គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សាវតារក្សត្រ 20:13-31 ព្រះគម្ពីរបរិសុទ្ធ (KHOV)

13. ខណៈ​នោះ មាន​ហោរា​ម្នាក់​ចូល​ទៅ​គាល់​អ័ហាប់ ជា​ស្តេច​អ៊ីស្រា‌អែល ទូល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា តើ​ឃើញ​ហ្វូង​ទ័ព​ធំ​នេះ​ឬ​ទេ មើល នៅ​ថ្ងៃ​នេះ អញ​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​ឯង​ហើយ នោះ​ឯង​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត

14. អ័ហាប់​មាន​ព្រះ‌បន្ទូល​សួរ​ថា តើ​ដោយ‌សារ​អ្នក​ណា រួច​គាត់​ទូល​ឆ្លើយ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ គឺ​ដោយ‌សារ​ពួក​ទ័ព​របស់​ចៅ‌ហ្វាយ​ខែត្រ​ទាំង​ប៉ុន្មាន ស្តេច​ក៏​សួរ​ទៀត​ថា តើ​អ្នក​ណា​ត្រូវ​នាំ​ទៅ​បះ​នឹង​គេ​ជា​មុន គាត់​ទូល​ឆ្លើយ​ថា គឺ​ជា​ទ្រង់​ព្រះ‌ករុណា

15. ដូច្នេះ ស្តេច​ក៏​ចេញ​ទៅ ត្រួត​មើល​ពួក​ទ័ព​របស់​ចៅ‌ហ្វាយ​ខែត្រ​ទាំង​ប៉ុន្មាន ឃើញ​មាន​គ្នា​២៣២​នាក់ បន្ទាប់​មក ស្តេច​ក៏​ត្រួត​មើល​បណ្តា‌ជន ជា​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ ឃើញ​មាន​៧​ពាន់​នាក់។

16. គេ​ក៏​ចេញ​ទៅ​នៅ​ពេល​ថ្ងៃ​ត្រង់ ឯ​បេន-ហាឌាឌ់ និង​ពួក​ស្តេច​រង​ទាំង​៣២​អង្គ ដែល​មក​ជួយ​ទ្រង់ គេ​កំពុង​តែ​សោយ​ស្រា​ស្រវឹង នៅ​ក្នុង​ពន្លា

17. ហើយ​ពួក​ពល‌ទ័ព​របស់​ចៅ‌ហ្វាយ​ខែត្រ​ទាំង​ប៉ុន្មាន​ក៏​នាំ​មុខ​ចេញ​ទៅ បេន-ហា‌ដាឌ់​ក៏​ចាត់​ម្នាក់​ឲ្យ​ទៅ​ក្រៅ​មើល អ្នក​នោះ​មក​ទូល​ដល់​ទ្រង់​វិញ​ថា មាន​ពួក​មនុស្ស​ចេញ​ពី​ក្រុង​សាម៉ារី​មក​ហើយ

18. នោះ​ទ្រង់​បង្គាប់​ថា ទោះ​បើ​គេ​ចេញ​មក​ដោយ​មេត្រី ឬ​ដោយ​ចង់​ធ្វើ​សង្គ្រាម​ក៏​ដោយ គង់​តែ​ត្រូវ​ចាប់​គេ​មក​ទាំង​រស់​ដែរ

19. យ៉ាង​នោះ​ពួក​ទ័ព​របស់​ចៅ‌ហ្វាយ​ខែត្រ​ទាំង​ប៉ុន្មាន និង​កង‌ទ័ព​ដែល​ទៅ​តាម​ក្រោយ​ក៏​ចេញ​ពី​ទី​ក្រុង​ទៅ

20. គ្រប់​គ្នា​ក៏​សំឡាប់​ខ្មាំង​សត្រូវ​ដែល​ត​នឹង​ខ្លួន ដូច្នេះ ពួក​ស៊ីរី​គេ​បែក‌ខ្ញែក​រត់​ទៅ ហើយ​ពួក​អ៊ីស្រា‌អែល​ក៏​ដេញ​តាម​ឯ​បេន-ហាឌាឌ់ ជា​ស្តេច​ស្រុក​ស៊ីរី ទ្រង់​ជិះ​សេះ​រត់​រួច​ជា​មួយ​នឹង​ពួក​ទ័ព​សេះ

21. នេះ​គឺ​ស្តេច​អ៊ីស្រា‌អែល ទ្រង់​ចេញ​ទៅ​វាយ​ទាំង​ពួក​ទ័ព​សេះ និង​រទេះ​ចំបាំង ប្រហារ​ជីវិត​ពួក​ស៊ីរី​យ៉ាង​សន្ធឹក។

22. រួច​មក ហោរា​នោះ​ក៏​ចូល​ទៅ​ឯ​ស្តេច​អ៊ីស្រា‌អែល​ទូល​ថា សូម​ទ្រង់​ទៅ​ចំរើន​កំឡាំង​ឡើង ហើយ​ខំ​ប្រឹង​មើល​ការ​ដែល​ទ្រង់​ធ្វើ ដ្បិត​ដល់​ចូល​ឆ្នាំ​ថ្មី ស្តេច​ស៊ីរី​នឹង​ឡើង​មក​ច្បាំង​នឹង​ទ្រង់​ទៀត។

