គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សាវតារក្សត្រ 21:15-26 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. កាល​យេសិ‌បិល​បាន​ឮ​ថា គេ​បាន​ចោល​សំឡាប់​ណាបោត​នឹង​ថ្ម​ហើយ​ដូច្នោះ នោះ​ព្រះ‌នាង​ក៏​ទូល​អ័ហាប់​ថា សូម​តើន​ឡើង​ទៅ​ទទួល​យក​ចំការ​របស់​ណាបោត ជា​អ្នក​ស្រុក​យេស‌រាល ដែល​វា​មិន​ព្រម​លក់​ថ្វាយ​នោះ មក​ទុក​ជា​របស់​ផង​ទ្រង់​វិញ​ចុះ ពី​ព្រោះ​ណាបោត​មិន​នៅ​រស់​ទៀត​ទេ គឺ​វា​ស្លាប់​ហើយ

16. ដូច្នេះ កាល​អ័ហាប់​បាន​ជ្រាប​ថា​ណាបោត​បាន​ស្លាប់ នោះ​ទ្រង់​ក៏​តើន​ឡើង ដើម្បី​ចុះ​ទៅ​ឯ​ចំការ​របស់​ណាបោត ជា​អ្នក​ស្រុក​យេស‌រាល ប្រយោជន៍​នឹង​យក​ធ្វើ​ជា​របស់​ផង​ទ្រង់​ទៅ។

17. ខណៈ​នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​អេលីយ៉ា ជា​អ្នក​ស្រុក​ធេសប៊ី​ថា

18. ចូរ​ក្រោក​ឡើង​ចុះ​ទៅ​ជួប​នឹង​អ័ហាប់ ជា​ស្តេច​អ៊ីស្រា‌អែល ដែល​គង់​នៅ​ក្រុង​សាម៉ារី​ទៅ មើល ទ្រង់​នៅ​ក្នុង​ចំការ​របស់​ណាបោត ទ្រង់​បាន​ចុះ​ទៅ​ទទួល​យក​ចំការ​នោះ ទុក​ជា​របស់​ផង​ទ្រង់

19. ដូច្នេះ ឯង​ត្រូវ​ទូល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ តើ​ឯង​បាន​សំឡាប់ ហើយ​បាន​ទាំង​រឹប‌ជាន់​យក​របស់​ទ្រព្យ​ផង​មែន​ឬ ក៏​ត្រូវ​ទូល​ដូច្នេះ​ទៀត​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា នៅ​កន្លែង​ដែល​ឆ្កែ​បាន​លិទ្ធ​ឈាម​របស់​ណាបោត នោះ​នឹង​លិទ្ធ​ឈាម​របស់​ឯង​ដែរ

20. អ័ហាប់​មាន​ព្រះ‌បន្ទូល​តប​ថា ឱ​ខ្មាំង​សត្រូវ​យើង​អើយ តើ​ឯង​មក​តាម​យើង​ទាន់​ហើយ​ឬ លោក​ទូល​ឆ្លើយ​ថា ទាន់​ហើយ ពី​ព្រោះ​ព្រះ‌ករុណា​បាន​លក់​ព្រះ‌អង្គ​ទ្រង់ ឲ្យ​ធ្វើ​អំពើ​ដ៏​លាមក​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា

21. មើល អញ​នឹង​នាំ​សេចក្តី​វេទនា​មក​លើ​ឯង អញ​នឹង​បោស​ឯង​ចេញ​អស់​រលីង ហើយ​នឹង​កាត់​អស់​ទាំង​កូន​ប្រុសៗ​ពី​អ័ហាប់​ចេញ ព្រម​ទាំង​អ្នក​បិទ​បាំង​ទុក និង​អ្នក​ដែល​ឥត​មាន​ចំណង ក្នុង​ពួក​អ៊ីស្រា‌អែល​ផង

22. អញ​នឹង​ធ្វើ​ឲ្យ​ជំនួរ​វង្ស​របស់​ឯង​បាន​ដូច​ជា​ជំនួរ​វង្ស​របស់​យេរ៉ូ‌បោម ជា​កូន​នេបាត ហើយ​ដូច​ជា​ជំនួរ​វង្ស​របស់​ប្អាសា ជា​កូន​អ័ហ៊ីយ៉ា ដោយ​ព្រោះ​ការ​ប្រទាំង ដែល​ឯង​បាន​ធ្វើ​ឲ្យ​អញ​បាន​ក្នាញ់​ក្នុង​ព្រះ‌ទ័យ ហើយ​បាន​បណ្តាល​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​ដែរ

23. ព្រះ‌យេហូវ៉ា​ក៏​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​យេសិ‌បិល​ដែរ​ថា ឆ្កែ​នឹង​ទំពា​ស៊ី​យេសិ‌បិល នៅ​ជិត​កំផែង​ក្រុង​យេស‌រាល

24. អ្នក​ណា​ក្នុង​ពូជ‌ពង្ស​អ័ហាប់ ដែល​ស្លាប់​នៅ​ក្នុង​ទី​ក្រុង នោះ​ឆ្កែ​នឹង​ទំពា​ស៊ី ហើយ​អ្នក​ណា​ដែល​ស្លាប់​នៅ​ទី​វាល នោះ​សត្វ​ហើរ​លើ​អាកាស​នឹង​ចឹក​ស៊ី​វិញ

25. រីឯ​អ័ហាប់ គ្មាន​អ្នក​ណា​មួយ​ឲ្យ​ដូច​ទ្រង់ ដែល​បាន​លក់​ខ្លួន​ឲ្យ​ធ្វើ​អំពើ​ដ៏​លាមក​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ដែល​យេសិ‌បិល ជា​ភរិយា​បាន​ញុះ‌ញង់​នោះ​ទេ

26. ទ្រង់​បាន​ប្រព្រឹត្ត​បែប​គួរ​ស្អប់​ខ្ពើម​ណាស់ ដោយ​គោរព​ប្រតិ‌បត្តិ​តាម​អស់​ទាំង​រូប​ព្រះ តាម​គ្រប់​ទាំង​ទំនៀម​របស់​សាសន៍​អាម៉ូរី ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បណ្តេញ ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ។

សូមអានជំពូកពេញលេញ ១ ពង្សាវតារក្សត្រ 21