គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សាវតារក្សត្រ 18:10-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​លោក​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា គ្មាន​សាសន៍​ណា ឬ​នគរ​ណា​មួយ ដែល​ចៅ‌ហ្វាយ​ខ្ញុំ​មិន​បាន​ចាត់​គេ​ឲ្យ​ទៅ​រក​លោក​នោះ​ឡើយ ហើយ​កាល​ណា​គេ​ថា លោក​មិន​នៅ​ទី​នេះ​ទេ នោះ​ទ្រង់​ក៏​ឲ្យ​ពួក​សាសន៍​នោះ ឬ​នគរ​នោះ​ស្បថ​ថា គេ​មិន​បាន​ឃើញ​លោក​មែន

11. ឥឡូវ​នេះ លោក​មាន​ប្រសាសន៍​ថា សូម​ទៅ​ទូល​ចៅ‌ហ្វាយ​របស់​អ្នក​ថា មើល អេលីយ៉ា​មក​ហើយ

12. រួច​កាល​ណា​ខ្ញុំ​ចេញ​ពី​លោក​ទៅ នោះ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​នឹង​យក​លោក​ទៅ​កន្លែង​ណា​ក៏​មិន​ដឹង ដូច្នេះ កាល​ខ្ញុំ​ទៅ​ទូល​ដល់​អ័ហាប់ ហើយ​ទ្រង់​រក​លោក​មិន​ឃើញ នោះ​ទ្រង់​នឹង​សំឡាប់​ខ្ញុំ​ចោល ប៉ុន្តែ​ខ្ញុំ​ប្របាទ​នេះ​បាន​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា តាំង​តែ​ពី​ក្មេង​មក

13. តើ​គេ​មិន​បាន​ជំរាប​ដល់​លោក ជា​ម្ចាស់​ខ្ញុំ​ទេ​ឬ​អី ពី​ការ​ដែល​ខ្ញុំ​បាន​ធ្វើ ក្នុង​កាល​ដែល​យេសិ‌បិល​សំឡាប់​ពួក​ហោរា​នៃ​ព្រះ‌យេហូវ៉ា ថា​ខ្ញុំ​បាន​បំពួន​ពួក​ហោរា​នៃ​ព្រះ‌យេហូវ៉ា ចំនួន​១០០​នាក់​នៅ​ក្នុង​រអាង​ភ្នំ ក្នុង​១​ពួកៗ​៥០​នាក់ ព្រម​ទាំង​ចិញ្ចឹម​គេ ដោយ​នំបុ័ង​ហើយ​ទឹក​ផង

14. ឥឡូវ​នេះ លោក​មាន​ប្រសាសន៍​ឲ្យ​ខ្ញុំ​ទៅ​ទូល​ចៅ‌ហ្វាយ​ថា មើល​អេលីយ៉ា​មក​ហើយ ដូច្នេះ ទ្រង់​នឹង​សំឡាប់​ខ្ញុំ​ជា​មិន​ខាន

15. តែ​អេលីយ៉ា​តប​ថា ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល​បរិវារ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ដែល​ខ្ញុំ​ឈរ​នៅ​ចំពោះ​ទ្រង់​ដែរ ថា នៅ​ថ្ងៃ​នេះ ខ្ញុំ​នឹង​បង្ហាញ​ខ្លួន ឲ្យ​ស្តេច​ឃើញ​ជា​ពិត​ប្រាកដ។

16. ដូច្នេះ អូបាឌា​ក៏​ទៅ​ជួប​នឹង​អ័ហាប់ ទូល​ឲ្យ​ទ្រង់​ជ្រាប រួច​អ័ហាប់​ទ្រង់​យាង​ទៅ​ជួប​នឹង​អេលីយ៉ា

17. កាល​អ័ហាប់​ឃើញ​អេលីយ៉ា​ហើយ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា ឱ​អ្នក​ដែល​ធ្វើ​ឲ្យ​មាន​សេចក្តី​វេទនា ដល់​ពួក​អ៊ីស្រា‌អែល​អើយ តើ​ឯង​ឬ​អី

18. តែ​លោក​ឆ្លើយ​ថា ទូល‌បង្គំ​មិន​បាន​ធ្វើ​ឲ្យ​ពួក​អ៊ីស្រា‌អែល​មាន​សេចក្តី​វេទនា​ទេ គឺ​ទ្រង់ និង​វង្សា‌នុវង្ស​នៃ​ព្រះ‌បិតា​ទ្រង់​វិញ​ទេ​តើ ពី​ព្រោះ​ទ្រង់​បាន​បោះ‌បង់​ចោល​អស់​ទាំង​បញ្ញត្ត​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ប្រតិ‌បត្តិ​តាម​ព្រះ‌បាល​វិញ

