គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សាវតារក្សត្រ 21:1-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. រីឯ​ណាបោត ជា​អ្នក​ស្រុក​យេស‌រាល គាត់​មាន​ចំការ​ទំពាំង‌បាយ‌ជូរ នៅ​ស្រុក​យេស‌រាល ជិត​បង្កើយ​នឹង​ដំណាក់​អ័ហាប់ ជា​ស្តេច​នៃ​ក្រុង​សាម៉ារី

2. ហើយ​ក្រោយ​ការ​ទាំង​នោះ​មក អ័ហាប់​ក៏​មាន​ព្រះ‌បន្ទូល​នឹង​ណាបោត​ថា ចូរ​ឲ្យ​ចំការ​ទំពាំង‌បាយ‌ជូរ​របស់​ឯង​មក​យើង​ចុះ ដើម្បី​ឲ្យ​យើង​បាន​ធ្វើ​ច្បារ​បន្លែ ដ្បិត​នៅ​ជិត​ដំណាក់​របស់​យើង យើង​នឹង​ឲ្យ​ចំការ​១​ល្អ​ជាង​ដល់​ឯង ឬ​បើ​ឯង​ចូល​ចិត្ត​នឹង​ប្រាក់ នោះ​យើង​នឹង​ឲ្យ​តាម​ដំឡៃ​ចំការ​នោះ​វិញ

3. តែ​ណាបោត​ទូល​តប​ថា សូម​ព្រះ‌យេហូវ៉ា​ទ្រង់​ឃាត់ កុំ​ឲ្យ​ទូល‌បង្គំ​ថ្វាយ​មរដក​របស់​ពួក​អយ្យកោ​ទូល‌បង្គំ ដល់​ព្រះ‌ករុណា​ឡើយ

4. អ័ហាប់​ក៏​ត្រឡប់​ទៅ​ឯ​ដំណាក់​ទ្រង់​វិញ មាន​ព្រះ‌ទ័យ​អន់‌អាក់ ថ្នាំង‌ថ្នាក់ ដោយ​ព្រោះ​ពាក្យ​ដែល​ណាបោត ជា​អ្នក​ស្រុក​យេស‌រាល បាន​ទូល​ដល់​ទ្រង់​ថា ទូល‌បង្គំ​មិន​ថ្វាយ​មរដក​របស់​ពួក​អយ្យកោ​ទូល‌បង្គំ ដល់​ព្រះ‌ករុណា​ទេ ហើយ​ទ្រង់​ក៏​ប្រះ​ផ្ទំ​លើ​ព្រះ‌ទែន‌បន្ទំ បែរ​ព្រះ‌ភក្ត្រ​ចេញ មិន​ព្រម​សោយ​ព្រះ‌ស្ងោយ​ឡើយ។

5. ឯ​យេសិ‌បិល ជា​ភរិយា​ទ្រង់ ក៏​មក​ទូល​សួរ​ថា ហេតុ​អ្វី​បាន​ជា​ព្រួយ​ព្រះ‌ទ័យ មិន​សោយ​ព្រះ‌ស្ងោយ​ដូច្នេះ

6. ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា គឺ​ពី​ព្រោះ​អញ​បាន​និយាយ​នឹង​ណាបោត ជា​អ្នក​ស្រុក​យេស‌រាល​ថា ចូរ​លក់​ចំការ​ទំពាំង‌បាយ‌ជូរ​ឯង​មក​ឲ្យ​យើង ឬ​បើ​ឯង​ចូល​ចិត្ត នោះ​យើង​នឹង​ឲ្យ​ចំការ​១​ផ្សេង​ទៀត​ប្តូរ​នឹង​ចំការ​នេះ តែ​វា​ឆ្លើយ​មក​ថា ទូល‌បង្គំ​មិន​ថ្វាយ​ចំការ​ទូល‌បង្គំ​ដល់​ទ្រង់​ទេ

7. នោះ​យេសិ‌បិល ជា​ភរិយា ក៏​ទូល​ថា ឥឡូវ​នេះ ទ្រង់​សោយ‌រាជ្យ​នៅ​នគរ​អ៊ីស្រា‌អែល​មិន​មែន​ឬ សូម​តើន​ឡើង សោយ​ព្រះ‌ស្ងោយ​ទៅ ឲ្យ​ព្រះ‌ទ័យ​បាន​រីក‌រាយ​សប្បាយ​ចុះ ខ្ញុំ​ម្ចាស់​នឹង​ថ្វាយ​ចំការ​ទំពាំង‌បាយ‌ជូរ​របស់​ណាបោត ជា​អ្នក​ស្រុក​យេស‌រាល​ដល់​ទ្រង់

8. នោះ​ព្រះ‌នាង​ក៏​ធ្វើ​សំបុត្រ​ដោយ​នូវ​ព្រះ‌នាម​អ័ហាប់ ហើយ​ប្រថាប់​ត្រា​ផែនដី រួច​ផ្ញើ​ទៅ​ពួក​ចាស់‌ទុំ និង​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់ ដែល​នៅ​ក្នុង​ទី​ក្រុង ជា​មួយ​នឹង​ណាបោត

9. ក្នុង​សំបុត្រ​នោះ ព្រះ‌នាង​បង្គាប់​ថា ចូរ​ប្រកាស​ប្រាប់​ឲ្យ​មាន​បុណ្យ​ត្រណម ហើយ​តាំង​ណាបោត ឲ្យ​អង្គុយ​នៅ​លើ​ទី​ដ៏​ប្រសើរ​កណ្តាល​ពួក​ជន

10. រួច​នាំ​មនុស្ស​ខូច​អាក្រក់​២​នាក់​មក ឲ្យ​ឈរ​នៅ​មុខ​វា ដើម្បី​ធ្វើ​បន្ទាល់​ទាស់​នឹង​វា​ថា វា​បាន​ប្រមាថ​ដល់​ព្រះ ហើយ​ដល់​ស្តេច​ផង ស្រេច​ហើយ ចូរ​នាំ​វា​ចេញ​ទៅ​ក្រៅ ចោល​នឹង​ថ្ម​សំឡាប់​ទៅ។

សូមអានជំពូកពេញលេញ ១ ពង្សាវតារក្សត្រ 21