23. ឯ​ពួក​ជំនិត​ខាង​ស្តេច​ស៊ីរី​គេ​ទូល​ស្តេច​របស់​ខ្លួន​ថា ព្រះ​របស់​គេ​ជា​ព្រះ​នៃ​ភ្នំ បាន​ជា​ម្តង​នេះ​គេ​ពូកែ​ជាង​យើង​រាល់​គ្នា ដូច្នេះ សូម​យើង​រាល់​គ្នា​ត​នឹង​គេ​នៅ​ស្រុក​វាល​ចុះ នោះ​ប្រាកដ​ជា​យើង​នឹង​បាន​ពូកែ​ជាង​គេ​វិញ

24. ហើយ​ត្រូវ​ធ្វើ​ដូច្នេះ គឺ​ត្រូវ​ដក​ពួក​ស្តេច​ទាំង​ប៉ុន្មាន​ពី​ចំណែក​របស់​ទ្រង់​ចេញ ហើយ​តាំង​ឲ្យ​មាន​មេ‌ទ័ព​ឡើង​ជំនួស​វិញ

25. រួច​សូម​លើក​ពល‌ទ័ព ឲ្យ​ស្មើ​នឹង​ពល‌ទ័ព​ដែល​ទើប​នឹង​បាត់​នោះ គឺ​ចំនួន​សេះ​ស្មើ​គ្នា និង​ចំនួន​រទេះ​ក៏​ស្មើ​គ្នា នោះ​យើង​រាល់​គ្នា​នឹង​ច្បាំង​នឹង​គេ​នៅ​ស្រុក​វាល ប្រាកដ​ជា​យើង​នឹង​មាន​កំឡាំង​ជាង​គេ ទ្រង់​ក៏​យល់​ព្រម​តាម​ពាក្យ​គេ ហើយ​បាន​ធ្វើ​ដូច្នោះ។

26. លុះ​ដល់​ចូល​ឆ្នាំ​ថ្មី បេន-ហា‌ដាឌ់​ក៏​ត្រួត​មើល​ពួក​ទ័ព​ស៊ីរី ហើយ​ឡើង​ទៅ​ដល់​ក្រុង​អាផែក ដើម្បី​ច្បាំង​នឹង​ពួក​អ៊ីស្រា‌អែល

27. ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​មាន​គេ​ត្រួត‌ត្រា​មើល ហើយ​ចែក​ស្បៀង​អាហារ​ឲ្យ​ដែរ រួច​គេ​ចេញ​ទៅ​ទាស់​នឹង​ពួក​ស៊ីរី ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល គេ​បោះ​ទ័ព​ទល់​មុខ​នឹង​ពួក​ស៊ីរី ដូច​ជា​កូន​ពពែ​២​ហ្វូង​យ៉ាង​តូច តែ​ពួក​ស៊ីរី គេ​នៅ​ពេញ‌ពាស ក្នុង​ស្រុក​នោះ

28. គ្រា​នោះ មាន​អ្នក​សំណប់​របស់​ព្រះ​ម្នាក់ បាន​ចូល​មក​ទូល​ដល់​ស្តេច​អ៊ីស្រា‌អែល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ដោយ​ព្រោះ​ពួក​ស៊ីរី​បាន​និយាយ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ​នៃ​ភ្នំ មិន​មែន​ជា​ព្រះ​នៃ​ស្រុក​វាល​ទេ បាន​ជា​អញ​នឹង​ប្រគល់​ហ្វូង​ទ័ព​ធំ​ទាំង​នេះ មក​ក្នុង​កណ្តាប់​ដៃ​ឯង ហើយ​ឯង​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត

29. គេ​ក៏​បោះ​ទ័ព​ប្រទល់​មុខ​គ្នា​អស់​៧​ថ្ងៃ ដល់​ថ្ងៃ​ទី​៧ នោះ​គេ​ចូល​ត‌យុទ្ធ​គ្នា ក្នុង​១​ថ្ងៃ​នោះ​ឯង ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​សំឡាប់​ពួក​ពល​ថ្មើរ​ជើង​របស់​សាសន៍​ស៊ីរី អស់​១​សែន​នាក់

30. ឯ​សំណល់​ដែល​សល់​នៅ គេ​បាន​រត់​ចូល​ទៅ​ក្នុង​ក្រុង​អាផែក ហើយ​កំផែង​ក្រុង​នោះ​ក៏​រលំ​មក សង្កត់​ស្លាប់​អស់​២​ម៉ឺន​៧​ពាន់​នាក់​ទៀត ឯ​បេន-ហាឌាឌ់​ទ្រង់​រត់​ចូល​ទៅ​ក្នុង​ទី​ក្រុង ពួន​នៅ​ក្នុង​បន្ទប់​ខាង​ក្នុង។

31. ពួក​ជំនិត​ទ្រង់​ទូល​ថា យើង​ខ្ញុំ​បាន​ឮ​ថា អស់​ទាំង​ស្តេច​នៃ​ពួក​អ៊ីស្រា‌អែល សុទ្ធ​តែ​ជា​ស្តេច​មាន​សេចក្តី​មេត្តា‌ករុណា ដូច្នេះ សូម​យើង​រាល់​គ្នា​ស្លៀក​សំពត់​ធ្មៃ ហើយ​ដាក់​ខ្សែ‌រូត​នៅ​ក ចេញ​ទៅ​គាល់​ស្តេច​អ៊ីស្រា‌អែល ប្រហែល​ទ្រង់​នឹង​ទុក​ជីវិត​ដល់​ព្រះ‌ករុណា​ទេ​ដឹង

សូមអានជំពូកពេញលេញ ១ ពង្សាវតារក្សត្រ 20