គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សាវតារក្សត្រ 16:18-32 ព្រះគម្ពីរបរិសុទ្ធ (KHOV)

18. កាល​ស៊ីមរី​បាន​ឃើញ​ថា គេ​ចាប់​បាន​ទី​ក្រុង​ហើយ នោះ​ក៏​ចូល​ទៅ​ក្នុង​ដំណាក់​ស្តេច ក្នុង​រាជ‌វាំង រួច​ដុត​ដំណាក់ ហើយ​ខ្លួន​ក៏​ស្លាប់​ក្នុង​ភ្លើង​នោះ​ទៅ

19. ដោយ​ព្រោះ​អំពើ​បាប​ដែល​បាន​ធ្វើ ដោយ​ប្រព្រឹត្ត​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ដើរ​តាម​ផ្លូវ​នឹង​អំពើ​បាប ដែល​យេរ៉ូ‌បោម​បាន​ធ្វើ ជា​ការ​ដែល​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​តាម​ដែរ

20. រីឯ​ដំណើរ​ឯ​ទៀត​ពី​ស៊ីមរី និង​ការ​ដែល​លោក​ក្បត់ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ។

21. គ្រា​នោះ ប្រជា‌ជន​ទាំង‌ឡាយ ជា​សាសន៍​អ៊ីស្រា‌អែល គេ​បែក​គ្នា​ជា​២​ពួក ពួក​១​កាន់​ខាង​ធីបនី ជា​កូន​គីណាត ប្រាថ្នា​នឹង​លើក​ឡើង​ជា​ស្តេច ហើយ​ពួក​១​ទៀត​កាន់​ខាង​អំរី

22. តែ​បណ្តា‌ជន​ដែល​ចូល​ដៃ​ខាង​អំរី គេ​ឈ្នះ​ពួក​ខាង​ធីបនី​ជា​កូន​គីណាត ដូច្នេះ​ធីបនី​ក៏​ស្លាប់​ទៅ ហើយ​អំរី​សោយ‌រាជ្យ​ឡើង។

23. គឺ​នៅ​ឆ្នាំ​ទី​៣១ ក្នុង​រាជ្យ​អេសា ជា​ស្តេច​យូដា ដែល​អំរី​ចាប់​តាំង​សោយ‌រាជ្យ​ឡើង​លើ​ស្រុក​អ៊ីស្រា‌អែល ក៏​សោយ‌រាជ្យ​បាន​១២​ឆ្នាំ ទ្រង់​សោយ‌រាជ្យ​នៅ​ក្រុង​ធើសា​បាន​៦​ឆ្នាំ

24. រួច​ទ្រង់​ទិញ​ភ្នំ​សាម៉ារី​ពី​សេមើរ ដំឡៃ​២​ហាប​ប្រាក់ ទ្រង់​ក៏​សង់​ទី​ក្រុង​នៅ​លើ​ភ្នំ​នោះ ឲ្យ​ឈ្មោះ​ថា សាម៉ារី តាម​ឈ្មោះ​សេមើរ​ជា​ម្ចាស់​ភ្នំ

25. ឯ​អំរី​ទ្រង់​ប្រព្រឹត្ត​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ក៏​ធ្វើ​អាក្រក់​លើស​ជាង​អស់​អ្នក​ណា​ដែល​នៅ​មុន​ទ្រង់​ទៅ​ទៀត

26. ដ្បិត​ទ្រង់​បាន​ប្រតិ‌បត្តិ​តាម​អស់​ទាំង​ផ្លូវ និង​អំពើ​បាប របស់​យេរ៉ូ‌បោម ជា​កូន​នេបាត ជា​អ្នក​ដែល​បណ្តាល​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​តាម​ដែរ គឺ​ជា​ការ​ដែល​នាំ​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អ៊ីស្រា‌អែល​មាន​សេចក្តី​ក្រោធ ដោយ‌សារ​របស់​ជា​អសារ​ឥត​ការ​របស់​គេ

27. រីឯ​ដំណើរ​ឯ​ទៀត ដែល​អំរី​ធ្វើ និង​អំណាច​ទ្រង់ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ

28. អំរី​ក៏​ផ្ទំ​លក់ ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់​ទៅ ហើយ​គេ​បញ្ចុះ​ទ្រង់​នៅ​ក្នុង​ក្រុង​សាម៉ារី រួច​អ័ហាប់ ជា​ព្រះ‌រាជ‌បុត្រា បាន​សោយ‌រាជ្យ​ឡើង​ជំនួស​បិតា។

29. លុះ​ដល់​ឆ្នាំ​ទី​៣៨ ក្នុង​រាជ្យ​អេសា ជា​ស្តេច​យូដា នោះ​អ័ហាប់ ជា​បុត្រ​អំរី ចាប់​តាំង​សោយ‌រាជ្យ​ឡើង​លើ​ស្រុក​អ៊ីស្រា‌អែល ទ្រង់​គ្រង​រាជ្យ​លើ​ពួក​អ៊ីស្រា‌អែល នៅ​ក្រុង​សាម៉ារី​បាន​២២​ឆ្នាំ

30. អ័ហាប់ ជា​បុត្រ​អំរី ទ្រង់​ប្រព្រឹត្ត​លាមក​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា លើស​ជាង​អស់​អ្នក​ណា​ដែល​នៅ​មុន​ទ្រង់​ទៅ​ទៀត

31. ទ្រង់​ក៏​យក​នាង​យេសិ‌បិល ជា​បុត្រី​អេត‌បាល ស្តេច​ពួក​ស៊ីដូន ធ្វើ​ជា​ភរិយា ព្រម​ទាំង​ទៅ​គោរព​ប្រតិ‌បត្តិ​ថ្វាយ‌បង្គំ​ដល់​ព្រះ‌បាល​ផង ទុក​ដូច​ជា​ការ ដែល​ទ្រង់​ប្រព្រឹត្ត តាម​អំពើ​បាប​របស់​យេរ៉ូ‌បោម ជា​បុត្រ​នេបាត​នោះ ជា​ការ​យ៉ាង​ស្រាល​វិញ

32. ទ្រង់​ក៏​ស្អាង​អាស‌នា​មួយ ថ្វាយ​ព្រះ‌បាល នៅ​ក្នុង​វិហារ​ព្រះ‌បាល​ដែល​ទ្រង់​បាន​ស្អាង​នៅ​ក្រុង​សាម៉ារី

សូមអានជំពូកពេញលេញ ១ ពង្សាវតារក្សត្រ 16