គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សាវតារក្សត្រ 22:24-37 ព្រះគម្ពីរបរិសុទ្ធ (KHOV)

24. លំដាប់​នោះ​សេដេគា​ជា​កូន​ក្នាណា ក៏​ចូល​ទៅ​ទះ​កំផ្លៀង​មីកាយ៉ា​សួរ​ថា ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​បាន​ចេញ​ពី​អញ ទៅ​មាន​ព្រះ‌បន្ទូល​នឹង​ឯង​តាម​ណា

25. មីកាយ៉ា​ឆ្លើយ​ថា ចាំ​មើល នៅ​ថ្ងៃ​នោះ​ឯង​នឹង​បាន​ឃើញ ក្នុង​កាល​ដែល​ឯង​រត់​ទៅ​ពួន​នៅ​ក្នុង​បន្ទប់​ខាង​ក្នុង

26. ស្តេច​អ៊ីស្រា‌អែល​ទ្រង់​បង្គាប់​ថា ចូរ​នាំ​យក​មីកាយ៉ា​ត្រឡប់​ទៅ​ឯ​អាំម៉ូន ជា​ចៅ‌ហ្វាយ​ទី​ក្រុង និង​យ៉ូអាស ជា​ព្រះ‌រាជ‌បុត្រ​ទៅ

27. ហើយ​បង្គាប់​ថា ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ គឺ​ឲ្យ​ដាក់​មនុស្ស​នេះ​ក្នុង​គុក ចិញ្ចឹម​ដោយ​នំបុ័ង និង​ទឹក​ដ៏​វេទនា ដរាប​ដល់​អញ​មក​វិញ​ដោយ​សុខ‌សាន្ត

28. នោះ​មីកាយ៉ា​ទូល​ថា បើ‌សិន​ជា​ទ្រង់​ដែល​យាង​មក​វិញ ដោយ​សុខ‌សាន្ត នោះ​គឺ​ព្រះ‌យេហូវ៉ា​មិន​បាន​មាន​ព្រះ‌បន្ទូល ដោយ‌សារ​ទូល‌បង្គំ​ទេ រួច​គាត់​ថែម​ពាក្យ​នេះ​ថា ឱ​ជន​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​ចុះ។

29. ដូច្នេះ ស្តេច​អ៊ីស្រា‌អែល និង​យ៉ូសា‌ផាត ជា​ស្តេច​យូដា ក៏​ឡើង​ទៅ​ឯ​ក្រុង​រ៉ាម៉ូត-កាឡាត

30. ស្តេច​អ៊ីស្រា‌អែល​ទ្រង់​ទូល​ទៅ​យ៉ូសា‌ផាត​ថា ទូល‌បង្គំ​នឹង​ក្លែង​ខ្លួន​ចូល​ទៅ​ច្បាំង តែ​ព្រះ‌អង្គ សូម​ឲ្យ​ទ្រង់​គ្រឿង​ព្រះ‌ពស្ត្រ‌រាជ្យ​របស់​ទ្រង់​វិញ ស្តេច​អ៊ីស្រា‌អែល​ក៏​ក្លែង​ខ្លួន​ចូល​ទៅ​ច្បាំង​នឹង​គេ

31. រីឯ​ខាង​ស្តេច​ស៊ីរី បាន​បង្គាប់​ដល់​ពួក​មេ‌ទ័ព​រទេះ​ចំបាំង​ទ្រង់​ទាំង​៣២​នាក់​ថា កុំ​ឲ្យ​ត​នឹង​អ្នក​ណា ទោះ​តូច ឬ​ធំ​ក្តី ចូរ​ត​តែ​នឹង​ស្តេច​អ៊ីស្រា‌អែល​១​ប៉ុណ្ណោះ

32. ដូច្នេះ កាល​ពួក​មេ‌ទ័ព​ទាំង​នោះ​បាន​ឃើញ​យ៉ូសា‌ផាត គេ​ក៏​បែរ​ទៅ​បំរុង​ត​នឹង​ទ្រង់ ដោយ​ស្មាន​ថា នេះ​ប្រាកដ​ជា​ស្តេច​អ៊ីស្រា‌អែល​ហើយ តែ​យ៉ូសា‌ផាត​ទ្រង់​ស្រែក​ឡើង

33. កាល​ពួក​មេ‌ទ័ព​ឃើញ​ថា មិន​មែន​ជា​ស្តេច​អ៊ីស្រា‌អែល​ទេ នោះ​ក៏​លែង​តាម​ត​ទៅ

34. តែ​មាន​មនុស្ស​ម្នាក់​យឹត​ធ្នូ បាញ់​ព្រាវ​ទៅ ត្រូវ​ស្តេច​អ៊ីស្រា‌អែល ត្រង់​ប្រឡោះ​អាវ‌ក្រោះ​ទ្រង់ ដូច្នេះ ទ្រង់​មាន​ព្រះ‌បន្ទូល​បង្គាប់ ដល់​អ្នក​បរ​ព្រះ‌រាជ‌រថ​ទ្រង់​ថា ចូរ​ញាក់​បង្ហៀរ​ត្រឡប់​រថ នាំ​យើង​ចេញ​ពី​ពល‌ទ័ព​ទៅ ដ្បិត​យើង​មាន​របួស​ជា​ទំងន់

35. នៅ​ថ្ងៃ​នោះ ចំបាំង​ក៏​កាន់​តែ​ខ្លាំង​ឡើង តែ​គេ​គ្រាហ៍​គាំ​ស្តេច​នៅ​ក្នុង​ព្រះ‌រាជ‌រថ ដើម្បី​តស៊ូ​នឹង​ពួក​ស៊ីរី លុះ​ដល់​ពេល​ល្ងាច ទ្រង់​សុគត​ទៅ ហើយ​ឈាម​ពី​របួស​នោះ​ក៏​ហូរ​ទៅ​ក្នុង​បាត​ព្រះ‌រាជ‌រថ

36. រួច​ដល់​ពេល​ថ្ងៃ​លិច នោះ​ក៏​មាន​ឮ​សំរែក នៅ​ពេញ​ក្នុង​ពួក​ទ័ព​ថា ចូរ​គ្រប់​គ្នា​ត្រឡប់​ទៅ​ឯ​ទី​ក្រុង និង​ស្រុក​របស់​ខ្លួន​វិញ​ទៅ។

37. គឺ​យ៉ាង​នោះ​ដែល​ស្តេច​ទ្រង់​សុគត ហើយ​គេ​ក៏​នាំ​សព​ទ្រង់​មក​វិញ បញ្ចុះ​នៅ​ក្នុង​ក្រុង​សាម៉ារី

សូមអានជំពូកពេញលេញ ១ ពង្សាវតារក្សត្រ 22