គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សាវតារក្សត្រ 20:7-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. ដូច្នេះ ស្តេច​អ៊ីស្រា‌អែល​ក៏​ហៅ​ពួក​ចាស់‌ទុំ​ក្នុង​ស្រុក​មក មាន​ព្រះ‌បន្ទូល​ថា សូម​អ្នក​រាល់​គ្នា​ពិចារណា​មើល ដែល​មនុស្ស​នេះ​រក​រឿង​ហេតុ​នឹង​យើង​ជា​យ៉ាង​ណា ដ្បិត​វា​បាន​ចាត់​ទូត ឲ្យ​មក​ទារ​យក​ប្រពន្ធ​កូន និង​មាស​ប្រាក់​របស់​យើង​ទៅ យើង​ក៏​ឥត​មាន​ប្រកែក​ឡើយ

8. នោះ​ពួក​ចាស់‌ទុំ និង​ប្រជា‌ជន​ទាំង‌ឡាយ​ទូល​ឆ្លើយ​ឡើង​ថា សូម​ទ្រង់​កុំ​ស្តាប់ ឬ​ព្រម​តាម​គេ​ឡើយ

9. ហេតុ​ដូច្នេះ​ទ្រង់​ឆ្លើយ​ប្រាប់​ទៅ​ពួក​រាជ‌ទូត​របស់​បេន-ហា‌ដាឌ់​ថា ចូរ​ទៅ​ទូល​ស្តេច​ជា​ម្ចាស់​យើង​ថា គ្រប់​ទាំង​សេចក្តី ដែល​ទ្រង់​បាន​ចាត់​មក​បង្គាប់​ឲ្យ​ខ្ញុំ​ធ្វើ​ជាន់​មុន នោះ​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​ហើយ តែ​សេចក្តី​ក្រោយ​នេះ​ខ្ញុំ​មិន​អាច​នឹង​ធ្វើ​បាន​ទេ ពួក​រាជ‌ទូត​ក៏​នាំ​ពាក្យ​នោះ​ទៅ​ទូល​ដល់​បេន-ហា‌ដាឌ់​វិញ

10. ដូច្នេះ ទ្រង់​ចាត់​គេ​ឲ្យ​មក​ទូល​ថា បើ​មាន​ធូលី​ក្នុង​ក្រុង​សាម៉ារី​ល្មម​១​កំបង់​ដៃ ដល់​ពួក​អ្នក​ដែល​តាម​អញ​មក​គ្រប់​គ្នា នោះ​សូម​ឲ្យ​អស់​ទាំង​ព្រះ​ធ្វើ​ដល់​អញ​យ៉ាង​ដូច្នេះ ហើយ​លើស​ទៅ​ទៀត​ផង

11. រួច​ស្តេច​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ចូរ​ទៅ​ប្រាប់​បេន-ហាឌាឌ់​វិញ​ថា កុំ​បី​ឲ្យ​អ្នក​ដែល​កំពុង​តែ​ពាក់​គ្រឿង​ក្រោះ​អួត​អាង​ខ្លួន ដូច​ជា​អ្នក​ដែល​ដោះ​គ្រឿង​ចេញ​នោះ​ឡើយ

12. បេន-ហាឌាឌ់​បាន​ឮ​ពាក្យ​នោះ ក្នុង​វេលា​កំពុង​ដែល​សោយ​ស្រា​នៅ​ក្នុង​ពន្លា ជា​មួយ​នឹង​ពួក​ស្តេច​រង នោះ​ទ្រង់​ប្រាប់​ដល់​ពួក​ពល‌ទ័ព​ទ្រង់​ថា ចូរ​រៀប‌ចំ​ឡើង គេ​ក៏​ដំរៀប​គ្នា​រៀប​ច្បាំង​នឹង​ទី​ក្រុង។

13. ខណៈ​នោះ មាន​ហោរា​ម្នាក់​ចូល​ទៅ​គាល់​អ័ហាប់ ជា​ស្តេច​អ៊ីស្រា‌អែល ទូល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា តើ​ឃើញ​ហ្វូង​ទ័ព​ធំ​នេះ​ឬ​ទេ មើល នៅ​ថ្ងៃ​នេះ អញ​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​ឯង​ហើយ នោះ​ឯង​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត

14. អ័ហាប់​មាន​ព្រះ‌បន្ទូល​សួរ​ថា តើ​ដោយ‌សារ​អ្នក​ណា រួច​គាត់​ទូល​ឆ្លើយ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ គឺ​ដោយ‌សារ​ពួក​ទ័ព​របស់​ចៅ‌ហ្វាយ​ខែត្រ​ទាំង​ប៉ុន្មាន ស្តេច​ក៏​សួរ​ទៀត​ថា តើ​អ្នក​ណា​ត្រូវ​នាំ​ទៅ​បះ​នឹង​គេ​ជា​មុន គាត់​ទូល​ឆ្លើយ​ថា គឺ​ជា​ទ្រង់​ព្រះ‌ករុណា

15. ដូច្នេះ ស្តេច​ក៏​ចេញ​ទៅ ត្រួត​មើល​ពួក​ទ័ព​របស់​ចៅ‌ហ្វាយ​ខែត្រ​ទាំង​ប៉ុន្មាន ឃើញ​មាន​គ្នា​២៣២​នាក់ បន្ទាប់​មក ស្តេច​ក៏​ត្រួត​មើល​បណ្តា‌ជន ជា​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ ឃើញ​មាន​៧​ពាន់​នាក់។

16. គេ​ក៏​ចេញ​ទៅ​នៅ​ពេល​ថ្ងៃ​ត្រង់ ឯ​បេន-ហាឌាឌ់ និង​ពួក​ស្តេច​រង​ទាំង​៣២​អង្គ ដែល​មក​ជួយ​ទ្រង់ គេ​កំពុង​តែ​សោយ​ស្រា​ស្រវឹង នៅ​ក្នុង​ពន្លា

17. ហើយ​ពួក​ពល‌ទ័ព​របស់​ចៅ‌ហ្វាយ​ខែត្រ​ទាំង​ប៉ុន្មាន​ក៏​នាំ​មុខ​ចេញ​ទៅ បេន-ហា‌ដាឌ់​ក៏​ចាត់​ម្នាក់​ឲ្យ​ទៅ​ក្រៅ​មើល អ្នក​នោះ​មក​ទូល​ដល់​ទ្រង់​វិញ​ថា មាន​ពួក​មនុស្ស​ចេញ​ពី​ក្រុង​សាម៉ារី​មក​ហើយ

18. នោះ​ទ្រង់​បង្គាប់​ថា ទោះ​បើ​គេ​ចេញ​មក​ដោយ​មេត្រី ឬ​ដោយ​ចង់​ធ្វើ​សង្គ្រាម​ក៏​ដោយ គង់​តែ​ត្រូវ​ចាប់​គេ​មក​ទាំង​រស់​ដែរ

19. យ៉ាង​នោះ​ពួក​ទ័ព​របស់​ចៅ‌ហ្វាយ​ខែត្រ​ទាំង​ប៉ុន្មាន និង​កង‌ទ័ព​ដែល​ទៅ​តាម​ក្រោយ​ក៏​ចេញ​ពី​ទី​ក្រុង​ទៅ

20. គ្រប់​គ្នា​ក៏​សំឡាប់​ខ្មាំង​សត្រូវ​ដែល​ត​នឹង​ខ្លួន ដូច្នេះ ពួក​ស៊ីរី​គេ​បែក‌ខ្ញែក​រត់​ទៅ ហើយ​ពួក​អ៊ីស្រា‌អែល​ក៏​ដេញ​តាម​ឯ​បេន-ហាឌាឌ់ ជា​ស្តេច​ស្រុក​ស៊ីរី ទ្រង់​ជិះ​សេះ​រត់​រួច​ជា​មួយ​នឹង​ពួក​ទ័ព​សេះ

សូមអានជំពូកពេញលេញ ១ ពង្សាវតារក្សត្រ 20