គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សាវតារក្សត្រ 18:16-31 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. ដូច្នេះ អូបាឌា​ក៏​ទៅ​ជួប​នឹង​អ័ហាប់ ទូល​ឲ្យ​ទ្រង់​ជ្រាប រួច​អ័ហាប់​ទ្រង់​យាង​ទៅ​ជួប​នឹង​អេលីយ៉ា

17. កាល​អ័ហាប់​ឃើញ​អេលីយ៉ា​ហើយ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា ឱ​អ្នក​ដែល​ធ្វើ​ឲ្យ​មាន​សេចក្តី​វេទនា ដល់​ពួក​អ៊ីស្រា‌អែល​អើយ តើ​ឯង​ឬ​អី

18. តែ​លោក​ឆ្លើយ​ថា ទូល‌បង្គំ​មិន​បាន​ធ្វើ​ឲ្យ​ពួក​អ៊ីស្រា‌អែល​មាន​សេចក្តី​វេទនា​ទេ គឺ​ទ្រង់ និង​វង្សា‌នុវង្ស​នៃ​ព្រះ‌បិតា​ទ្រង់​វិញ​ទេ​តើ ពី​ព្រោះ​ទ្រង់​បាន​បោះ‌បង់​ចោល​អស់​ទាំង​បញ្ញត្ត​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ប្រតិ‌បត្តិ​តាម​ព្រះ‌បាល​វិញ

19. ដូច្នេះ ឥឡូវ​នេះ សូម​ចាត់​គេ​ទៅ​ប្រមូល​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​មក​ឯ​ទូល‌បង្គំ នៅ​ត្រង់​ភ្នំ​កើមែល ព្រម​ទាំង​ពួក​ហោរា​នៃ​ព្រះ‌បាល​ទាំង​៤៥០​នាក់ និង​ពួក​ហោរា​នៃ​រូប​ព្រះ​ទាំង​៤០០​នាក់ ដែល​បរិភោគ​នៅ​តុ​របស់​ព្រះ‌នាង​យេសិ‌បិល​មក​ផង។

20. អ័ហាប់​ក៏​ចាត់​គេ ឲ្យ​ទៅ​ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ បាន​ប្រមូល​ទាំង​ពួក​ហោរា​មក​ឯ​ភ្នំ​កើមែល​ដែរ

21. រួច​អេលីយ៉ា​ក៏​ចូល​ទៅ​ជិត​ពួក​ជន​សួរ​ថា តើ​អ្នក​រាល់​គ្នា​នៅ​តែ​ស្ទាក់‌ស្ទើរ​នា​កណ្តាល​ផ្លូវ​ទាំង​២​នេះ ដល់​កាល​ណា​ទៀត បើ​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ នោះ​ចូរ​ដើរ​តាម​ទ្រង់​ទៅ តែ​បើ​ព្រះ‌បាល​ជា​ព្រះ​វិញ នោះ​ចូរ​ប្រតិ‌បត្តិ​តាម​ចុះ តែ​ពួក​បណ្តា‌ជន​មិន​បាន​ឆ្លើយ សូម្បី​១​ម៉ាត់​ឡើយ

22. នោះ​អេលីយ៉ា​មាន​ប្រសាសន៍​ទៅ​បណ្តា‌ជន​ថា ក្នុង​ពួក​ហោរា​នៃ​ព្រះ‌យេហូវ៉ា នោះ​សល់​នៅ​តែ​ខ្ញុំ​ម្នាក់​ឯង​ទេ ឯ​ហោរា​របស់​ព្រះ‌បាល​វិញ មាន​ចំនួន​៤៥០​នាក់

23. ដូច្នេះ សូម​យក​គោ​ឈ្មោល​២​មក​ឲ្យ​យើង ឲ្យ​គេ​រើស​យក​១​សំរាប់​ពួក​គេ ហើយ​កាប់​ជា​ដុំៗ​ដាក់​លើ​ឧស​ទៅ តែ​កុំ​ឲ្យ​ដាក់​ភ្លើង​ឡើយ រួច​ខ្ញុំ​នឹង​រៀប​គោ​១​ទៀត​ដាក់​លើ​ឧស ឥត​ដាក់​ភ្លើង​ដែរ

