គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សាវតារក្សត្រ 19:4-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. តែ​ខ្លួន​លោក​ដើរ​ពេញ​១​ថ្ងៃ ចូល​ក្នុង​ទី​រហោ‌ស្ថាន ទៅ​អង្គុយ​នៅ​ក្រោម​ដើម​ដង្កោ រួច​ទូល​សូម​ឲ្យ​ខ្លួន​ស្លាប់​ទៅ ដោយ​ពាក្យ​ថា ល្មម​ហើយ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​យក​ព្រលឹង​ទូល‌បង្គំ​ទៅ​ឥឡូវ​ចុះ ដ្បិត​ទូល‌បង្គំ​មិន​វិសេស​ជាង​ពួក​អយ្យកោ​ទូល‌បង្គំ​ទេ

5. លោក​ក៏​ប្រះ​ខ្លួន​ដេក​លក់ នៅ​ក្រោម​ដើម​ដង្កោ​នោះ​ទៅ នោះ​មាន​ទេវតា​មក​ដាស់​លោក​ប្រាប់​ថា ចូរ​ក្រោក​ឡើង​បរិភោគ​សិន

6. លោក​ក្រឡេក​មើល​ទៅ​ឃើញ​នៅ​ក្បាល​ដំណេក មាន​នំ​ដុត​ឆ្អិន​នៅ​លើ​ធ្យូង​ភ្លើង ហើយ​មាន​ទឹក​១​ក្អម​ផង នោះ​លោក​ក៏​បរិភោគ​នំ និង​ទឹក​នោះ រួច​ដេក​ទៅ​វិញ

7. ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដាស់​ម្តង​ទៀត​ប្រាប់​ថា ចូរ​ក្រោក​ឡើង​បរិភោគ​ទៅ ដ្បិត​ផ្លូវ​ដែល​ត្រូវ​ដើរ នោះ​ហួស​កំឡាំង​ឯង​ណាស់

8. លោក​ក៏​ក្រោក​ឡើង​បរិភោគ​ទៅ ហើយ​ដោយ‌សារ​កំឡាំង ដែល​បាន​ពី​អាហារ​នោះ លោក​ក៏​ដើរ​ទៅ​អស់​៤០​ថ្ងៃ​៤០​យប់ បាន​ដល់​ទៅ​ភ្នំ​ហោរែប ជា​ភ្នំ​នៃ​ព្រះ។

9. កាល​លោក​បាន​ទៅ​ដល់​ហើយ នោះ​ក៏​ចូល​ទៅ​អាស្រ័យ​ក្នុង​រអាង​១​នៅ​ទី​នោះ គ្រា​នោះ ឮ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​មក​សួរ​ថា អេលីយ៉ា​អើយ តើ​ធ្វើ​អី​នៅ​ទី​នេះ

10. លោក​ទូល​ថា ទូល‌បង្គំ​បាន​មាន​ចិត្ត​ឈឺ‌ឆ្អាល​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល​បរិវារ​ជា​ខ្លាំង ដ្បិត​ពួក​កូន​ចៅ​អ៊ីស្រា‌អែល គេ​បាន​បោះ‌បង់​ចោល​សេចក្តី​សញ្ញា​ទ្រង់ គេ​បាន​រំលំ​អស់​ទាំង​អាស‌នា​របស់​ទ្រង់ ហើយ​បាន​សំឡាប់​ពួក​ហោរា​ទ្រង់​ដោយ​ដាវ​ផង នៅ​សល់​តែ​ទូល‌បង្គំ​ម្នាក់​ឯង​ប៉ុណ្ណោះ ហើយ​គេ​រក​ជីវិត​ទូល‌បង្គំ​ថែម​ទៀត

11. ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ថា ចូរ​ឯង​ចេញ​ទៅ​ឈរ​លើ​ភ្នំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ចុះ នោះ​មើល ព្រះ‌យេហូវ៉ា​ទ្រង់​យាង​ទៅ​តាម​ទី​នោះ ហើយ​កើត​មាន​ខ្យល់​ព្យុះ​គំហុក​ជា​ខ្លាំង បក់​មក​ប៉ះ​បំបាក់​ភ្នំ​បំបែក​ថ្ម​ខ្ទេច‌ខ្ទី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មិន​មែន​គង់​នៅ​ក្នុង​ខ្យល់​នោះ​ទេ ក្រោយ​ខ្យល់​នោះ​មក ក៏​មាន​កក្រើក​ដី តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មិន​មែន​គង់​នៅ​ក្នុង​ការ​កក្រើក​ដី​នោះ​ទេ

សូមអានជំពូកពេញលេញ ១ ពង្សាវតារក្សត្រ 19