គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សាវតារក្សត្រ 20:28-39 ព្រះគម្ពីរបរិសុទ្ធ (KHOV)

28. គ្រា​នោះ មាន​អ្នក​សំណប់​របស់​ព្រះ​ម្នាក់ បាន​ចូល​មក​ទូល​ដល់​ស្តេច​អ៊ីស្រា‌អែល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ដោយ​ព្រោះ​ពួក​ស៊ីរី​បាន​និយាយ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ​នៃ​ភ្នំ មិន​មែន​ជា​ព្រះ​នៃ​ស្រុក​វាល​ទេ បាន​ជា​អញ​នឹង​ប្រគល់​ហ្វូង​ទ័ព​ធំ​ទាំង​នេះ មក​ក្នុង​កណ្តាប់​ដៃ​ឯង ហើយ​ឯង​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត

29. គេ​ក៏​បោះ​ទ័ព​ប្រទល់​មុខ​គ្នា​អស់​៧​ថ្ងៃ ដល់​ថ្ងៃ​ទី​៧ នោះ​គេ​ចូល​ត‌យុទ្ធ​គ្នា ក្នុង​១​ថ្ងៃ​នោះ​ឯង ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​សំឡាប់​ពួក​ពល​ថ្មើរ​ជើង​របស់​សាសន៍​ស៊ីរី អស់​១​សែន​នាក់

30. ឯ​សំណល់​ដែល​សល់​នៅ គេ​បាន​រត់​ចូល​ទៅ​ក្នុង​ក្រុង​អាផែក ហើយ​កំផែង​ក្រុង​នោះ​ក៏​រលំ​មក សង្កត់​ស្លាប់​អស់​២​ម៉ឺន​៧​ពាន់​នាក់​ទៀត ឯ​បេន-ហាឌាឌ់​ទ្រង់​រត់​ចូល​ទៅ​ក្នុង​ទី​ក្រុង ពួន​នៅ​ក្នុង​បន្ទប់​ខាង​ក្នុង។

31. ពួក​ជំនិត​ទ្រង់​ទូល​ថា យើង​ខ្ញុំ​បាន​ឮ​ថា អស់​ទាំង​ស្តេច​នៃ​ពួក​អ៊ីស្រា‌អែល សុទ្ធ​តែ​ជា​ស្តេច​មាន​សេចក្តី​មេត្តា‌ករុណា ដូច្នេះ សូម​យើង​រាល់​គ្នា​ស្លៀក​សំពត់​ធ្មៃ ហើយ​ដាក់​ខ្សែ‌រូត​នៅ​ក ចេញ​ទៅ​គាល់​ស្តេច​អ៊ីស្រា‌អែល ប្រហែល​ទ្រង់​នឹង​ទុក​ជីវិត​ដល់​ព្រះ‌ករុណា​ទេ​ដឹង

32. ដូច្នេះ គេ​ក៏​ស្លៀក​សំពត់​ធ្មៃ ព្រម​ទាំង​ដាក់​ខ្សែ‌រូត​នៅ​ក ចេញ​ទៅ​គាល់​ស្តេច​អ៊ីស្រា‌អែល​ទូល​ថា បេន-ហាឌាឌ់​ជា​អ្នក​បំរើ​ទ្រង់​ទូល​ថា សូម​ទុក​ជីវិត​ឲ្យ​ទូល‌បង្គំ​នៅ​រស់​ផង ស្តេច​អ៊ីស្រា‌អែល​ទ្រង់​សួរ​ថា ដូច្នេះ​តើ​លោក​នៅ​រស់​នៅ​ឡើយ​ឬ លោក​ជា​បង​ប្អូន​នឹង​យើង​ដែរ

33. អ្នក​ទាំង​នោះ​បាន​យក​ពាក្យ​នោះ​ទុក​ជា​ផ្នូល​ល្អ ក៏​ទូល​តប​ភ្លាម​ថា ហ្នឹង​ហើយ​បង​ប្អូន​ទ្រង់ រួច​ទ្រង់​ប្រាប់​គេ​ថា ចូរ​ទៅ​នាំ​លោក​មក ដូច្នេះ​បេន-ហាឌាឌ់​ក៏​ចេញ​មក​គាល់​ទ្រង់ ហើយ​ទ្រង់​ឲ្យ​ឡើង​ជិះ​លើ​រាជ‌រថ​ជា​មួយ​នឹង​ទ្រង់

