គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សាវតារក្សត្រ 2:32-43 ព្រះគម្ពីរបរិសុទ្ធ (KHOV)

32. ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ទំលាក់​ឈាម​វា ទៅ​លើ​ក្បាល​ខ្លួន​វា​វិញ ពី​ព្រោះ​វា​បាន​ប្រហារ​ជីវិត​មនុស្ស​២​នាក់ ដែល​សុចរិត ហើយ​ល្អ​ជាង​វា ដោយ​កាប់​នឹង​ដាវ តែ​ដាវីឌ​ជា​ព្រះ‌វរ‌បិតា​យើង​ទ្រង់​មិន​បាន​ជ្រាប​សោះ គឺ​អ័ប៊ី‌នើរ កូន​នើរ ជា​មេ‌ទ័ព​ពួក​អ៊ីស្រា‌អែល និង​អ័ម៉ាសា កូន​យេធើ ជា​មេ‌ទ័ព​ពួក​យូដា

33. ឈាម​របស់​គេ​នឹង​ធ្លាក់​មក​លើ​ក្បាល​យ៉ូអាប់ ហើយ​នឹង​ពូជ‌ពង្ស​វា​ជា​ដរាប​ទៅ តែ​ចំណែក​ឯ​ដាវីឌ និង​ពូជ‌ពង្ស​ទ្រង់ ព្រម​ទាំង​ជំនួរ​វង្ស​ទ្រង់ ហើយ​រាជ្យ​របស់​ទ្រង់​នោះ​នឹង​បាន​សេចក្តី​សុខ‌សាន្ត មក​អំពី​ព្រះ‌យេហូវ៉ា ជានិច្ច​ត​ទៅ​វិញ

34. ដូច្នេះ បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា ក៏​ឡើង​ទៅ​ប្រហារ​សំឡាប់​យ៉ូអាប់​បង់ រួច​គេ​បញ្ចុះ​ក្នុង​ម៉ុង​របស់​លោក​នៅ​ទី​រហោ‌ស្ថាន

35. ស្តេច​ទ្រង់​ក៏​តាំង​បេណាយ៉ា​ជា​កូន​យេហូ‌យ៉ាដា ឲ្យ​ធ្វើ​ជា​មេ‌ទ័ព​ជំនួស​លោក ហើយ​តាំង​សាដុក​ដ៏​ជា​សង្ឃ ជំនួស​អ័បៀ‌ថើរ​ដែរ។

36. រួម​មក ស្តេច​ទ្រង់​ចាត់​គេ​ទៅ ឲ្យ​ហៅ​ស៊ីម៉ាយ​មក​បង្គាប់​ថា ចូរ​ឯង​សង់​ផ្ទះ​១​នៅ​ក្រុង​យេរូ‌សាឡិម​ទៅ ហើយ​អាស្រ័យ​នៅ​ទី​នោះ​ចុះ កុំ​ឲ្យ​ចេញ​ទៅ​ឯ​ណា​ទៀត​ឡើយ

37. ដ្បិត​នៅ​ថ្ងៃ​ណា ដែល​ឯង​ចេញ​ទៅ ឆ្លង​ជ្រោះ​កេដ្រុន នោះ​ចូរ​ឯង​ដឹង​ខ្លួន​ថា ឯង​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន ឈាម​ឯង​នឹង​ធ្លាក់​លើ​ក្បាល​ឯង​វិញ

38. ស៊ីម៉ាយ​ទូល​ឆ្លើយ​ថា ព្រះ‌បន្ទូល​ទ្រង់​ល្អ​ណាស់ ទូល‌បង្គំ ជា​បាវ​បំរើ​ទ្រង់ នឹង​ធ្វើ​ដូច​ជា​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ បាន​មាន​ព្រះ‌បន្ទូល ហើយ​ស៊ីម៉ាយ​ក៏​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​ជា​យូរ។

39. លុះ​កន្លង​ទៅ​៣​ឆ្នាំ​ហើយ នោះ​បាវ​របស់​ស៊ីម៉ាយ​២​នាក់​រត់​ទៅ​ឯ​អ័គីស ជា​ស្តេច​ក្រុង​កាថ ជា​បុត្រ​នៃ​ម្អាកា រួច​មាន​គេ​ប្រាប់​ដល់​ស៊ីម៉ាយ​ថា មើល បាវ​របស់​អ្នក​នៅ​ឯ​ក្រុង​កាថ

40. ដូច្នេះ ស៊ីម៉ាយ​ក៏​ចាត់‌ចែង​ចង​កែប​លា ចេញ​ទៅ​ឯ​អ័គីស​នៅ​ក្រុង​កាថ ដើម្បី​រក​បាវ​របស់​ខ្លួន ក៏​ទៅ​នាំ​យក​បាវ​ពី​ក្រុង​កាថ​មក​វិញ

41. មាន​គេ​ក្រាប​ទូល​ដល់​សាឡូ‌ម៉ូន​ថា ស៊ីម៉ាយ​បាន​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ​ដល់​ក្រុង​កាថ ឥឡូវ​មក​វិញ​ហើយ

42. ស្តេច​ទ្រង់​ក៏​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ស៊ីម៉ាយ​មក មាន​ព្រះ‌បន្ទូល​សួរ​ថា តើ​យើង​មិន​បាន​ឲ្យ​ឯង​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ទេ​ឬ​អី តើ​មិន​បាន​ប្រាប់​បញ្ជាក់​ដល់​ឯង​ឲ្យ​ដឹង​ជា​ប្រាកដ​ថា នៅ​ថ្ងៃ​ណា ដែល​ឯង​នឹង​ចេញ​ដំណើរ ទៅ​ឯ​ស្រុក​ដទៃ​ណា​មួយ នោះ​ឯង​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន​ទេ​ឬ​អី ហើយ​ឯង​បាន​ទទួល​ព្រម​ថា ព្រះ‌បន្ទូល​នៃ​ទ្រង់ ដែល​ទូល‌បង្គំ​បាន​ឮ​នេះ​ល្អ​ណាស់​ដែរ

43. ដូច្នេះ ហេតុ​អ្វី​បាន​ជា​ឯង​មិន​បាន​កាន់​តាម​សម្បថ​នៃ​ព្រះ‌យេហូវ៉ា នឹង​សេចក្តី​ដែល​យើង​បាន​បង្គាប់​នោះ

សូមអានជំពូកពេញលេញ ១ ពង្សាវតារក្សត្រ 2