គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សាវតារក្សត្រ 2:3-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. ចូរ​រក្សា​បញ្ញើ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ដើម្បី​ប្រព្រឹត្ត​តាម​អស់​ទាំង​ផ្លូវ​របស់​ទ្រង់ ព្រម​ទាំង​កាន់​តាម​សេចក្តី​បង្គាប់ និង​ក្រឹត្យ‌ក្រម ហើយ​នឹង​សេចក្តី​បន្ទាល់​របស់​ទ្រង់​តាម​សេចក្តី ដែល​បាន​កត់​ទុក​ហើយ ក្នុង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ប្រយោជន៍​ឲ្យ​ឯង​បាន​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​ក្នុង​គ្រប់​ទាំង​ការ​ដែល​ឯង​ធ្វើ ហើយ​នៅ​កន្លែង​ណា​ដែល​ឯង​ទៅ

4. ដើម្បី​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​សំរេច​តាម​ព្រះ‌បន្ទូល​ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​អញ​ថា បើ​កូន​ចៅ​ឯង​រក្សា​ផ្លូវ​របស់​គេ ឲ្យ​បាន​ដើរ​នៅ​ចំពោះ​មុខ​អញ ដោយ​ស្មោះ‌ត្រង់ អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​គេ នោះ​នឹង​មិន​ដែល​ខាន​មាន​ពូជ​ឯង អង្គុយ​លើ​បល្ល័ង្ក​រាជ្យ នៃ​សាសន៍​អ៊ីស្រា‌អែល​ឡើយ។

5. មួយ​ទៀត​ឯង​ដឹង​ការ ដែល​យ៉ូអាប់ ជា​កូន​សេរូយ៉ា​បាន​ប្រព្រឹត្ត​នឹង​អញ ជា​ការ​ដែល​វា​បាន​ធ្វើ​ដល់​មេ‌ទ័ព​សាសន៍​អ៊ីស្រា‌អែល​២​នាក់​នោះ គឺ​អ័ប៊ី‌នើរ ជា​កូន​នើរ​ហើយ​នឹង​អ័ម៉ាសា ជា​កូន​យេធើ ដែល​វា​បាន​សំឡាប់​បង់ ទាំង​កំចាយ​ឈាម​ចំបាំង នៅ​វេលា​សុខ‌សាន្ត‌ត្រាណ ក៏​បាន​ប្រឡាក់​សំពត់​ក្រវាត់ ដែល​នៅ​ចង្កេះ​ខ្លួន និង​ស្បែក​ជើង​ដែល​វា​ពាក់ ដោយ​ឈាម​ចំបាំង

6. ដូច្នេះ ចូរ​ឯង​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​របស់​ឯង កុំ​ឲ្យ​សក់​ស្កូវ​របស់​វា​ចុះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ដោយ​សុខ‌សាន្ត​ឡើយ

7. តែ​ចូរ​សំដែង​សេចក្តី​សប្បុរស ដល់​ពួក​កូន​បារស៊ី‌ឡាយ​ជា​ពួក​ស្រុក​កាឡាត​វិញ ហើយ​ឲ្យ​គេ​នៅ​ក្នុង​ពួក​អ្នក​ដែល​បរិភោគ​នៅ​តុ​ឯង ដ្បិត​គេ​បាន​មក​ទទួល​អញ នៅ​គ្រា​ដែល​អញ​បាន​រត់​ពី​អាប់‌សា‌ឡំម ជា​បង​ឯង​ទៅ

8. មួយ​ទៀត​មាន​ស៊ីម៉ាយ ជា​កូន​កេរ៉ា ក្នុង​ពូជ​អំបូរ​បេន‌យ៉ា‌មីន ជា​អ្នក​ស្រុក​បាហ៊ូរីម នៅ​ជា​មួយ​នឹង​ឯង​ដែរ វា​បាន​ជេរ​ប្រមាថ​ដល់​អញ ដោយ​ពាក្យ​ជេរ​យ៉ាង​ធ្ងន់ នៅ​ថ្ងៃ​ដែល​អញ​បាន​ទៅ​ឯ​ស្រុក​ម៉ាហា‌ណែម ប៉ុន្តែ​វា​បាន​ចុះ​មក​ក្រាប​ទទួល​អញ​នៅ​ទន្លេ​យ័រដាន់​វិញ ហើយ​អញ​បាន​ស្បថ​នឹង​វា​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ថា អញ​មិន​សំឡាប់​វា​ដោយ​ដាវ​ទេ