34. នោះ​បេន-ហា‌ដាឌ់​ទូល​ទ្រង់​ថា អស់​ទាំង​ទី​ក្រុង​ដែល​ព្រះ‌បិតា​ទូល‌បង្គំ​បាន​រឹប​យក​ពី​ព្រះ‌បិតា​ទ្រង់ នោះ​ទូល‌បង្គំ​នឹង​ប្រគល់​ថ្វាយ​ទាំង​អស់​វិញ ហើយ​ទ្រង់​នឹង​ធ្វើ​ថ្នល់​សំរាប់​ទ្រង់​នៅ​ក្រុង​ដាម៉ាស​បាន ដូច​ជា​ព្រះ‌បិតា​ទូល‌បង្គំ​បាន​ធ្វើ​នៅ​ក្រុង​សាម៉ារី​ដែរ អ័ហាប់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ឯ​ខ្ញុំៗ​នឹង​ឲ្យ​លោក​ទៅ​វិញ ដោយ​សេចក្តី​សញ្ញា​នេះ ដូច្នេះ ទ្រង់​ក៏​តាំង​សេចក្តី​សញ្ញា​នឹង​គ្នា រួច​លែង​ឲ្យ​ទៅ​វិញ។

35. បន្ទាប់​មក មាន​ម្នាក់​ជា​សិស្ស​ពួក​ហោរា គាត់​និយាយ​ទៅ​គូ‌កន ដោយ​ព្រះ‌បន្ទូល​ព្រះ‌យេហូវ៉ា​ថា សូម​ឲ្យ​វាយ​ខ្ញុំ​ចុះ តែ​អ្នក​នោះ​មិន​ព្រម​វាយ​ទេ

36. គាត់​ក៏​ប្រាប់​ថា ដោយ​ព្រោះ​អ្នក​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​នោះ​មើល កាល​ណា​អ្នក​ចេញ​ពី​ខ្ញុំ​ទៅ នឹង​មាន​សិង្ហ​មក​សំឡាប់​អ្នក ដូច្នេះ កាល​អ្នក​នោះ​បាន​ចេញ​ពី​គាត់​ទៅ ក៏​មាន​សិង្ហ​១​មក​ប្រទះ ហើយ​សំឡាប់​ទៅ

37. រួច​គាត់​ជួប​នឹង​ម្នាក់​ទៀត ប្រាប់​ថា សូម​ឲ្យ​អ្នក​វាយ​ខ្ញុំ​ចុះ អ្នក​នោះ​ក៏​វាយ​គាត់​ឲ្យ​មាន​របួស

38. នោះ​ហោរា​ក៏​ក្លែង​ខ្លួន ដោយ​យក​សំពត់​ឈ្នួត​មក​បិទ​ភ្នែក រួច​ទៅ​នៅ​ចាំ​ស្តេច​យាង​មក​តាម​ផ្លូវ

39. កាល​ស្តេច​ទ្រង់​យាង​មក​តាម​ផ្លូវ នោះ​គាត់​ស្រែក​ឡើង​ទូល​ថា ទូល‌បង្គំ​បាន​ចេញ​ទៅ​ឯ​កណ្តាល​ទី​ចំបាំង ហើយ​មើល មាន​ម្នាក់​ទៀត​បែរ​មក នាំ​មនុស្ស​ម្នាក់​មក​ឯ​ទូល‌បង្គំ ដោយ​បង្គាប់​ថា ចូរ​រក្សា​មនុស្ស​នេះ​ទុក បើ​វា​បាត់​ទៅ​ដោយ​ហេតុ​ណា នោះ​ត្រូវ​យក​ជីវិត​ឯង​ជំនួស​វា​វិញ ឬ​ត្រូវ​ឲ្យ​ឯង​សង​អញ​ជា​ប្រាក់​១​ហាប

សូមអានជំពូកពេញលេញ ១ ពង្សាវតារក្សត្រ 20