16. ដូច្នេះ កាលអ័ហាប់បានជ្រាបថាណាបោតបានស្លាប់ នោះទ្រង់ក៏តើនឡើង ដើម្បីចុះទៅឯចំការរបស់ណាបោត ជាអ្នកស្រុកយេសរាល ប្រយោជន៍នឹងយកធ្វើជារបស់ផងទ្រង់ទៅ។
17. ខណៈនោះ ព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់អេលីយ៉ា ជាអ្នកស្រុកធេសប៊ីថា
18. ចូរក្រោកឡើងចុះទៅជួបនឹងអ័ហាប់ ជាស្តេចអ៊ីស្រាអែល ដែលគង់នៅក្រុងសាម៉ារីទៅ មើល ទ្រង់នៅក្នុងចំការរបស់ណាបោត ទ្រង់បានចុះទៅទទួលយកចំការនោះ ទុកជារបស់ផងទ្រង់
19. ដូច្នេះ ឯងត្រូវទូលថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ តើឯងបានសំឡាប់ ហើយបានទាំងរឹបជាន់យករបស់ទ្រព្យផងមែនឬ ក៏ត្រូវទូលដូច្នេះទៀតថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា នៅកន្លែងដែលឆ្កែបានលិទ្ធឈាមរបស់ណាបោត នោះនឹងលិទ្ធឈាមរបស់ឯងដែរ
20. អ័ហាប់មានព្រះបន្ទូលតបថា ឱខ្មាំងសត្រូវយើងអើយ តើឯងមកតាមយើងទាន់ហើយឬ លោកទូលឆ្លើយថា ទាន់ហើយ ពីព្រោះព្រះករុណាបានលក់ព្រះអង្គទ្រង់ ឲ្យធ្វើអំពើដ៏លាមកអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា
21. មើល អញនឹងនាំសេចក្តីវេទនាមកលើឯង អញនឹងបោសឯងចេញអស់រលីង ហើយនឹងកាត់អស់ទាំងកូនប្រុសៗពីអ័ហាប់ចេញ ព្រមទាំងអ្នកបិទបាំងទុក និងអ្នកដែលឥតមានចំណង ក្នុងពួកអ៊ីស្រាអែលផង
22. អញនឹងធ្វើឲ្យជំនួរវង្សរបស់ឯងបានដូចជាជំនួរវង្សរបស់យេរ៉ូបោម ជាកូននេបាត ហើយដូចជាជំនួរវង្សរបស់ប្អាសា ជាកូនអ័ហ៊ីយ៉ា ដោយព្រោះការប្រទាំង ដែលឯងបានធ្វើឲ្យអញបានក្នាញ់ក្នុងព្រះទ័យ ហើយបានបណ្តាលឲ្យពួកអ៊ីស្រាអែលធ្វើបាបដែរ
23. ព្រះយេហូវ៉ាក៏មានព្រះបន្ទូលពីដំណើរយេសិបិលដែរថា ឆ្កែនឹងទំពាស៊ីយេសិបិល នៅជិតកំផែងក្រុងយេសរាល
24. អ្នកណាក្នុងពូជពង្សអ័ហាប់ ដែលស្លាប់នៅក្នុងទីក្រុង នោះឆ្កែនឹងទំពាស៊ី ហើយអ្នកណាដែលស្លាប់នៅទីវាល នោះសត្វហើរលើអាកាសនឹងចឹកស៊ីវិញ
25. រីឯអ័ហាប់ គ្មានអ្នកណាមួយឲ្យដូចទ្រង់ ដែលបានលក់ខ្លួនឲ្យធ្វើអំពើដ៏លាមកអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ដែលយេសិបិល ជាភរិយាបានញុះញង់នោះទេ
26. ទ្រង់បានប្រព្រឹត្តបែបគួរស្អប់ខ្ពើមណាស់ ដោយគោរពប្រតិបត្តិតាមអស់ទាំងរូបព្រះ តាមគ្រប់ទាំងទំនៀមរបស់សាសន៍អាម៉ូរី ដែលព្រះយេហូវ៉ាទ្រង់បានបណ្តេញ ពីមុខពួកកូនចៅអ៊ីស្រាអែលចេញ។
27. កាលអ័ហាប់បានឮពាក្យទាំងនោះហើយ នោះទ្រង់ក៏ហែកព្រះពស្ត្រទ្រង់ រួចស្លៀកសំពត់ធ្មៃវិញ ហើយតមព្រះស្ងោយ ទ្រង់ផ្ទំទាំងសំពត់ធ្មៃនោះ ហើយក៏យាងមួយៗ
28. នោះព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់អេលីយ៉ា ជាអ្នកស្រុកធេសប៊ីថា
29. ឯងបានឃើញឬទេ អ័ហាប់បន្ទាបខ្លួននៅមុខអញហើយ ដូច្នេះ ដោយព្រោះបានបន្ទាបខ្លួននៅមុខអញ នោះអញមិននាំសេចក្តីវេទនានោះ មកក្នុងគ្រាព្រះជន្មទ្រង់ទេ គឺអញនឹងនាំសេចក្តីវេទនានោះ មកលើជំនួរវង្សទ្រង់ក្នុងគ្រានៃបុត្រទ្រង់វិញ។