19. ដូច្នេះ ឥឡូវ​នេះ សូម​ចាត់​គេ​ទៅ​ប្រមូល​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​មក​ឯ​ទូល‌បង្គំ នៅ​ត្រង់​ភ្នំ​កើមែល ព្រម​ទាំង​ពួក​ហោរា​នៃ​ព្រះ‌បាល​ទាំង​៤៥០​នាក់ និង​ពួក​ហោរា​នៃ​រូប​ព្រះ​ទាំង​៤០០​នាក់ ដែល​បរិភោគ​នៅ​តុ​របស់​ព្រះ‌នាង​យេសិ‌បិល​មក​ផង។

20. អ័ហាប់​ក៏​ចាត់​គេ ឲ្យ​ទៅ​ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ បាន​ប្រមូល​ទាំង​ពួក​ហោរា​មក​ឯ​ភ្នំ​កើមែល​ដែរ

21. រួច​អេលីយ៉ា​ក៏​ចូល​ទៅ​ជិត​ពួក​ជន​សួរ​ថា តើ​អ្នក​រាល់​គ្នា​នៅ​តែ​ស្ទាក់‌ស្ទើរ​នា​កណ្តាល​ផ្លូវ​ទាំង​២​នេះ ដល់​កាល​ណា​ទៀត បើ​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ នោះ​ចូរ​ដើរ​តាម​ទ្រង់​ទៅ តែ​បើ​ព្រះ‌បាល​ជា​ព្រះ​វិញ នោះ​ចូរ​ប្រតិ‌បត្តិ​តាម​ចុះ តែ​ពួក​បណ្តា‌ជន​មិន​បាន​ឆ្លើយ សូម្បី​១​ម៉ាត់​ឡើយ

22. នោះ​អេលីយ៉ា​មាន​ប្រសាសន៍​ទៅ​បណ្តា‌ជន​ថា ក្នុង​ពួក​ហោរា​នៃ​ព្រះ‌យេហូវ៉ា នោះ​សល់​នៅ​តែ​ខ្ញុំ​ម្នាក់​ឯង​ទេ ឯ​ហោរា​របស់​ព្រះ‌បាល​វិញ មាន​ចំនួន​៤៥០​នាក់

23. ដូច្នេះ សូម​យក​គោ​ឈ្មោល​២​មក​ឲ្យ​យើង ឲ្យ​គេ​រើស​យក​១​សំរាប់​ពួក​គេ ហើយ​កាប់​ជា​ដុំៗ​ដាក់​លើ​ឧស​ទៅ តែ​កុំ​ឲ្យ​ដាក់​ភ្លើង​ឡើយ រួច​ខ្ញុំ​នឹង​រៀប​គោ​១​ទៀត​ដាក់​លើ​ឧស ឥត​ដាក់​ភ្លើង​ដែរ

24. ហើយ​ចូរ​ឲ្យ​អ្នក​រាល់​គ្នា​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ​របស់​អ្នក​រាល់​គ្នា​ចុះ ឯ​ក៏​ខ្ញុំ​នឹង​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​វិញ បើ​ព្រះ​ណា​ឆ្លើយ​មក​ដោយ‌សារ​ភ្លើង នោះ​ចូរ​ឲ្យ​រាប់​ព្រះ​នោះ​ទុក​ជា​ព្រះ​ពិត​ចុះ ពួក​បណ្តា‌ជន​ទាំង‌ឡាយ​ក៏​ឆ្លើយ​ឡើង​ថា ស្រួល​ហើយ។

25. ដូច្នេះ អេលីយ៉ា​ក៏​ប្រាប់​ដល់​ពួក​ហោរា​របស់​ព្រះ‌បាល​ថា ចូរ​រើស​គោ​១​សំរាប់​អ្នក​រាល់​គ្នា​ចុះ ហើយ​រៀប​ដាក់​ជា​មុន​ទៅ ដ្បិត​ខាង​អ្នក​រាល់​គ្នា​មាន​គ្នា​ច្រើន រួច​ចូរ​អំពាវ‌នាវ​ដល់​ព្រះ‌នាម​នៃ​ព្រះ​របស់​អ្នក​រាល់​គ្នា​ចុះ តែ​កុំ​ឲ្យ​ដាក់​ភ្លើង​ឡើយ

សូមអានជំពូកពេញលេញ ១ ពង្សាវតារក្សត្រ 18