ទូល‌បង្គំ​ស្អប់​វា ដ្បិត​វា​មិន​ដែល​ទាយ​ល្អ​ពី​ទូល‌បង្គំ​សោះ គឺ​ចេះ​តែ​ទាយ​អាក្រក់​វិញ យ៉ូសា‌ផាត​ទូល​ថា សូម​ទ្រង់​កុំ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​ឡើយ។

9. នោះ​ស្តេច​អ៊ីស្រា‌អែល ទ្រង់​ហៅ​មហា‌តលិក​ម្នាក់​មក​បង្គាប់​ថា ចូរ​ទៅ​នាំ​មីកាយ៉ា ជា​កូន​យីមឡា មក​នេះ​ជា​ឆាប់ៗ

10. ឯ​ស្តេច​អ៊ីស្រា‌អែល និង​យ៉ូសា‌ផាត ជា​ស្តេច​ស្រុក​យូដា ទ្រង់​ព្រះ‌ពស្ត្រ‌រាជ្យ​គង់​លើ​បល្ល័ង្ក​រៀង​អង្គ ត្រង់​ទី‌ធ្លា នៅ​ទ្វារ​ក្រុង​សាម៉ារី ហើយ​ពួក​ហោរា​ក៏​ឈរ​ទាយ នៅ​ចំពោះ​ទ្រង់

11. ឯ​សេដេគា ជា​កូន​ក្នាណា គាត់​បាន​ធ្វើ​ស្នែង​ដែក ហើយ​ក៏​ទូល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ព្រះ‌ករុណា​នឹង​ជល់​ពួក​ស៊ីរី​ដោយ​ស្នែង​នេះ ដរាប​ដល់​វិនាស​សូន្យ​ទៅ

12. ហើយ​ពួក​ហោរា​ទាំង​អស់​ក៏​ទាយ​ដូច្នោះ​ដែរ​ថា សូម​យាង​ឡើង​ទៅ​ឯ​រ៉ាម៉ូត-កាឡាត ហើយ​មាន​ជ័យ‌ជំនះ​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ប្រគល់​ក្រុង​នោះ មក​ក្នុង​កណ្តាប់​ព្រះ‌ហស្ត​នៃ​ព្រះ‌ករុណា​ហើយ។

13. រីឯ​អ្នក​ដែល​ទៅ​ហៅ​មីកាយ៉ា​មក ក៏​ប្រាប់​គាត់​ថា មើល ពួក​ហោរា​ទាំង​អស់ សុទ្ធ​តែ​ទាយ​ល្អ​ដល់​ស្តេច​ព្រម​គ្នា ដូច្នេះ សូម​ឲ្យ​ពាក្យ​លោក​បាន​ដូច​ជា​ពាក្យ​របស់​ហោរា​ទាំង​នោះ​ដែរ ដោយ​ពោល​តែ​សេចក្តី​ល្អ​ចុះ

14. តែ​មីកាយ៉ា​ឆ្លើយ​ថា ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​ថា សេចក្តី​ណា​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ នោះ​ខ្ញុំ​នឹង​បញ្ចេញ​តាម​សេចក្តី​នោះ

សូមអានជំពូកពេញលេញ ១ ពង្សាវតារក្សត្រ 22