9. ដូច្នេះ កុំ​ទុក​ឲ្យ​វា​នៅ​ជា​ឥត​ទោស​ឡើយ ដ្បិត​ឯង​ជា​អ្នក​ប្រាជ្ញ ឯង​ដឹង​ជា​ត្រូវ​ប្រព្រឹត្ត​យ៉ាង​ណា​ដល់​វា ត្រូវ​ឲ្យ​សក់​ស្កូវ​វា​ចុះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ដោយ​ឈាម។

10. ស្រេច​ហើយ ដាវីឌ​ក៏​ផ្ទំ​លក់​ទៅ ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់​ទៅ ហើយ​គេ​បញ្ចុះ​សព​ទ្រង់ នៅ​ក្នុង​ទី​ក្រុង​ដាវីឌ

11. ឯ​ពេល​វេលា​ដែល​ស្តេច​ដាវីឌ​សោយ‌រាជ្យ​លើ​សាសន៍​អ៊ីស្រា‌អែល ទាំង​អស់​បាន​៤០​ឆ្នាំ គឺ​សោយ‌រាជ្យ​នៅ​ក្រុង​ហេប្រុន​បាន​៧​ឆ្នាំ ហើយ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​៣៣​ឆ្នាំ

12. រួច​សាឡូ‌ម៉ូន​ក៏​ឡើង​គង់​លើ​បល្ល័ង្ក​របស់​ដាវីឌ ជា​ព្រះ‌បិតា​ទ្រង់ ហើយ​រាជ្យ​ទ្រង់​ក៏​បាន​ខ្ជាប់‌ខ្ជួន​មាំ‌មួន​ឡើង។

13. គ្រា​១​អ័ដូ‌នីយ៉ា ជា​បុត្រ​នាង​ហាគីត ចូល​មក​គាល់​បាត‌សេបា ជា​មាតា​សាឡូ‌ម៉ូន ព្រះ‌នាង​សួរ​ថា ឯង​មក​នេះ​ដោយ​មេត្រី​ឬ​អី ទ្រង់​ទូល​ឆ្លើយ​ថា ដោយ​មេត្រី​ទេ

14. រួច​ទ្រង់​ទូល​ទៀត​ថា ទូល‌បង្គំ​មាន​ការ​ចង់​ទូល​នឹង​ព្រះ‌នាង​បន្តិច ព្រះ‌នាង​ក៏​ប្រាប់​ថា ចូរ​និយាយ​មក​ចុះ

15. នោះ​ទ្រង់​ទូល​ថា ព្រះ‌នាង​ជ្រាប​ហើយ ថា​រាជ្យ​នេះ​ជា​របស់​ផង​ទូល‌បង្គំ ហើយ​ថា សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​បាន​មើល​ចំ​ទូល‌បង្គំ ដោយ​សង្ឃឹម​នឹង​គ្រង​រាជ្យ​ឡើង ប៉ុន្តែ​រាជ្យ​បាន​ត្រឡប់​វិល​ទៅ​ជា​របស់​ផង​ប្អូន​ទូល‌បង្គំ​វិញ ដ្បិត​គឺ​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​ប្រទាន​ទៅ​ឲ្យ

16. ឥឡូវ​នេះ ទូល‌បង្គំ​សូម​តែ​សេចក្តី​១​ចំពោះ​ព្រះ‌នាង​ប៉ុណ្ណោះ សូម​កុំ​ប្រកែក​ឡើយ ព្រះ‌នាង​ឆ្លើយ​តប​ថា ចូរ​ពោល​ឲ្យ​អស់​សេចក្តី​ទៅ​ចុះ

សូមអានជំពូកពេញលេញ ១ ពង្សាវតារក្សត្រ 2