គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សាវតារក្សត្រ 16:8-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. លុះ​ដល់​ឆ្នាំ​ទី​២៦ ក្នុង​រាជ្យ​អេសា ជា​ស្តេច​យូដា នោះ​អេឡា ជា​កូន​ប្អាសា ចាប់​តាំង​សោយ‌រាជ្យ​ឡើង លើ​ស្រុក​អ៊ីស្រា‌អែល​នៅ​ក្រុង​ធើសា ក៏​សោយ‌រាជ្យ​បាន​២​ឆ្នាំ

9. រួច​ស៊ីមរី ជា​មេ‌ទ័ព​រស់​ទ្រង់ ដែល​ត្រួត​លើ​រទេះ​ចំបាំង​ទ្រង់​ពាក់​កណ្តាល លោក​បាន​ក្បត់​ទ្រង់ រីឯ​កាល​ទ្រង់​គង់​នៅ​ក្រុង​ធើសា កំពុង​តែ​សោយ​ស្រា​ស្រវឹង ក្នុង​ផ្ទះ​របស់​អើសា ជា​ឧកញ៉ា​វាំង​នៅ​ក្រុង​ធើសា

10. នោះ​ស៊ីមរី​ក៏​ចូល​ទៅ​ធ្វើ​គុត​ទ្រង់ ក្នុង​ឆ្នាំ​ទី​២៧​នៃ​រាជ្យ​អេសា ជា​ស្តេច​យូដា រួច​សោយ‌រាជ្យ​ឡើង​ជំនួស​ទ្រង់

11. លុះ​បាន​គង់​លើ​បល្ល័ង្ក​សោយ‌រាជ្យ​ឡើង​ហើយ នោះ​ក៏​ប្រហារ​ជីវិត​នៃ​វង្សា‌នុវង្ស​របស់​ប្អាសា​ទាំង​អស់​ទៅ ឥត​ទុក​ពួក​ប្រុសៗ​ណា​មួយ​ខាង​ប្អាសា ទោះ​ទាំង​វង្សា ឬ​ជា​មិត្រ​សំឡាញ់​របស់​ទ្រង់ ឲ្យ​នៅ​សល់​ឡើយ

12. គឺ​យ៉ាង​នោះ​ដែល​ស៊ីមរី​បាន​រំលាយ​ពួក​វង្ស​របស់​ប្អាសា​ទាំង​អស់​ទៅ តាម​សេចក្តី​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ទាស់​នឹង​ប្អាសា ដោយ‌សារ​ហោរា​យេហ៊ូវ

13. ដោយ​ព្រោះ​អំពើ​បាប​របស់​ប្អាសា និង​អំពើ​បាប​របស់​អេឡា ជា​បុត្រ​ទ្រង់ ដែល​ទ្រង់​បាន​ប្រព្រឹត្ត ព្រម​ទាំង​បណ្តាល​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​ដែរ ជា​ការ​ដែល​នាំ​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អ៊ីស្រា‌អែល មាន​សេចក្តី​ក្រោធ​ដោយ‌សារ​របស់​ជា​អសារ​ឥត​ការ​របស់​គេ

14. រីឯ​ដំណើរ​ឯ​ទៀត​ពី​អេឡា និង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ។

15. លុះ​ដល់​ឆ្នាំ​ទី​២៧ ក្នុង​រាជ្យ​អេសា ជា​ស្តេច​យូដា នោះ​ស៊ីមរី​បាន​សោយ‌រាជ្យ​អស់​៧​ថ្ងៃ នៅ​ក្រុង​ធើសា រីឯ​ពួក​ពល‌ទ័ព គេ​កំពុង​តែ​ច្បាំង​នឹង​គីបថោន ជា​ទី​ក្រុង​របស់​ពួក​ភីលីស្ទីន

សូមអានជំពូកពេញលេញ ១ ពង្សាវតារក្សត្រ 16