24. ហើយ​ចូរ​ឲ្យ​អ្នក​រាល់​គ្នា​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ​របស់​អ្នក​រាល់​គ្នា​ចុះ ឯ​ក៏​ខ្ញុំ​នឹង​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​វិញ បើ​ព្រះ​ណា​ឆ្លើយ​មក​ដោយ‌សារ​ភ្លើង នោះ​ចូរ​ឲ្យ​រាប់​ព្រះ​នោះ​ទុក​ជា​ព្រះ​ពិត​ចុះ ពួក​បណ្តា‌ជន​ទាំង‌ឡាយ​ក៏​ឆ្លើយ​ឡើង​ថា ស្រួល​ហើយ។

25. ដូច្នេះ អេលីយ៉ា​ក៏​ប្រាប់​ដល់​ពួក​ហោរា​របស់​ព្រះ‌បាល​ថា ចូរ​រើស​គោ​១​សំរាប់​អ្នក​រាល់​គ្នា​ចុះ ហើយ​រៀប​ដាក់​ជា​មុន​ទៅ ដ្បិត​ខាង​អ្នក​រាល់​គ្នា​មាន​គ្នា​ច្រើន រួច​ចូរ​អំពាវ‌នាវ​ដល់​ព្រះ‌នាម​នៃ​ព្រះ​របស់​អ្នក​រាល់​គ្នា​ចុះ តែ​កុំ​ឲ្យ​ដាក់​ភ្លើង​ឡើយ

26. គេ​ក៏​ទទួល​យក​គោ​១ ដែល​បាន​ឲ្យ​ដល់​គេ រួច​គេ​រៀប‌ចំ ហើយ​អំពាវ‌នាវ​ដល់​ព្រះ‌នាម​នៃ​ព្រះ‌បាល ចាប់​តាំង​ពី​ព្រឹក​រហូត​ដល់​ថ្ងៃ​ត្រង់​ថា ឱ​ព្រះ‌បាល​អើយ សូម​ឆ្លើយ​មក​យើង​ខ្ញុំ​រាល់​គ្នា​ផង ប៉ុន្តែ​គ្មាន​ឮ​សំឡេង ឬ​ចំឡើយ​ណា​ឆ្លើយ​មក​សោះ គេ​ក៏​លោត​ព័ទ្ធ​ជុំវិញ​អាស‌នា ដែល​គេ​បាន​ធ្វើ​នោះ

27. គ្រា​ដល់​ពេល​ថ្ងៃ​ត្រង់​ហើយ នោះ​អេលីយ៉ា​ពោល​ចំអក​ថា ចូរ​ស្រែក​ឲ្យ​ខ្លាំង​ឡើង ដ្បិត​លោក​ជា​ព្រះ ប្រហែល​ជា​កំពុង​រំពឹង​គិត ឬ​បាន​ថយ​ចេញ​១​ភ្លែត ឬ​ធ្វើ​ដំណើរ ឬ​ប្រហែល​ជា​ដេក​លក់​ទេ​ដឹង ត្រូវ​ដាស់​លោក​ឡើង

28. គេ​ក៏​ស្រែក​ខ្លាំង​ឡើង ព្រម​ទាំង​យក​កាំបិត​ឆូត​សាច់​តាម​ទំលាប់​របស់​គេ ទាល់​តែ​ឈាម​ហូរ​ប្រឡាក់​កាយ

29. លុះ​កាល​ហួស​ថ្ងៃ​ត្រង់​ហើយ នោះ​គេ​ក៏​ថ្វាយ‌បង្គំ រហូត​ដល់​ពេល​ថ្វាយ​ដង្វាយ​ល្ងាច តែ​គ្មាន​ឮ​សំឡេង ឬ​ចំឡើយ​ណា​ឆ្លើយ​សោះ ក៏​គ្មាន​អ្នក​ណា​ស្តាប់​ផង។

30. បន្ទាប់​នោះ អេលីយ៉ា​មាន​ប្រសាសន៍​ទៅ​បណ្តា‌ជន​ថា សូម​ចូល​មក​ជិត​ខ្ញុំ​វិញ ជន​ទាំង‌ឡាយ​ក៏​អែប​ចូល​មក​ជិត​លោក រួច​លោក​ជួស‌ជុល​អាស‌នា​នៃ​ព្រះ‌យេហូវ៉ា​ដែល​បាន​រំលំ​ហើយ

31. អេលីយ៉ា​លោក​យក​ថ្ម​១២​តាម​ចំនួន​ពូជ​អំបូរ​ពួក​កូន​ចៅ​យ៉ាកុប ដែល​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​លោក​នោះ​ថា ឈ្មោះ​ឯង​ត្រូវ​ហៅ​ថា អ៊ីស្រា‌អែល​វិញ

សូមអានជំពូកពេញលេញ ១ ពង្សាវតារក្សត្រ 18