គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សាវតារក្សត្រ 21:8-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. នោះ​ព្រះ‌នាង​ក៏​ធ្វើ​សំបុត្រ​ដោយ​នូវ​ព្រះ‌នាម​អ័ហាប់ ហើយ​ប្រថាប់​ត្រា​ផែនដី រួច​ផ្ញើ​ទៅ​ពួក​ចាស់‌ទុំ និង​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់ ដែល​នៅ​ក្នុង​ទី​ក្រុង ជា​មួយ​នឹង​ណាបោត

9. ក្នុង​សំបុត្រ​នោះ ព្រះ‌នាង​បង្គាប់​ថា ចូរ​ប្រកាស​ប្រាប់​ឲ្យ​មាន​បុណ្យ​ត្រណម ហើយ​តាំង​ណាបោត ឲ្យ​អង្គុយ​នៅ​លើ​ទី​ដ៏​ប្រសើរ​កណ្តាល​ពួក​ជន

10. រួច​នាំ​មនុស្ស​ខូច​អាក្រក់​២​នាក់​មក ឲ្យ​ឈរ​នៅ​មុខ​វា ដើម្បី​ធ្វើ​បន្ទាល់​ទាស់​នឹង​វា​ថា វា​បាន​ប្រមាថ​ដល់​ព្រះ ហើយ​ដល់​ស្តេច​ផង ស្រេច​ហើយ ចូរ​នាំ​វា​ចេញ​ទៅ​ក្រៅ ចោល​នឹង​ថ្ម​សំឡាប់​ទៅ។

11. ពួក​មនុស្ស​នៅ​ក្រុង​របស់​គាត់ គឺ​ជា​ពួក​ចាស់‌ទុំ និង​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់ ដែល​នៅ​ទី​ក្រុង​ជា​មួយ​នឹង​គាត់ គេ​ក៏​ធ្វើ​តាម​សេចក្តី​ដែល​យេសិ‌បិល​បាន​បង្គាប់ ដូច​ជា​សេចក្តី​ដែល​ព្រះ‌នាង​បាន​សរសេរ​ចុះ​ក្នុង​សំបុត្រ ផ្ញើ​ទៅ​គេ

12. គេ​ក៏​ប្រកាស​ប្រាប់​ឲ្យ​មាន​បុណ្យ​ត្រណម ហើយ​ដាក់​ណាបោត ឲ្យ​អង្គុយ​នៅ​ទី​ដ៏​ប្រសើរ​កណ្តាល​ពួក​ជន

13. រួច​មាន​មនុស្ស​ខូច​អាក្រក់​២​នាក់ ចូល​មក​អង្គុយ​ខាង​មុខ​ណាបោត ធ្វើ​បន្ទាល់​ទាស់​នឹង​គាត់​នៅ​មុខ​បណ្តា‌ជន​ថា ណាបោត​នេះ​បាន​ប្រមាថ​ដល់​ព្រះ ហើយ​ដល់​ស្តេច​ផង ដូច្នេះ គេ​នាំ​យក​គាត់​ចេញ​ទៅ​ឯ​ក្រៅ​ទី​ក្រុង ហើយ​ចោល​សំឡាប់​នឹង​ថ្ម​ទៅ

14. រួច​ហើយ​គេ​ចាត់​មនុស្ស​ឲ្យ​ទៅ​ទូល​យេសិ‌បិល ឲ្យ​ជ្រាប​ថា បាន​ចោល​សំឡាប់​ណាបោត​នឹង​ថ្ម​ហើយ

15. កាល​យេសិ‌បិល​បាន​ឮ​ថា គេ​បាន​ចោល​សំឡាប់​ណាបោត​នឹង​ថ្ម​ហើយ​ដូច្នោះ នោះ​ព្រះ‌នាង​ក៏​ទូល​អ័ហាប់​ថា សូម​តើន​ឡើង​ទៅ​ទទួល​យក​ចំការ​របស់​ណាបោត ជា​អ្នក​ស្រុក​យេស‌រាល ដែល​វា​មិន​ព្រម​លក់​ថ្វាយ​នោះ មក​ទុក​ជា​របស់​ផង​ទ្រង់​វិញ​ចុះ ពី​ព្រោះ​ណាបោត​មិន​នៅ​រស់​ទៀត​ទេ គឺ​វា​ស្លាប់​ហើយ

16. ដូច្នេះ កាល​អ័ហាប់​បាន​ជ្រាប​ថា​ណាបោត​បាន​ស្លាប់ នោះ​ទ្រង់​ក៏​តើន​ឡើង ដើម្បី​ចុះ​ទៅ​ឯ​ចំការ​របស់​ណាបោត ជា​អ្នក​ស្រុក​យេស‌រាល ប្រយោជន៍​នឹង​យក​ធ្វើ​ជា​របស់​ផង​ទ្រង់​ទៅ។

17. ខណៈ​នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​អេលីយ៉ា ជា​អ្នក​ស្រុក​ធេសប៊ី​ថា

18. ចូរ​ក្រោក​ឡើង​ចុះ​ទៅ​ជួប​នឹង​អ័ហាប់ ជា​ស្តេច​អ៊ីស្រា‌អែល ដែល​គង់​នៅ​ក្រុង​សាម៉ារី​ទៅ មើល ទ្រង់​នៅ​ក្នុង​ចំការ​របស់​ណាបោត ទ្រង់​បាន​ចុះ​ទៅ​ទទួល​យក​ចំការ​នោះ ទុក​ជា​របស់​ផង​ទ្រង់

19. ដូច្នេះ ឯង​ត្រូវ​ទូល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ តើ​ឯង​បាន​សំឡាប់ ហើយ​បាន​ទាំង​រឹប‌ជាន់​យក​របស់​ទ្រព្យ​ផង​មែន​ឬ ក៏​ត្រូវ​ទូល​ដូច្នេះ​ទៀត​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា នៅ​កន្លែង​ដែល​ឆ្កែ​បាន​លិទ្ធ​ឈាម​របស់​ណាបោត នោះ​នឹង​លិទ្ធ​ឈាម​របស់​ឯង​ដែរ

20. អ័ហាប់​មាន​ព្រះ‌បន្ទូល​តប​ថា ឱ​ខ្មាំង​សត្រូវ​យើង​អើយ តើ​ឯង​មក​តាម​យើង​ទាន់​ហើយ​ឬ លោក​ទូល​ឆ្លើយ​ថា ទាន់​ហើយ ពី​ព្រោះ​ព្រះ‌ករុណា​បាន​លក់​ព្រះ‌អង្គ​ទ្រង់ ឲ្យ​ធ្វើ​អំពើ​ដ៏​លាមក​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា

សូមអានជំពូកពេញលេញ ១ ពង្សាវតារក្សត្រ 21